រុឺម៉កម៉ូតូបើកមិនមានភ្លើងបំភ្លឺផ្លូវត្រូវម៉ូតូបុកពីក្រោយរងរបួសធ្ងន់ម្នាក់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាកម្មកររោងចក្រម្នាក់បានរងរបួសបាក់ជើងធ្ងន់សន្លប់ស្តូកស្តឹងនោនឹងកន្លែងខណៈដែលជិះម៉ូតូបុកគូទុរឺម៉កម៉ូតូដែលគ្មានភ្លើងបំភ្លឺផ្លូវយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ដឹកទៅកាន់មន្ទីរពេទ្យស្រុកស្វាយទាប។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣៨និង១៣៩  ស្ថិតនៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ម៉ៃ ចាន់  អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃទទឹង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ ១BP -៣១៥៣  ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើកម៉ូតូរ៉ឺម៉កបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយពីកើតហេតុបានរត់គេចខ្លួនបន្សល់តែម៉ូតូកូរ៉េម៉ាកស៊ីទីពណ៌ក្រហម គ្មានស្លាកលេខ នៅនឹងកន្លែង។

បើតាមសមត្ថកិច្ចបានបញ្ជាក់ទៀតថាមុនពេលកើតហេតុមានបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ ១BP-៣១៥៣ ក្នុងទិសដៅពីកើតទៅលិចលើផ្លូវជាតិលេខ១ហើយក៏ស្រាប់តែជ្រុលទៅបុកម៉ូតូរ៉ឺម៉កមួយគ្រឿងដែលមិនមានភ្លើងបំភ្លឺផ្លូវក្នុងទិសដៅស្របគ្នា យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុអ្នករងរបួសត្រូវបានសមត្ថកិច្ចដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ចំណែកឯម៉ូតូនិងម៉ូតូរ៉ឺម៉កទាំងពីរគ្រឿងនគរបាលជំនាញវាស់វែងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយ៕ ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print