ថ្ងៃនេះក្រសួងសុខាភិបាល សម្រេចបិទអគារកាណាឌីយ៉ា បន្ទាប់ពីរកឃើញបុគ្គលិកធនាគារចិនម្នាក់មានផ្ទុកមេរោគកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរយៈពេលខ្លីសិន បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ១៩ ដោយយោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ។ លោកស្រីរដ្ឋលេខាធិការ ក្រសួងសុខាភិបាលសូមប្រកាសជូនសាធារណៈជ្រាបថា ៖ កាលពីយប់មិញក្រសួងបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលការិយាល័យធនាគារចិននេះ មានទីតាំងនៅក្នុងអគារកាណាឌីយ៉ាតែម្តង ដូច្នេះក្រសួងស្នើសុំបិទអគារបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោគ។ អ្នកស្រីសូមបញ្ជាក់ថា បុរសជាបុគ្គលិកធនាគារចិនខាងលើនេះ មានទីលំនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកស្រី យក់ សម្បត្តិ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការពាក់ម៉ាសជាការចាំបាច់បំផុតនៅពេលធ្វើដំណើរចេញក្រៅ និងឧស្សាហ៍លាងដៃឲ្យបានញឹកញាប់ជាមួយទឹកអាគុល និងសាប៊ូ ព្រោះការពាក់ម៉ាស និងលាងដៃជាវិធីដ៏ល្អសម្រាប់ការការពារដល់ខ្លួនយើង និងអ្នកដទៃពីជំងឺដ៏កាចសាហាវនេះ។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានអ្នកឆ្លងវីរុសកូវីដ-១៩ មានចំនួនសរុប ៣៣១នាក់ (ស្រី៧៦នាក់ និងបុរស ២៥៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ២៧នាក់។
ដោយឡែក ក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាតឲ្យសណ្ឋាគារភ្នំពេញ បើកដំណើរការដូចធម្មតាវិញហើយ បន្ទាប់ពីសម្រេចបិទ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ដោយរកឃើញជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា»។ នេះបើតាមការលើកឡើងពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print