ខេត្តឧត្ដរមានជ័យ ៖ មិនដឹងថាលោក ជុំ សំនិត្យ អតីតប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យអស់ប្រាក់ប៉ុន្មានហើយនោះទេក្នុងការរត់ការចូលកាន់មុខតំណែងចាស់វិញ ក្រោយពេលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឱ្យស្ថិតនៅក្នុងភាពទំនេរអត់ប្រាក់បៀវត្ស កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។
មានសេចក្តីរាយការណ៍មកថា លោក ជុំ សំនិត្យ ត្រូវបានពលរដ្ឋខេត្តឧត្ដរមានជ័យ ប្ដឹងទៅតុលាការផង ប្ដឹងទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផង ជុំវិញរឿងអាស្រូវដែលប្រើតួនាទី និងអំណាច គាបសង្កត់យកប្រាក់ ហើយមិនបានបំពេញកាតព្វកិច្ច។
លោក ជុំ សំនិត្យ មិនត្រូវបានពលរដ្ឋស្វាគមន៍ឱ្យវិលត្រឡប់មកបម្រើការក្នុងខេត្តឧត្ដរមានជ័យតទៅទៀតទេ ព្រោះ លោកបានកាន់តំណែងជាប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យជាង១៥ឆ្នាំ មកនេះ បានធ្វើឱ្យពលរដ្ឋរងគ្រោះដោយសារតែការគាបសង្កត់ច្រើនករណីណាស់ ទើបពួកគាត់ប្ដឹងករណីនេះទៅថ្នាក់លើ។
សូមបញ្ជាក់ថា លោក ជុំ សំនិត្យ ធ្លាប់មានរឿងអាស្រូវយកស្រ្ដីជាមន្រ្ដីជាប់កិច្ចសន្យាធ្វើជាកំណាន់ចិត្តក្បត់ភរិយា បញ្ចូលឈ្មោះកូនស្រីរបស់ខ្លួនជាមន្រ្ដីជាប់កិច្ចសន្យាតេមិនចូលបម្រើការងារទេគឺបើកយកតែប្រាក់បៀវត្ស (ប្រាក់រដ្ឋរាប់ឆ្នាំ) និងដឹកនាំទំនិញឆ្លងដែនកម្ពុជា-ថៃ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ជាច្រើនឆ្នាំ ដូចជា ទឹកសុទ្ធ ស្រា និងស្រាបៀរយកទៅលក់នៅទីក្រុងភ្នំពេញគ្មានបង់ពន្ធជូនរដ្ឋ និងយករថយន្ដអង្គភាពដឹកជញ្ជូនទំនិញអត់ពន្ធ។
ករណីនេះ ធ្វើឱ្យពលរដ្ឋអស់ជំនឿអស់ទំនុកចិត្ដ មានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង។ ពលរដ្ឋនៅខេត្តឧត្ដរមានជ័យ សូមអំពាវនាវ និងសង្ឃឹមយ៉ាងមុតមាំថា បណ្ឌិតសភាចារ្យ អូន ពន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជា
រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយដាក់មុខងារលោក ជុំ សំនិត្យ ទៅកន្លែងផ្សេងវិញផង ព្រោះនៅខេត្តឧត្ដរមានជ័យ មានពលរដ្ឋរងគ្រោះច្រើនណាស់។
ជុំវិញករណីខាងលើ លោក ជុំ សំនិត្យ មិនបានបកស្រាយលម្អិត ចំពោះការរត់ការចូលកាន់មុខតំណែងវិញនោះទេ លោកគ្រាន់តែឆ្លើយពីរម៉ាត់យ៉ាងខ្លីថា «ហើយម៉េច?»៕ប៉ែន នួន