ក្រសួងសុខាភិបាល អនុញ្ញាតឲ្យបើកដំណើរការសណ្ឋាគារភ្នំពេញដូចធម្មតាវិញ បន្ទាប់ពីបិទអស់រយៈពេល៤ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាតឲ្យសណ្ឋាគារភ្នំពេញ បើកដំណើរការដូចធម្មតាវិញហើយ បន្ទាប់ពីសម្រេចបិទ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ដោយរកឃើញជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា»។ នេះបើតាមការលើកឡើងពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។

លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់ថា៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ក្រសួងសុខាភិបាល បានសម្រេចឲ្យបិទសណ្ឋាគារភ្នំពេញ ដោយហេតុផលថា អគ្គនាយកពន្ធនាគារលោក ឆែម សាវុធ បានទៅហាត់ប្រាណ និងហែលទឹកនៅនោះ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ដោយឡែកផ្សារអុីអន ១ បានបើកដំណើរការឡើងវិញកាលពីម្សិលមុិញ។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានអ្នកឆ្លងវីរុសកូវីដ-១៩ មានចំនួនសរុប ៣៣១នាក់ (ស្រី៧៦នាក់ និងបុរស ២៥៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ២៧នាក់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print