សម្តេចតេជោ ហ៊ុន សែន ផ្តល់សិទ្ធិឱ្យរដ្ឋមន្ត្រី និងអភិបាលរាជធានីខេត្ត បិទក្រសួង បិទសាលា បិទអាហារដ្ឋាន ឬទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍ «ភរិយាអគ្គនាយកពន្ធនាគារ» និងអំពាវនាវពលរដ្ឋទៅធ្វើតេស្តរកមេរោគដោយមិនអស់ប្រាក់

ចែករំលែក៖

សៀមរាប៖ ដើម្បីអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារណែនាំជាពិសេសថ្មីមួយទៀត ដោយបានណែនាំឱ្យរដ្ឋមន្ត្រី និងអភិបាលរាជធានី-ខេត្ត មានសិទ្ធិបិទផ្នែកខ្លះនៃក្រសួង ឬបិទក្រសួង ក៏ដូចជាបិទសាលារៀន បិទអាហារដ្ឋាន ភោជនីយដ្ឋាន ឬទីតាំងមួយចំនួន ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «ភរិយាអគ្គនាយកពន្ធនាគារ» ជាព្រឹត្តិការណ៍ឆ្លងកូវីដ១៩ ឆ្លងចូលសហគមន៍ជាលើកដំបូងនោះ។

ក្នុងសារពិសេសផ្ញើជូនប្រជាពលរដ្ឋនៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ «ភរិយាអគ្គនាយកពន្ធនាគារ» បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុប ៨នាក់ហើយ។ សម្តេចតេជោ បានចាត់ទុកព្រឹត្តិការណ៍នេះ ជាបញ្ហាធ្ងន់ធ្ងរណាស់សម្រាប់កម្ពុជា ក្នុងរយៈពេល១១ខែ ដែលបានឆ្លងកាត់តាំងពីដើមឆ្នាំមកនោះ។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចបានសម្រេចឱ្យសម្តេចក្រឡាហោម ស ខេង ពិនិត្យ និងសម្រេចក្នុងការបិទផ្នែកណាខ្លះ ឬក្រសួងតែម្តង ដើម្បីទប់ស្កាត់ការរីកសាយភាយជំងឺកូវីដ១៩ ហើយជំនួសឱ្យមន្ត្រីធ្វើការពីផ្ទះមកវិញ។

ក្រៅពីការផ្តល់សិទ្ធិឱ្យសម្តេចក្រឡាហោម ស ខេង ហើយនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានរដ្ឋមន្ត្រី មន្ត្រីមន្ត្រីជាន់ខ្ពស់ក្រសួងនានា ក៏ដូចជាខេត្តមួយចំនួនទៀត ក៏បានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះផងដែរ ដូច្នេះសម្តេចក៏សម្រេចផ្តល់សិទ្ធិឱ្យរដ្ឋមន្ត្រី អភិបាលរាជធានី ខេត្តជាប់ពាក់ព័ន្ធព្រឹត្តិការណ៍នេះ មានសិទ្ធិចាត់ចែងក្នុងការបិទក្រសួង ឬផ្នែកខ្លះ ក៏ដូចជាបិទសាលា បិទអាហារដ្ឋាន ភោជនីយដ្ឋាន និងទីតាំងដទៃទៀត ដែលជាប់ពាក់ព័ន្ធផងដែរ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ក្រៅពីសម្តេចក្រឡាហោម នៅមានរដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់ រដ្ឋមន្ត្រីទេសចរណ៍ ថោង ខុន រដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធ និងមានរដ្ឋលេខាធិការ និងមន្ត្រីមួយចំនួនផ្សេងទៀត ដែលមានការពាក់ព័ន្ធ។ ក្នុងនោះឥឡូវនេះយើងបានសង្កេតឃើញថា បើមានថ្នាក់រដ្ឋមន្ត្រីជាប់ពាក់ព័ន្ធបែបនេះ ច្បាស់ជាមានមន្ត្រីខាងក្រោម។ ដូច្នេះហើយបានជាខ្ញុំ សូមផ្តល់អំណាចនេះទៅឱ្យរដ្ឋមន្ត្រីពិនិត្យមើលផ្នែកពាក់ព័ន្ធទាំងឡាយ ផ្នែកណាខ្លះដែលចាំបាច់ត្រូវចូលធ្វើការ ហើយផ្នែកណាខ្លះដែលអាចធ្វើការពីផ្ទះ ដែលផ្តល់ឱកាសនេះសម្រាប់ឱ្យបានថែទាំខ្លួនក្នុងការធ្វើចត្តាឡីស័ក ហើយជាពិសេស គឺសុំឱ្យមានការស្ម័គ្រចិត្តទៅយកសំណាក»

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់សិទ្ធិដល់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ក្នុងការពិនិត្យ និងសម្រេចបិទសាលាដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះផងដែរ។

ក្នុងសារសំឡេងនៅយប់នេះសម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋដឹងថាខ្លួនជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ត្រូវនាំគ្នាទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងដូច្នេះ «សូមអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានដឹងខ្លួនថាមានជាប់ការពាក់ព័ន្ធ ឬអាចឆ្លងកាត់តំបន់ ដែលឯកឧត្តមអគ្គនាយក ក៏ដូចជាអ្នកដឹកនាំមួយចំនួនបានធ្វើដំណើរឆ្លងកាត់ ក៏ដូចជាភរិយាឯកឧត្តមអគ្គនាយកពន្ធនាគារធ្វើដំណើរឆ្លងកាត់ មានការភ្ញាក់រលឹកទៅរកកន្លែងទៅធ្វើតេស្តរកនូវមេរោគនេះ ហើយអាចនឹងដាក់ខ្លួនធ្វើចត្តាឡីស័កតែម្តង។ នេះជាវិធីតែមួយគត់ ដែលអាចសង្គ្រោះសាមីខ្លួនមិនឱ្យឆ្លងកូវីដ១៩ ហើយមិនយកកូវីដ១៩ ទៅចម្លងអ្នកដទៃ»

សម្តេចតេជោ បានសូមឱ្យប្រជាពលរដ្ឋកុំមានការព្រួយបារម្ភរឿងអស់លុយថ្លៃធ្វើតេស្តរកមេរោគនេះ គឺជាបន្ទុកទាំងស្រុងរបស់រាជរដ្ឋាភិបាល។ «ហើយកុំព្រួយថានឹងមានការយកលុយយកកាក់ពីសំណាក់ប្រជាពលរដ្ឋឱ្យសោះ។ គ្មាននរណា មានសិទ្ធិដើម្បីនឹងទទួលយកប្រាក់ពីប្រជាពលរដ្ឋសម្រាប់ការធ្វើតេស្តរកមេរោគកូវីដនោះទេ។ អ្វីដែលរាជរដ្ឋាភិបាលត្រូវការ គឺឱ្យបងប្អូនមានសុវត្ថិភាព ធានាបានអាយុជីវិត និងមិនមានការឆ្លងរាលដាលនៅក្នុងប្រទេសរបស់យើង»

បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋកុំភ័យស្លន់ស្លោ ត្រូវគ្រប់គ្រងទៅលើសភាពការណ៍នេះ ដោយភាពម្ចាស់ការ។ ប៉ុន្តែម្ខាងទៀតត្រូវតែមានការប្រុងប្រយ័ត្ន ដោយអ្នកមិនទាន់ពាក់ព័ន្ធមិនត្រូវចូលទៅរកការពាក់ព័ន្ធ ហើយអ្នកមានការពាក់ព័ន្ធត្រូវភ្ញាក់រលឹកទៅរកគ្រូពេទ្យនៅទីកន្លែងកំពុងធ្វើតេស្ត។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងដែរថា សម្រាប់អ្នកដែលមិនមានកន្លែងធ្វើចត្តាឡីស័ក គឺក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ រៀបចំសណ្ឋាគារសុខាសម្រាប់ធ្វើចត្តាឡីស័ក។

សូមបញ្ជាក់ថា ពាក់ព័ន្ធព្រឹត្តិការណ៍ឆ្លងកូវីដ១៩ចូលក្នុងសហគមន៍នេះ សម្រាប់រាជធានីភ្នំពេញ ក្រសួងបានរៀបចំកន្លែងធ្វើចត្តាចំនួន៣កន្លែង នៅផ្សារទំនើបអ៉ីអន នៅក្រសួងមហាផ្ទៃ និងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានមនុស្សជាង ៣ពាន់នាក់ហើយ ត្រូវបានយកសំណាក់រកជំងឺកូវីដ១៩៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print