ភ្នំពេញ៖ ក្រោយពីមានព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានផ្ទុះឡើង នៅយប់ថ្ងៃទី១ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញម៉ាសចំនួន២លានបន្ថែមទៀតសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដោយ១លានសម្រាប់រាជធានីភ្នំពេញ និង ១លានម៉ាស់ទៀតសម្រាប់ខេត្តសៀមរាប។ នេះជាលើកទី២ហើយដែលសម្តេច តេជោ បានបញ្ចេញម៉ាសចែកជូនដល់ពលរដ្ឋ ដោយកាលពីលើកទី១ សម្តេចក៏បានបញ្ចេញម៉ាសចំនួន២លានដូចគ្នាដែរ។
នៅយប់ថ្ងៃដដែលនេះ ដោយបានទទួលភារកិច្ចពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញប្រតិបត្តិការជួយដឹកជញ្ជូនម៉ាសចេញពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឆ្ពោះទៅសាលារាជធានីភ្នំពេញសម្រាប់ចែកជូនប្រជាពលរដ្ឋ។
ព្រមជាមួយគ្នានេះផងដែរ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ដោយមិនបង្អង់យូរ លោក ឃួង ស្រេង និង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំក្រុមការងារដោយផ្ទាល់ចុះធ្វើការចែកម៉ាសជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រជាច្រើនក្នុងរាជធានីភ្នំពេញជាបណ្ដើរៗ និងឆ្លៀតឱកាសធ្វើការផ្សព្វផ្សាយសេចក្ដីណែនាំ តាមរយៈសារសំឡេងដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចងក្រងឡើង ចាក់ផ្សាយតាមឧគ្ឃោសនស័ព្ទបំពាក់នៅលើម៉ូតូកង់បីរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្តីពីការ បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ដើម្បីរំលឹកដល់ពលរដ្ឋទូទៅ ឲ្យចូលរួមបង្ការ ទប់ស្កាត់ នូវជំងឺដ៏កាចសាហាវមួយនេះទាំងអស់គ្នា៕
ដោយ៖ ចន្ទ លីហ្សា