សេចក្តីណែនាំស្តីពី ការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹតិ្តការណ៍ «សហគមន៍ ២៨វិច្ឆិកា»នៅទីស្តីការគណៈរដ្ឋមន្រ្តី និងតាមបណ្ដាអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្រ្តី

ចែករំលែក៖

ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីណែនាំ ស្តីពីការ ការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា” នៅទីស្តីការគណៈរដ្ឋមន្ត្រី និងតាមបណ្តាអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី កន្លងមក ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីណែនាំលេខ ០១ សណន ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២០ សេចក្តីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ និងលិខិតលេខ ៩៨០ សជណ.រប ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីអនុវត្តវិធានការនានាក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។

យោងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចូលរួមចំណែកបង្ការនិងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ទីស្ដីការ គណៈរដ្ឋមន្ត្រីសូមធ្វើការណែនាំដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករទាំងអស់ក្នុងទីស្តីការគណៈរដ្ឋមន្ត្រី និងតាមបណ្តាអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ដូចខាងក្រោម៖

១-អ្នកទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្ដី និងដោយប្រយោលក្តីទៅនឹងព្រឹត្តិការណ៍ -សហគមន៍ ២៨ វិច្ឆិកា» ត្រូវសម្រាកពីការងារមួយរយៈសិន ដើម្បីធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងអញ្ជើញទៅធ្វើតេស្តនៅតាមទីតាំងនិងពេលវេលាដែលបានកំណត់ ព្រមទាំងត្រូវអនុវត្តឱ្យបានត្រឹម ត្រូវតាមវិធានការនានារបស់ក្រសួងសុខាភិបាល។ ក្នុងករណីផ្ទះសម្បែងមានលក្ខណៈតូចចង្អៀត ឬ គ្មានទីកន្លែងសមស្របសម្រាប់ការធ្វើចត្តាឡីស័កទេនោះ ត្រូវទាក់ទងជាបន្ទាន់ទៅក្រសួងសុខាភិបាល ឬរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញ។

២- ផ្កាករាល់កិច្ចប្រជុំនានានៅទីស្តីការគណៈរដ្ឋមន្ត្រី រយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ តទៅ លើកលែងតែមានករណីចាំបាច់ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកកិត្តិនីតិកោសល បណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

៣-អង្គភាពនីមួយៗត្រូវរៀបចំឱ្យមានការផ្លាស់វេនគ្នាមកធ្វើការប្រចាំថ្ងៃ ដោយធ្វើការបែងចែកក្នុង១ក្រុម មានគ្នាយ៉ាងច្រើន ៣០% នៃចំនួនមន្ត្រីក្នុងអង្គភាព។ ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងឡាយណា ដែលមិនមានវេនត្រូវមកកន្លែងធ្វើការ សូមស្ថិតនៅក្នុងផ្ទះបំពេញភារកិច្ចរៀងៗខ្លួន តាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន (អនឡាញ) និងកុំធ្វើដំណើរទៅទីឆ្ងាយប្រសិនបើគ្មានការចាំបាច់បន្ទាន់។ ដោយឡែករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងថ្នាក់ប្រហាក់ប្រហែលដែលត្រូវ សម្រេច ត្រូវមានវត្តមានជាចាំបាច់នៅក្នុងការិយាល័យជារៀងរាល់ថ្ងៃធ្វើការ។

៤-គ្រប់ច្រកចេញចូលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងតាមបណ្តាអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ទាំងអស់ ត្រូវរៀបចំឱ្យមានសន្តិសុខ មន្ត្រីប្រចាំការ ដើម្បីស្ដែនវាស់កំដៅនូវរាល់អ្នកចេញចូលទាំងអស់ ជាប្រចាំទាំងពេលចូលនិងពេលចេញទៅវិញ ដោយគ្មានការលើកលែងជាដាច់ខាត។ ក្នុងករណីពិនិត្យ ឃើញថា មានបុគ្គលណាមានកំដៅចាប់ពី ៣៧,៥ អង្សាសេឡើងទៅ គឺ មិនត្រូវអនុញ្ញាតឱ្យចូលឡើយ និងត្រូវណែនាំសាមីខ្លួនទំនាក់ទំនងជាមួយក្រសួងសុខាភិបាលតាមទូរស័ព្ទលេខ ១១៥ ដើម្បីយក សំណាកទៅធ្វើតេស្តជាបន្ទាន់។

៥- ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវពាក់ម៉ាស លាងដៃជាមួយទឹកសាប៊ូ ទឹកអាល់កុល ឬដែល និងពាក់ស្រោមដៃរាល់ពេលចរាចរឯកសារ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print