ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអោយដឹងនៅរសៀលថ្ងៃទី៣ខែធ្នូឆ្នាំ២០២០នេះថា សមត្ថកិច្ចបានរកឃើញបុគ្គលម្នាក់ដែលបង្ខូចកិត្តិយសអាជ្ញាធរក៏ដូចជារដ្ឋបាលស្រុករមាសហែកជំុវិញការបំផ្លើសព័ត៌មានប្រឌិតដោយចោទថាប្រជាពលរដ្ឋស្រុករមាសហែក ឆ្លងកូវីដ-១៩ និងបានអប់រំធ្វើកិច្ចសន្យាទទួលកំហុសនៅថ្ងៃដដែលនេះផងដែរ។
ខាងក្រោមនេះជាការសារភាពរបស់បុគ្គលរូបនេះ ដោយមានខ្លឹមសារដូចតទៅ ខ្ញុំបាទឈ្មោះ សូវ សុខា អាយុ ១៩ឆ្នាំ មានទីលំនៅនៅភូមិពពេល ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង
ដែលមាន account facebook ឈ្មោះ Sokha (លន់ នល់) ។
សូមគោរព និងសូមអភ័យទោសដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នូវកំហុសឆ្គងរបស់ខ្ញុំបាទដែលបានសរសេរបង្ហោះសារ នូវពាក្យអសុរោះមួយចំនួន នៅការបង្ហោះសាររបស់ផេក យុវជនប្រតិកម្មរហ័សខេត្តស្វាយរៀង និងការបំភ្លឺរបស់រដ្ឋបាលស្រុករមាសហែក ជុំវិញករណីថាមានអ្នកឆ្លងកូវីដ-១៩ នៅស្រុករមាសហែក។
ដោយរូបខ្ញុំបាទមានការយល់ដឹងនៅមានកំរិត ដោយមិនបានគិតពិចារណាច្បាស់លាស់ក៏ប្រព្រឹត្តនូវកំហុសឆ្គងដូចខាងលើ (មានរូបភាពជាមួយស្រាប់)។
ចាប់ពីពេលនេះតទៅខ្ញុំបាទ សូមសន្យាថានឹងឈប់ប្រព្រឹត្តនឹងឈប់សរសេរសារនៅព័ត៌មានណាដែលមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម ប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អាជ្ញាធរ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងសន្តិសុខជាតិទៀតហើយ។
រាល់ករណីជំងឺកូវីដ-១៩ សូមស្តាប់តាមការណែនាំ ក៏ដូចជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល មុននឹងបញ្ចេញមតិលើបណ្តាញសង្គម៕
ដោយ៖ យឹម សុថាន