អំពើប្លន់ធនាគារដូចក្នុងរឿងភាពយន្ត បង្កឡើងដោយក្រុមចោរមានគ្នា៣០នាក់ប្រើរំសេវបំផ្ទុះ ទូដែកដើម្បីយកប្រាក់ ហើយក៏បានបាញ់ប្រហារទៅលើកម្លាំងប៉ូលិសដែលតាមចាប់ពួកគេពីការគេចខ្លួន។
សារព័ត៌មានរ៉យទ័របានផ្សាយថា ករណីប្លន់ខាងលើកើតឡើងតាំងពីថ្ងៃទី៣០ខែវិច្ឆិកា នៅក្នុងធនាគារមួយនៅភាគខាងត្បូងប្រទេសប្រេស៊ីល។ ការបាញ់ប្រហារប្លន់ខាងលើបណ្តាលឲ្យមានមនុស្ស២នាក់រងរបួស។ ក្នុងពេលរត់គេចពីការតាមចាប់របស់កម្លាំងប៉ូលិសនិងពលរដ្ឋ ក្រុមចោរក៏បានបាញ់តដៃ ហើយមិនតែប៉ុណ្ណោះ ក្រុមចោរប្លន់ក៏បានបាចលុយតាមផ្លូវឲ្យពលរដ្ឋចេញមករើសដើម្បីរារាំងដំណើររបស់ក្រុមសន្តិសុខផងដែរ។
ករណីប្លន់ធនាគារខាងលើ កើតឡើងនៅទីក្រុងCriciúma ភាគខាងត្បូងប្រទេសប្រេស៊ីល។ កម្លាំងប៉ូលិសនិងក្រុមចោរប្លន់បានប៉ះទង្គិចគ្នាដោយអាវុធរយៈពេលជាង២ម៉ោង បណ្តាលឲ្យប៉ូលិសពីរនាក់រងរបួស។
មន្ត្រីក្នុងទីក្រុងCriciúma បានប្រកាសថា ទឹកប្រាក់ដែលក្រុមចោរប្លន់បានយកទៅគឺមានចំនួន១៥២ពាន់ដុល្លារ ។ ប្រេស៊ីល ជាប្រទេសមានប្រវត្តិប្លន់ធនាគារល្បីបំផុតលើពិភពលោក ។ ក្រុមអ្នកវិនិយោគធនាគារនៅប្រេស៊ីលបារម្ភយ៉ាងខ្លាំងពីការបាញ់ប្រហារប្លន់ធនាគារ ហើយកម្លាំងសន្តិសុខមិនអាចទប់ស្កាត់បានឡើយ៕ ដោយ៖ធីរីណា
https://youtu.be/Ctfr0TQdDts
រូបភាព៖ Reuters