ក្មេងប្រុសជនជាតិខ្មែរវ័យជំទង់អាយុ១៥ឆ្នាំម្នាក់រស់នៅប្រទេសអូស្ត្រាលីត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទចាក់សម្លាប់ម្តាយខ្លួនឯង និងធ្វើឲ្យលោកយាយ ព្រមទាំងប្អូនស្រីអាយុ៣ឆ្នាំម្នាក់រងរបួស។
តាមសារព័ត៌មាន Dailymail ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១ខែធ្នូ ឆ្នាំ២០២០ថា ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា ទេព ចាន់ណា អាយុ៤២ឆ្នាំស្លាប់ ក្រោយពីអំពើហិង្សាបានផ្ទុះឡើងនៅក្នុងផ្ទះស្ថិតក្នុងទីក្រុងមែលប៊ន។ ចំណែកក្មេងស្រីរងរបួសមានអាយុ៣ឆ្នាំនិងលោកយាយអាយុ៧០ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរងរបួសធ្ងន់។
ហេតុការណ៍ដ៏ឃោរឃៅនេះកើតឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី៣០ខែវិច្ឆិកា ហើយស្ត្រីជាម្តាយរងរបួសធ្ងន់បានស្លាប់ពេលទៅដល់មន្ទីរពេទ្យ ។ ចំណែកលោកយាយនិងក្មេងស្រីអាយុ៣ឆ្នាំកំពុងសង្គ្រោះបន្ទាន់ផងដែរ។
ចំណែកក្មេងជំទង់អាយុ១៥ឆ្នាំក៏រងរបួសធ្ងន់ផងដែរ ហើយប៉ូលិសក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាល ក្រោមការការពារយ៉ាងតឹងតែងបំផុត។
តាមសារព័ត៌មាន Daily Mailបានផ្សាយថា គ្រួសារជនជាតិខ្មែរបានរស់នៅក្នុងផ្ទះនោះរាប់សិបឆ្នាំមកហើយ ដោយមិនមានជម្លោះ ណាមួយកើតឡើងឡើយគឺរស់នៅយ៉ាងសុខសាន្ត ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែគ្រួសារមិនចុះសម្រុងនិងគ្នាបានធ្វើឲ្យប្តីប្រពន្ធលែងលះគ្នា ។ វិបត្តិគ្រួសារជាហេតុបង្កឲ្យមានសោកនាដកម្មកើតឡើង។
ប៉ូលិសក៏បានបើកការស្រាវជ្រាវពីមូលហេតុបង្កឲ្យមានអំពើហិង្សាគួរឲ្យរន្ធត់ខាងលើកើតឡើង៕
រូបភាព៖ Daily mail