កាលដើមឡើយ មានបុរសពីរនាក់ ជាបងប្អូននឹងគ្នា ម្ដាយឪពុកស្លាប់អស់ទៅនៅតែពីរនាក់បងប្អូន ក៏បបួលគ្នាទៅនៅវត្ត រៀនអក្សរ ធម៌អាថ៌ សាស្ត្រាបាលីនឹងលោកសង្ឃរាជ លោកក៏មេត្តាករុណាប្រៀនប្រដៅឲ្យរៀនសូត្រ ។ ក្មេងទាំងពីរនាក់ព្យាយាមណាស់ រកក្មេងណាស្មើគ្មាន ដល់រៀនចេះចប់ លោកគ្រូបំបួសនេន ។ នេនទាំងពីរពុំខ្ជិលសោះ ខំរៀនសូត្រនិងបម្រើគ្រូពុំឲ្យគ្រូអាក់អន់ព្រះទ័យឡើយ ។ នេនទាំងពីរបួសបាន ៥ វស្សា នឹកចង់សឹក ក៏ចូលទៅវន្ទាលាគ្រូសឹក ។ គ្រូក៏ព្រមឲ្យសឹកៗរួចលោកគ្រូផ្ដាំបុរសបង ឲ្យទៅនៅរកស៊ីស្រុកចិន នឹងបានជាចៅសួធំក្នុងស្រុកចិន ។ ឯបុរសប្អូន គ្រូពុំបានផ្ដាំអ្វីឡើយត្បិតគ្រូមើលឲ្យឃើញថា បុរសប្អូននឹងបានសោយរាជ្យជាសម្ដេចនគរពីរ ទើបលោកគ្រូផ្ដាំថា «ចៅឯងទៅរកស៊ីបើនឿយណាស់កុំដេក យកប្រពន្ធត្រូវមើលម្ដាយក្មេក ចូលដំណេកកុំនិយាយនឹងប្រពន្ធ បើឯងរក្សាពាក្យទាំង ៣ម៉ាត់នេះបាន ស្មើបាននគរពីរ អញគ្មានអ្វីឲ្យឯងទេ» ។ បុរសទាំងពីរនាក់បងប្អូន ក៏លាគ្រូដើរទៅ ។
បុរសបងទៅរកស៊ីឯស្រុកចិនតាមពាក្យគ្រូផ្ដាំ ក៏បានជាចៅសួធំមែន ។ បុរសប្អូនមិនដឹងរកស៊ីអ្វី ទៅនៅនឹងបងប្អូនញាតិសន្តាន គេក៏អាណិតដណ្ដឹងប្រពន្ធរៀបការធ្វើផ្ទះឲ្យនៅ ។ បុរសនោះភ្លេចពាក្យគ្រូផ្ដាំ ក៏នៅរកស៊ីនឹងប្រពន្ធ ជួនមានស៊ីជួនអត់ បានព្រឹកអត់ល្ងាច បានល្ងាចអត់ព្រឹក សំពត់ស្លៀកក៏គ្មាន មានតែខោកញ្ចាស់ពាក់កណ្ដាលភ្លៅមួយ ដាច់លេចមុខលេចក្រោយ ។ បុរសនោះតែងដើរទៅកំពង់ទឹក ក្រែងមានគេមកពីស្រុកចិន នឹងបានសួរដំណឹងពីបងខ្លួន ។
ថ្ងៃ១មានសំពៅមួយមកពីស្រុកចិន បុរសនោះក៏ចុះទៅសួរគេថា «អ្នកនាយសំពៅអើយ! អ្នកដែលបានប្រទះខ្មែរម្នាក់ដែរឬទេ ? គាត់ទៅនៅរកស៊ីស្រុកចិន ៥ឆ្នាំហើយ» ។ នាយសំពៅប្រាប់ថា «ឃើញខ្មែរម្នាក់ដែរ ឥឡូវគេបានជាចៅសួមានងារធំក្នុងស្រុកចិន គ្មានអ្នកណាមានស្មើទេ?» ។ បុរសសួរទៅនាយសំពៅទៀតថា «អ្នកនាយសំពៅអញ្ជើញទៅវិញថ្ងៃណា?» នាយសំពៅថា «៣ថ្ងៃទៀតខ្ញុំវិលទៅវិញហើយ» ។ បុរសនិយាយនឹងនាយសំពៅថា «អ្នកនាយសំពៅ បើអ្នកអញ្ជើញទៅវិញ សូមអ្នកអាណិតឲ្យខ្ញុំសូមដោយសារទៅផង»។ នាយសំពៅព្រមឲ្យទៅ។ បុរសនោះ ក៏លានាយសំពៅមកផ្ទះវិញ ។ ទៅដល់ផ្ទះ បុរសនិយាយនឹងប្រពន្ធថា «នាងអើយ! យើងសព្វថ្ងៃនេះ ក្រលំបាកណាស់ ឥឡូវនេះឮដំណឹងថាបងអ្នក ដែលទៅនៅស្រុកចិនគេមាន គេបានជាចៅសួធំក្នុងស្រុកចិនឥឡូវបងចង់ទៅសួរ ក្រែងបងគេឃើញឯងក្រ គេអាណិតឲ្យប្រាក់កាសចាយ សំពត់អាវស្លៀកពាក់ខ្លះ» ។ ប្រពន្ធឮប្ដីថាដូច្នោះ សួរថា «ចុះអ្នកទៅជាមួយអ្នកណា?» ។ បុរសជាប្ដីប្រាប់ថា បងសុំដោយសារសំពៅគេ គេព្រមឲ្យទៅ៣ថ្ងៃទៀត គេចេញសំពៅហើយ» ។ ប្រពន្ធថា «បើអ្នកទៅក៏ទៅចុះ» ។ លុះដល់៣ថ្ងៃ បុរសក៏ចុះទៅ ។ នាយសំពៅឃើញបុរសនោះទៅ ក៏គេហៅចុះសំពៅចេញទៅ ។ កាលបើសំពៅរៀងទៅ បុរសនោះមើលថែទាំ ជួយរក្សារបស់ទ្រព្យនាយសំពៅដូចរបស់ខ្លួន ។ នាយសំពៅឃើញបុរសនោះមានគំនិតមារយាទល្អ ក៏ស្រឡាញ់រាប់អានអាណិត ឲ្យបាយទឹកស៊ីតែសព្វថ្ងៃរៀងទៅ ។ ឯប្រពន្ធបុរសនោះ កាលក្រោយបុរសជាប្ដីទៅស្រុកចិន ក៏លួចមានសហាយយកមកដេកយប់ ថ្ងៃឲ្យទៅវិញ ។ និយាយពីបុរសដែលទៅជាមួយនឹងនាយសំពៅ លុះដល់ស្រុកចិន ក៏សួរនាយសំពៅថា «វិលទៅស្រុកខ្មែរវិញថ្ងៃណា ប្រាប់ខ្ញុំផង» ។ នាយសំពៅប្រាប់ថា «៣ថ្ងៃទៀតនឹងចេញទៅ»។ បុរសឮដូច្នោះក៏ទៅសួររកបង ទៅដល់មាត់ទ្វារផ្ទះបង ឃើញមនុស្សចាំទ្វារសួរគេថា «នេះហើយឬ ផ្ទះលោកចៅសួខ្មែរ ?» ។ អ្នកចាំទ្វារប្រាប់ថា «នេះហើយផ្ទះលោកចៅសួ» ។ អ្នកចាំទ្វារសួរបុរសវិញថា «អ្នកឯងមកពីណាមកសួររកផ្ទះចៅសួ?» ។ បុរសប្រាប់ថា «ខ្ញុំមកពីស្រុកខ្មែរលោកចៅសួនេះ ជាបងខ្ញុំបង្កើត» ។ មនុស្សចាំទ្វារមើលទៅបុរសនោះ រូបអាក្រក់ ស្លៀកខោពាក់កណ្ដាលភ្លៅ សំពត់គ្មានដណ្ដប់ លេចមុខចេញក្រោយ មិនសមប្អូនលោកចៅសួខ្លួនសោះ។ អ្នកចាំទ្វារមិនស្ងៀម ទៅប្រាប់លោកចៅសួៗមិននៅ ទៅគាល់ស្ដេច ក៏ជម្រាបប្រពន្ធថា «អ្នកចៅហ្វាយស្រី! មានមនុស្សម្នាក់មកពីស្រុកខ្មែរ រូបអាក្រក់ស្លៀកខោពាក់កណ្ដាលភ្លៅ គន់ទៅខោដាច់ដាចលេចមុខលេចក្រោយ ហើយប្រាប់ខ្ញុំថា «ត្រូវជាបងប្អូនលោកចៅហ្វាយប្រុសបង្កើតឥឡូវខ្ញុំបានឲ្យចាំនៅមាត់ទ្វារ» ។ នាងជាប្រពន្ធចៅសួនោះ នឹកខឹងថា «អាមនុស្សកម្សត់ទុគ៌តនេះមកពីណា ក៏ហ៊ានមកបង្កាច់កេរ្តិ៍ថា ប្ដីអញជាបងវាបង្កើត» ក៏ប្រើមនុស្សឲ្យទៅចាប់បុរសនោះ ដាក់ច្រវាក់ទុកនៅរោងសេះថា «ចាំប្ដីមកនឹងឲ្យយកទៅសម្លាប់» ។ បុរសនោះ លុះគេយកទៅដាក់ច្រវាក់ក៏នឹកថា «ឱអញអើយ! សង្វាតមកពីស្រុកខ្មែរ ដល់ស្រុកចិនព្រោះតែបង ឥឡូវគេមាន គេពុំគិតអាណិតឈាម ដែលកើតមកពោះជាមួយគ្នាសោះ គេឆ្មើងមាន គេហ៊ានចាប់ឯងមកដាក់ច្រវាក់នឹងសម្លាប់ផង «ឱអញអើយ!បើទៅស្រុកខ្មែរវិញ រកស៊ីតាមខ្លួនក្រគ្មាននរណាហ៊ានធ្វើបានទេ» ។ បុរសនោះពុំដឹងជាបងទៅគាល់ស្ដេច ។ លុះចៅសួជាបងវិលមកដល់ផ្ទះ ប្រពន្ធប្រាប់ថា «មានបុរសកម្សត់ម្នាក់មកពីស្រុកខ្មែរនិយាយថា លោកជាបងបង្កើត តែខ្លួននោះអាក្រក់ ស្លៀកខោពាក់កណ្ដាលភ្លៅដាច់ដាចលេចមុខលេចក្រោយ ឥឡូវខ្ញុំឲ្យដាក់ច្រវាក់ទុកនៅរោងសេះ ចាំលោកអញ្ជើញមក ឲ្យនាំទៅសម្លាប់» ។ ចៅសួជាបងឮហើយថា «ទៅយកវាមកមើល ក្រែងប្អូនបង្កើតមែន» ហើយចៅសួឲ្យដោះច្រវាក់បុរសនោះ ។ លុះបុរសនោះមកដល់ស្គាល់ជាប្អូនបង្កើតមែន ក៏រៀបបាយឲ្យស៊ី មើលទៅប្អូនឃើញស្លៀកខោពាក់កណ្ដាលភ្លៅចៅសួក៏ឲ្យខោមួយស្លៀក ហើយសួរប្អូនថា «ប្អូននៅឯនាយ មិនដឹងរកស៊ីអ្វីទេ ក្រណាស់ ហើយមានប្រពន្ធផងបានអីស៊ី» ។ បងឮប្អូននិយាយក៏នឹកអាណិតប្អូន មិនចេញស្ដី ហើយសួរថា «ប្អូនមកជាមួយអ្នកណា?» ។ បុរសប្អូនជម្រាបថា «ខ្ញុំមិននឹងនាយសំពៅ គេឲ្យដោយសារមក» ។ ចៅសួបងថា «ចុះគេទៅវិញថ្ងៃណា» ។ បុរសប្អូនប្រាប់បងថា «៣ថ្ងៃទៀត គេចេញសំពៅទៅវិញ» ។ ចៅសួបងដឹងដូច្នោះ ក៏ស្ងៀមទៅឲ្យលើកបាយមក ហៅបុរសជាប្អូនស៊ីជាមួយគ្នា លុះស៊ីរួចប្រាប់ប្អូនថា «ប្អូននៅដេកផ្ទះនេះចុះ បងទៅលេងផ្ទះចិនសែ» ។ ចៅសួទៅផ្ទះចិនសែ ចិនសែឃើញក៏រៀបកៅអី ថ្នាំចិនខ្សៀទឹកតែទទួល ហើយចៅសួនិយាយនឹងចិនសែថា «អ្នកចិនសែខ្ញុំមករកមើលឲ្យប្អូនខ្ញុំបន្តិច វាចេះតែក្រីក្រអីចឹងទៅ ឬវានឹងគ្រាន់បើនឹងឡើងដែរ?» ។ ចិនសែទាញសៀវភៅរកមើលសព្វៗ ទៅទាយថា «ប្អូនលោកមិនជាអ្នកក្ររហូតទេ ៧ឆ្នាំទៀត នឹងបានសោយរាជ្យជាស្ដេចនគរពីរ លោកនឹងបានជាធំក្នុងរាជការដោយសារប្អូន ប៉ុន្តែឥឡូវនេះលំបាកណាស់ ដល់វិលទៅស្រុកវិញពាក់កណ្ដាលផ្លូវ និងបានទ្រព្យតម្លៃនគរពីរជាសម្រាប់ខ្លួន តែថាឃ្លាតទៅវិញ ដល់កំណត់បានសោយរាជ្យ នឹងបានទ្រព្យនោះមកជាសម្រាប់បុណ្យវិញទាំងអស់»។ ចៅសួបានដឹងដំណឹងប្អូនដូច្នោះ ក៏លាចិនសែទៅផ្ទះវិញ ។ ដល់៣ថ្ងៃ នាយសំពៅគេផ្ទុកសំពៅ រៀបនឹងចេញទៅថ្ងៃនោះ ចៅសួជាបងយកផាឌិបមក ហែកមួយត្បូង ហុចទៅឲ្យបុរសជាប្អូន ។ បុរសជាប្អូន ក៏ទទួលយកផាឌិបមួយត្បូងលាបងចុះទៅ ដើរបណ្ដើរគិតបណ្ដើរ នឹកតូចចិត្តស្ទើរមិនចង់កាន់ផាឌិបនោះសោះ ចេះតែនឹកតូចចិត្តថា «ឱ! បងប្អូននឹងគ្នា តាំងពីឪពុកម្ដាយស្លាប់ចោលទៅ នៅកំព្រាតែបងប្អូនពីរនាក់ កាលវេលាក្រ ចេះស្រឡាញ់រាប់អានគ្នា ដល់វេលាមានទាត់គ្នាចោល ឆ្មើងមាន ស្ទើរមិនរាប់គ្នា មាសប្រាក់ ដាក់ឃ្លាំងគរគោក មិនហ៊ានយកឲ្យគ្នាមួយស្លឹង យកតែខ្មោចផាឌិបឲ្យគ្នាមួយត្បូង» ។ លុះបុរសនោះដើរទៅដល់កំពង់ ក៏ឡើងលើសំពៅ នាយសំពៅ ឲ្យកូនឈ្នួលស្រាវយុថ្កាសាក្ដោងបើកទៅ ហើយនាយសំពៅសួរបុរសនោះថា «ប្អូនទៅឯលោកចៅសួ តើលោកឲ្យអ្វីខ្លះ?» ។ បុរសប្រាប់នាយសំពៅថា «គ្មានឲ្យអ្វីទេឲ្យតែផាឌិបមួយត្បូងនិងខោមួយ» ។ នាយសំពៅបានដឹងហើយក៏នៅស្ងៀម ។ លុះបើកសំពៅទៅដល់ពាក់កណ្ដាលផ្លូវ យប់ងងឹតនឹងទៅពុំរួច ក៏ឲ្យបោះយុថ្កាដេក ។ ហេតុតែបុណ្យដល់បុរសក៏នឹងឃើញពាក្យដែលគ្រូផ្ដាំថា «នឿយណាស់កុំដេក ឥឡូវអស់អ្នកសំពៅនេះដេកអស់ ដូច្នេះអញកុំឲ្យដេក» ក៏អង្គុយនៅក្បែរដងក្ដោង ពុំហ៊ានដេក ។ លុះដល់អធ្រាត្រ មានយក្ខ១ ហោះមកឃើញសំពៅ វាចុះមកប៉ងនឹងស៊ីមនុស្ស ហើយវាឈ្ងោកមើលទៅក្នុងសំពៅ ធ្លាក់ពុកមាត់ទៅលើបុរសនោះៗ ក៏ស្ទុះទៅស្រវាចាប់ជាប់ហើយស្រែកថា «អាឯង ស្លាប់នឹងដៃអញឥឡូវនេះហើយ» ។ យក្ខឮបុរសថាដូច្នោះ ភិតភ័យណាស់ តែស្ទុះទៅមិនរួច ដ្បិតបុរសនោះចាប់ពុកមាត់ជាប់ យក្ខភ័យក្រែងស្លាប់ ក៏និយាយនឹងបុរសនោះថា «អ្នកបុរសអើយ! បើអ្នកអាណិតលែងខ្ញុំៗនឹងតបគុណអ្នក ជាខ្សែចងដៃ ដំបងវាយឯង ឆ្នាំងឆ្អិនឯង ។ ខ្សែនិងដំបងនេះ បើមានបច្ចាមិត្តពីណាមកប្រមាថ ឲ្យតែខ្សែទៅចងដំបងទៅវាយ បច្ចាមិត្តនោះ នឹងស្លាប់វិនាសអន្តរាយអស់ ។ ឯឆ្នាំនេះ បើឃ្លានអាហារចំណី ហើយនិងចង់បរិភោគអាហារចំណីអ្វី ប្រាប់ឆ្នាំងថា «ឆ្អិនឡើងអញស៊ី» ក៏ឆ្អិនឯងឡើងបានបរិភោគ មិនបាច់ដាំឡើយ» ។ បុរសឮដូច្នោះក៏ថា «បើដូច្នោះយក្ខឯង ឲ្យមកអញសិន សឹមអញលែង» ។ យក្ខក៏ហុចប្រដាប់ទាំងនោះមកបុរស បុរសនោះទទួលយក ហើយលែងយក្ខនោះទៅ យក្ខក៏ហោះទៅលំនៅវាវិញ ។ លុះព្រឹកឡើង បុរសនិយាយប្រាប់នាយសំពៅថា «អ្នកនាយសំពៅ! យប់មិញមានយក្ខមួយមកគិតនឹងស៊ីយើងរាល់គ្នា កុំតែបានខ្ញុំ កុំអីយក្ខវាស៊ីអស់ទៅហើយ បើអ្នកនាយសំពៅមិនជឿខ្ញុំ សូមមើលសំណូកយក្ខដែលវាលូកខ្ញុំនេះ មានខ្សែចងឯង ដំបងវាយឯង ឆ្នាំងឆ្អិនឯងផង» ។ នាយសំពៅឮដូច្នោះ សួរថា «នៅឯណាប្អូន? យកមកឲ្យបងមើលផង!» ។ បុរសនោះ ហេតុតែជាមនុស្សត្រង់ ក៏យករបស់ទាំងនោះមកបង្ហាញនាយសំពៅ ។ នាយសំពៅឃើញរបស់ទាំងនោះ នឹកថា «របស់ទាំងនេះមានតម្លៃ ឥតស្ដេចនាហ្មឺនណាមានឡើយ បុរសនេះមានសំណាងខ្ពស់អីម្ល៉េះ បានទ្រព្យយ៉ាងនេះ » ។ នាយសំពៅ នឹកទៀតថា «បុរសនេះល្ងង់ឆោតណាស់, អញគិតបញ្ឆោតថាទុករក្សាឲ្យ បើសំពៅទៅដល់គោកត្រង់ណាអញនឹងបញ្ឆោតឲ្យវាឡើង ហើយអញបើកសំពៅទៅចោល អញនឹងយកទ្រព្យទាំងអស់នេះ» ។ នាយសំពៅគិតដូច្នោះហើយ និយាយថា «សូមប្អូនឲ្យទ្រព្យរបស់ទាំងនេះ មកបងរក្សាទុក ត្បិតប្អូនឯងគ្មានហិបដាក់» ។ បុរសគិតស្មានថា «នាយសំពៅ គេយកមករក្សាទុកឲ្យតាមត្រង់» មិនដឹងជាគេទុច្ចរិតនឹងខ្លួនឡើយ ទើបយករបស់ប្រគល់ទៅនាយសំពៅទាំងអស់ ។ នាយសំពៅ ក៏បើកសំពៅទៅដល់ចុងកោះមួយ ដែលមានដើមល្វាមួយដើមដុះក្នុងទឹក នាយសំពៅឲ្យចាប់ដើមល្វានេះឈប់ ហើយនិយាយនឹងបុរសថា «បងចង់ប្រើប្អូនឲ្យឡើងបេះផ្លែល្វាស៊ី» ។ បុរសឮនាយសំពៅប្រើ ក៏ឡើងដើមល្វាបេះផ្លែ មិនដឹងជាគេនឹងចេញសំពៅទៅចោលសោះ ហើយនាយសំពៅចង្អុលថា «ហ៍! ប្អូនឡើងទៅមែកលើ ប្អូនបោះអាចង្កោមធំនោះឲ្យបង!» ។ បុរសក៏ឡើងទៅលើមែកលើ ។ នាយសំពៅឲ្យកូនឈ្នួលច្រានសំពៅ បើកចោលបុរសនោះទៅ ។ បុរសស្រែកហៅគេឲ្យមកយក គេក៏ពុំមក ។ បុរសគិតថា «ឱអញអើយ! គេបញ្ឆោតឲ្យឡើងដើមល្វា គេចេញសំពៅទៅចោល, គេគិតយករបស់ឯង ខ្លួនឯងគេចោលឲ្យស្លាប់ម្នាក់ឯងកណ្ដាលសមុទ្រ បើនឹងស្លាប់និងរស ឲ្យតែឆ្នាំងឆ្អិនឯងនៅទៅរ៉ា គ្រាន់នឹងឲ្យចម្អិនបាយចំណីស៊ី ទម្រាំមានសំពៅគេមក នឹងសុំដោយសារគេទៅ ឥឡូវបាយក៏អត់សំពត់ដណ្ដប់ក៏គ្មាន សមនឹងស្លាប់ពុំលែង ។ បុរសនោះ នឹកអាណិតអាត្មា ក៏យំសោក ។ លុះយប់មានជ្រូកមួយតែងមកស៊ីផ្លែល្វាទុំ ជ្រូកនោះមានកែវពាំដើរលើទឹកបាន លុះអធ្រាត្រស្ងាត់ ជ្រូកនោះពាំកែវដើរលើទឹកមកនឹងរើសផ្លែល្វាស៊ី ។ បុរស ឃើញជ្រូកដាក់កែវនៅគល់ល្វា ក៏បេះផ្លែល្វាចោលទៅឆ្ងាយ ឲ្យជ្រូកតាមទៅស៊ី ខ្លួននឹងឆក់យកកែវជ្រូកនោះ ។ ហេតុតែកុសលនោះត្រូវមានបុណ្យ ជ្រូកនោះក៏ទៅស៊ីឆ្ងាយពីកែវ ។ បុរស ក៏សម្រូតចុះមកឆក់កែវជ្រូកបាន រត់ចេញទៅខំដើរទៅទាំងយប់ ។ លុះព្រឹក ក៏បានទៅទាន់សំពៅ ក៏ស្រែកហៅថា «អី!អ្នកនាយសំពៅ ចាំខ្ញុំផង!» ។ នាយសំពៅឮមាត់ បែរមើលទៅឃើញស្គាល់ថាបុរស ក៏ឲ្យមូរក្ដោងឈប់ចាំ ។ បុរសទៅដល់ឡើងលើសំពៅ និយាយថា «ឱ! អ្នកបងនាយសំពៅ មិនគួរគិតអាក្រក់ មកចោលខ្ញុំ ឲ្យស្លាប់កណ្ដាលសមុទ្រសោះ, កុំតែកុសលខ្ញុំមាន កុំអីស្លាប់បង់អសារតែម្នាក់ឯង» ។ នាយសំពៅឆ្លើយដោះថា «ឱប្អូនអើយ! បងស្មានថាប្អូនចុះមកខាងក្បាលសំពៅហើយ បងមិនមានគិតចង់ចោលប្អូនទេ» ហើយនាយសំពៅថា «អើ! ប្អូនបានអីក៏ដើរលើទឹកបាន? » ។ បុរសថា «ខ្ញុំមានកែវជ្រូក បានជាខ្ញុំដើរលើទឹកបាន» ។ នាយសំពៅ ហេតុតែមានចិត្តអកតញ្ញូក៏ថា «ប្អូនឲ្យបងទុកឲ្យ» ។ បុរសគិតឃើញថា « នាយសំពៅនេះ វាគិតបញ្ឆោតអញទៀតហើយ» ក៏និយាយថា «សូមអ្នកនាយសំពៅយករបស់ទាំងនោះមកឲ្យខ្ញុំសិន ខ្ញុំប្រមូលឲ្យមូល សឹមជូនទៅអ្នកវិញ ត្បិតរបស់នេះមានប្រយោជន៍អីដល់ខ្ញុំ គង់តែខ្ញុំជូនអ្នកទាំងអស់ទេ!» ។ នាយសំពៅឮដូច្នោះនឹកថា «បុរសនេះវាជាអ្នកល្ងង់ គង់តែបានមកដៃអញវិញទាំងអស់ទេ» ក៏យកខ្សែចង ដំបងវាយឯង ឆ្នាំងឆ្អិនឯង និងផាឌិបមួយត្បូង ព្រមទាំងខោមកឲ្យបុរសៗទទួល រៀបវេចរួចសព្វគ្រប់ ក៏សំពះលានាយសំពៅ ចុះដើរលើទឹកទៅ ។ នាយសំពៅនឹកស្ដាយក្រោយ មិនចេញស្ដីមួយម៉ាត់ ។ បុរសខំដើរដោយអំណាចកែវ ផ្លូវដើរ ៧ យប់ បុរសដើរតែមួយថ្ងៃ ទាល់ព្រលប់ដល់ផ្ទះ ។ លុះបុរសទៅដល់ផ្ទះ ក៏ស្រែកហៅប្រពន្ធថា «នាងអើយនាង! បើកទ្វារឲ្យបងទៅផង បងមកដល់ហើយ!» ។ ឯប្រពន្ធ ជាស្រីអាក្រក់ ក្បត់ចិត្តប្ដី កំពុងតែដេកឱបសហាយ ឮមាត់ប្ដីហៅ ធ្វើជាថា «អ្នកណាហៅអី? ប្ដីអញមិននៅទេ កុំមកហៅអញ!» ។ បុរសឮប្រពន្ធថាដូច្នោះ នឹកថាប្រពន្ធចិត្តត្រង់នឹងខ្លួន ក៏ឆ្លើយថា «បងមកហើយនាង!» ។ ប្រពន្ធថា «យី!អ្នកទេឬ? ខ្ញុំគិតថាមនុស្សផ្ដេសផ្ដាសវាហៅខ្ញុំ» ហើយមេនោះថា «អ្នកចាំខ្ញុំអុជចន្លុះសិន!» តែវាបណ្ដោះសហាយវាសោះ ។ បុរស ក៏ជីកដីក្រោមជណ្ដើរ កប់កែវនិងខ្សែចងដំបងវាយឯងឆ្នាំងឆ្អិនឯងរួច លប់ដីទៅ ។ មេនោះបណ្ដោះសហាយវារួច វាអុជចន្លុះមកទទួលប្ដីឡើងទៅលើផ្ទះ រៀបបាយទឹកឲ្យប្ដីស៊ីរួច វានាំប្ដីចូលដេក ពេលដេក វានិយាយថា «អ្នកទៅស្រុកចិន បានអីមកផ្ញើខ្ញុំខ្លះ? » ។ បុរសជាប្ដីប្រាប់ប្រពន្ធថា «បងគ្មានបានអីទេ បងគេឲ្យខោមួយ ផាឌិបមួយត្បូង» ។ មេនោះ ធ្វើជាស្រែកយំថា «មិនមែនទេ! អ្នកកុហកខ្ញុំ មិនដែលអ្នកណាទៅដល់បងហើយ គេមានក៏នឹងឲ្យផាឌិបមួយត្បូង ខោមួយដូច្នេះទេ» ។ បុរសនឹកពាក្យគ្រូផ្ដាំថា «ចូលដំណេកកុំនិយាយនឹងប្រពន្ធ» បុរសនោះក៏ថា «ណ្ហើយនាង ចាំព្រឹកសឹមបងប្រាប់» ។ ឯសហាយមេនោះ វាលបស្ដាប់ក្រោមផ្ទះ ។ មេនោះ សួរប្ដីទៀត ។ បុរសស្មានថា ប្រពន្ធចិត្តត្រង់នឹងខ្លួន អាណិតប្រពន្ធ នឹងចង់ប្រាប់តែក្រែងខុសនឹងបណ្ដាំគ្រូ ក៏រារែកក្នុងចិត្ត ។ ដល់មេនោះចេះតែទទូចសួរ បុរសក៏ភ្លេច ដោយយល់ឃើញថា យប់នេះស្ងាត់ និងដោយមិនដឹងជាសហាយប្រពន្ធនោះនៅក្រោមផ្ទះ ក៏ប្រាប់ប្រពន្ធថា «បងកប់កែវជ្រូក១ ខ្សែចងឯង១ ដំបងវាយឯង១ ឆ្នាំងឆ្អិនឯង១ នៅក្រោមជណ្ដើរមុខផ្ទះ» ។ សហាយឮក៏មកគាស់យកអស់ ។ បុរសនិងប្រពន្ធ ក៏ដេកលក់ទៅ ។ លុះព្រឹកឡើង បុរសនោះទៅរករបស់បាត់អស់ឃើញតែស្នាម ។ បុរសនោះមិនចេញស្ដី ដោយដឹងច្បាស់ថា «ប្រពន្ធមានសហាយ» ក៏ធ្វើឃ្នាងដាក់ជណ្ដើរយកខ្សែចងអូសទៅប្ដឹងចៅក្រម ។ ចៅក្រមទទួលជម្រះ វាយជណ្ដើរពិចារណាសួរថា «ជណ្ដើរឯងទទួលបញ្ញើបុរសនេះ ម្ដេចឯងឲ្យមនុស្សលួចរបស់គេអស់?» ។ ចៅក្រម ហេតុតែជាអ្នកឥតប្រាជ្ញា មិនយល់ការរាក់ជ្រៅអាថ៌កំបាំង ក៏បបួលគ្នាសើចនឹងបុរស ស្ដីឲ្យបុរសថានាំបង្កើតក្ដីថា «បុរសឯងឆ្កួត គ្មានជីដូនជីតានរណាគេក្ដីនឹងជណ្ដើរ ដូចនៅឯងទេ ចៅឯងទៅរកនរណាគេជម្រះឲ្យចុះ» ។ បុរសក៏ចងជណ្ដើរអូសចូលទៅក្នុងព្រះរាជវាំង ។ ពេលនោះ ជួនជាស្ដេចទ្រង់ចេញប្រថាប់នៅចុងព្រះរាជរោង ទ្រង់បានទតឃើញ ។ ស្ដេចទ្រង់ឲ្យអាមាត្យរត់ទៅហៅបុរសនោះមក ហើយទ្រង់មានព្រះបន្ទូលសួរបុរសថា «ដំណើរដូចម្ដេច បានជាអ្នកដាក់ឃ្នាងជណ្ដើរ ហើយចងអូសដូច្នោះ! តើមកពីហេតុអ្វី?» ។ បុរសនោះក្រាបបង្គំទូលថា «សូមទ្រង់ព្រះមេត្តាប្រោស! កាលដើមឡើយ ទូលព្រះបង្គំ បានយករបស់ទៅជីកកប់ក្រោមជណ្ដើរនេះ ផ្ញើនឹងជណ្ដើរឲ្យជណ្ដើររក្សាឲ្យ ជណ្ដើរនេះ ឲ្យមនុស្សលួចយកអស់ បានជាទូលព្រះបង្គំពុំសុខចិត្តនឹងជណ្ដើរនេះ» ។ ស្ដេចមានព្រះបន្ទូលសួរបុរសថា «របស់អ្វីខ្លះ?» ។ បុរសក្រាបទូលថា «ខ្សែចងឯង ឆ្នាំងឆ្អិនឯង និងកែវដើរលើទឹកបាន» ។ ស្ដេចទ្រង់ជ្រាប ទ្រង់ឲ្យបុរសយកជណ្ដើរនោះមកថ្វាយព្រះអង្គ ។ ទ្រង់ឲ្យអាមាត្យយកទុក ហើយទ្រង់មានបន្ទូលថា «ប្រពន្ធចៅឯងមានសហាយ ចៅឯងនៅនឹងយើងចុះ» រួចទ្រង់ក៏ព្រះរាជទានសំពត់អាវឲ្យបុរសនោះស្លៀកពាក់ ។ បុរសនោះ ក៏នៅគាល់បម្រើស្ដេចប្រមាណ ៣ថ្ងៃ ។ ស្ដេចទ្រង់ព្រះរាជទានព្រះភូសាឲ្យបុរសនោះ ទ្រង់ផ្ដាំថា «ចូរឯងយកសំពត់ដែលយើងឲ្យនេះ ទៅផ្ទះ បើមានគេបបួលថា ឲ្យមកមើលរបាំ ចូរឯងកុំមក ឯងឲ្យតែសំពត់នេះ ទៅប្រពន្ធឯងស្លៀកពាក់មកមើលរបាំចុះ» ។ បុរសនោះ ទទួលព្រះរាជឱង្ការហើយ ក៏ថ្វាយបង្គំលាវិលទៅផ្ទះវិញ ។ ឯប្រពន្ធឃើញប្ដីបានសំពត់ល្អធ្វើឫកជាស្រឡាញ់ប្ដីណាស់ លុះព្រឹកឡើង ស្ដេចឲ្យប៉ាវគងថា «ឲ្យអស់អាណាប្រជានុរាស្ត្រទាំងអស់មើលរបាំ ត្បិតស្ដេចចាត់ចែងរបាំឲ្យអស់រាស្ត្រមើល!» ។ អស់អ្នកស្រុក ក៏បបួលគ្នាទៅមើលល្ខោនទ្រហឹងអឺងកង ។ មេប្រពន្ធ វាបបួលបុរសនោះថា «អ្នកទៅមើលរាំនឹងគេឬទេ?» ។ បុរសថា «នាងឯងយកសំពត់នេះស្លៀកទៅមើលរាំនឹងគេចុះ បងមិនទៅទេ» ។ មេនោះ ឮប្ដីឲ្យសំពត់ល្អទៅស្លៀកមើលរាំ ក៏នឹកអរ ចង់យកទៅឲ្យសហាយវាស្លៀក ត្បិតប្ដីមិនទៅមើលទេ ។ មេនោះបានសំពត់ ក៏រលះរលាំងចុះដើរទៅស្កាត់រកសហាយ ឃើញហើយ ក៏ឲ្យសំពត់នោះ ទៅសហាយស្លៀក រួចបណ្ដើរគ្នាទៅក្នុងព្រះរាជវាំង ចូលទៅមើលល្ខោន ឈរទន្ទឹមគ្នា ។ ស្ដេចទ្រង់ឲ្យទាហានក្រុមវាំងដើរល្បាតមើល បើឃើញនរណាស្លៀកសំពត់ ដែលទ្រង់ព្រះរាជទានឲ្យទៅបុរសនោះ ទ្រង់ឲ្យហៅមកទាំងប្រុសទាំងស្រី ។ អស់ពួកទាហានក្រុមវាំង ក៏ហៅអានោះមេនោះមកថ្វាយស្ដេចៗទតឃើញមិនមែនបុរស ទើបទ្រង់ឲ្យទៅហៅបុរសនោះមក ទ្រង់សួរថា «ឯណា ប្រពន្ធចៅឯង?» ។ បុរសក្រាបទូលថា «នាងនេះហើយជាប្រពន្ធទូលព្រះបង្គំជាខ្ញុំ» ។ ស្ដេចទ្រង់មានព្រះបន្ទូលថា «ចុះប្រុសនេះ ចៅឯងស្គាល់ទេ?» ។ បុរសក្រាបទូលថា «មិនស្គាល់ទេ!» ។ ស្ដេចទ្រង់ឲ្យយកសំពត់កញ្ចាស់មក ឲ្យអាសហាយនោះផ្លាស់សំពត់ថ្មីចេញហើយទ្រង់សួរថា «សំពត់នេះ ចៅឯងបានមកពីណា?» ។ អាសហាយភិតភ័យ ក៏ក្រាបទូលថា «នាងនេះឲ្យទូលព្រះបង្គំជាខ្ញុំស្លៀក» ។ ស្ដេចត្រាស់សួរថា «ឯងលួចប្រពន្ធបុរសនេះមែនទេ?»។ អាសហាយក្រាបទូលថា «ទូលព្រះបង្គំជាខ្ញុំលួចមែន» ។ ទ្រង់សួរថា «ឯងលួចរបស់ដែលបុរសនេះ គេកប់ក្រោមជណ្ដើរមែនឬទេ?» ។ អានោះក្រាបទូលថា «មែន» ។ ស្ដេចទ្រង់ឲ្យបណ្ដើរអានោះទៅយករបស់ទាំងនោះមក ទ្រង់សួរបុរសនោះថា «របស់នេះ ជារបស់ចៅឯងហើយឬ?» ។ បុរសក្រាបទូលថា «ហ្នឹងហើយ ណ្ហើយ! សូមទ្រង់អភ័យទោសវា ឲ្យវាយកគ្នាជាប្ដីប្រពន្ធចុះ ។ ស្ដេចនិងនាហ្មឺនកោតចិត្តបុរសនោះ ក៏ទ្រង់លើកលែងទោសតាមពាក្យសុំ ។ បុរសនោះ លើករបស់ទាំងអស់ថ្វាយស្ដេច ដោយក្រាបទូលថា «ខ្សែនិងដំបងនេះ បើមាននរណាមកជាបច្ចាមិត្ត សូមទ្រង់ប្រើខ្សែឲ្យចងដំបងឲ្យវាយ បច្ចាមិត្តនោះស្លាប់វិនាសអស់បាន ឯឆ្នាំងនេះ បើទ្រង់សព្វព្រះរាជហឫទ័យនឹងព្រះស្ងោយអ្វី គ្រាន់តែទ្រង់ប្រាប់ថា «ឆ្នាំងឆ្អិនឡើង!» ព្រះស្ងោយនោះក៏ឆ្អិនដូចព្រះរាជហឫទ័យ កែវជ្រូកនេះទៀតបើសព្វព្រះរាជហឫទ័យយាងលើទឹក ក៏ទ្រង់យាងបាន» ។ ស្ដេចនឹកក្នុងព្រះទ័យថា ទ្រព្យទាំងនេះជាទ្រព្យមានតម្លៃនឹងរកទ្រព្យអ្វី ឲ្យស្មើនឹងតម្លៃរបស់បុរសនោះគ្មាន ទុកជាខ្លួនអញក្ដី មហេសីក្ដី បុត្រីក្ដី ទាំងទ្រព្យពេញនគរក្ដី ក៏ពុំស្មើនឹងរបស់បុរសនោះដែរ» ហើយត្រង់មានព្រះបន្ទូលទៅនឹងបុរសថា «អញគ្មានអ្វីនឹងតបថ្លៃទ្រព្យចៅទេ មានតែបុត្រីនិងរាជសម្បត្តិ អញលើកឲ្យជាតម្លៃទ្រព្យចៅ» ។ បុរសក្រាបទូលថា «សូមទ្រង់ព្រះមេត្តាប្រោស! ទូលព្រះបង្គំជាខ្ញុំ ជាមនុស្សកម្សត់ ពុំប្រាថ្នារាជសម្បត្តិនិងព្រះរាជបុត្រីល្អធូលីព្រះបាទទេ បើទ្រង់ព្រះមេត្តាប្រោស សូមព្រះរាជទានតែកាំបិតបន្ទោះ១ចុះ» ។ ស្ដេចទ្រង់ជ្រាបដូច្នោះ ទ្រង់មានព្រះបន្ទូលឲ្យជាងយកដែក១០ហាប ទៅសិតធ្វើកាំបិតបន្ទោះ១ ។ កាំបិតបន្ទោះនោះ យកក្ដារដាក់ត្រួត ៧ជាន់គ្រាន់តែអូសកាត់ក៏ដាច់មិនដឹងខ្លួន ទ្រង់ឲ្យធ្វើស្រោមដាក់ហើយ ទ្រង់ព្រះរាជទានទៅបុរសនោះ ។ ដោយហេតុស្ដេចព្រះរាជទានព្រះរាជបុត្រីនិងរាជសម្បត្តិ បុរសនោះមិនយក ទៅយកឯកាំបិតបន្ទោះដងមួយ បានជាអ្នកស្រុកគេសន្មតហៅថា «ចៅកាំបិតបន្ទោះដងមួយ» តាមហេតុនោះ ។ ចៅកាំបិតបន្ទោះនោះដើរទៅដល់នគរមួយទៀត ក៏ទៅសុំសម្នាក់នៅផ្ទះមហាសេដ្ឋី១ ។ សេដ្ឋីនោះ មានកូនស្រី១ គ្មានកូនប្រុស កាលបើឃើញចៅកាំបិតបន្ទោះដងមួយមកសុំសម្នាក់ដូច្នោះ ក៏មានចិត្តអាណិតស្រឡាញ់ ឲ្យនៅធ្វើជាកូន ។ ចៅកាំបិតបន្ទោះដងមួយ តាំងពីបានមហាសេដ្ឋីធ្វើឪពុកថ្ងៃណា ក៏ថែទាំរក្សាទ្រព្យរបស់ ដាស់តឿនខ្ញុំកំដរឲ្យធ្វើការរកស៊ី មិនឲ្យមហាសេដ្ឋីព្រួយចិត្តឡើយ ។ មហាសេដ្ឋីក៏មានចិត្តអាណិតស្រឡាញ់ចៅកាំបិតបន្ទោះដងមួយលើសកូនបង្កើត ។ ជួនជាពេលនោះ ស្ដេចទ្រង់ចង់ពិសោធរកនាហ្មឺនមានប្រាជ្ញា ចេះរក្សាទឹកដីជួសទ្រង់បាន ទ្រង់ក៏ឲ្យរៀបទីព្រះទែនក្រាលពូកព្រែព្រំ ដាក់ចំណីអាហារ បើមន្ត្រីណាត្រូវវេនចាំវាំង ឲ្យស៊ីដេករៀងទៅ ។ អស់នាហ្មឺន ក៏ទៅបរិភោគចំណីនោះ ហើយដេកនៅទីព្រះទែននោះ ។ ស្ដេចទ្រង់លបចេញមកទតឃើញដេកពុំភ្ញាក់ ក៏ទ្រង់ឲ្យដាស់ឡើងចាប់យកទៅកាប់ចោល ។ តែត្រូវនាហ្មឺនណាដេកវេន នាហ្មឺននោះស្លាប់ ។ ដល់វេនសេដ្ឋី សេដ្ឋីក៏ឲ្យប្រពន្ធរៀបចំធ្វើបុណ្យខ្លួនដោយនឹកថា តែទៅដេកវេនហើយ មិនដែលនរណារស់មួយទេ ។ អស់ប្រពន្ធកូន បងប្អូន ញាតិសន្តាន ខ្ញុំកំដរ យំទ្រហឹងអឺងកង ។ សេដ្ឋីដេកសន្ធឹកសន្ធៃ អាហារចំណីក៏ពុំបរិភោគ ។ ចៅកាំបិតបន្ទោះដងមួយ ឮគេយំរាល់គ្នា ក៏ទៅសួរមហាសេដ្ឋីជាឪពុកថា «លោកឪពុក! ហេតុអ្វីបានជាគេយំទ្រហឹងអឺងកង ហើយលោកឪពុកសម្រាន្តសន្ធឹកសន្ធៃ អាហារចំណីក៏មិនពិសាដូច្នេះ តើមានការណ៍អ្វី? សូមលោកឪពុកប្រាប់ខ្ញុំឲ្យបានដឹងផង!»។ មហាសេដ្ឋីឮចៅកាំបិតបន្ទោះដងមួយសួរដូច្នោះ ក៏ប្រាប់កូនថា «ឱកូនអើយ! ឪពុកបានអ្នកមកធ្វើកូនថ្ងៃណា ឪពុកគ្មានទាស់ចិត្តទេ ឪពុកនឹកថានឹងបាននៅរក្សាអ្នក នឹងទំនុកបម្រុងអ្នកឲ្យស្នងឪពុក ឥឡូវឪពុកស្លាប់ល្ងាចនេះហើយ ត្បិតស្ដេចឲ្យទៅដេកចាំវាំង តែនាហ្មឺនណាទៅដេក មុខជាស្លាប់ពុំខានឡើយ បើអត់ពីឪពុកទៅ កូននៅត្រូវអ្នករក្សាម្ដាយនិងប្អូនស្រីផង!» ។ ឯចៅកាំបិតបន្ទោះដងមួយ ឮឪពុកនិយាយប្រាប់ដូច្នោះ ក៏ជម្រាបឪពុកថា «សូមលោកឪពុកក្រោកឡើងពិសាក្រយាចុះ! ការដេកចាំវាំង លោកឪពុកកុំថប់ ទុកងារឲ្យខ្ញុំ ខ្ញុំសុំទៅដេកស្លាប់ជួសលោកឪពុក» ។ មហាសេដ្ឋីថា «ណ្ហើយកូន! ខ្លួនអ្នកនៅក្មេង ខ្លួនឪពុកចាស់ហើយ ក៏ល្មមស្លាប់ដែរ»។ ចៅកាំបិតបន្ទោះដងមួយជម្រាបមហាសេដ្ឋីជាឪពុកថា «ការទៅដេកចាំវាំងនេះ បើនរណាទៅដេកមិនដឹងកល ក៏ស្លាប់ បើដឹងកល មិនស្លាប់ទេ ឯនាហ្មឺនទាំងអស់ដែលស្លាប់នោះ សុទ្ធតែគ្មានដឹងកលទេ មានតែខ្ញុំទើបដឹងកលស្ដេច» ។ មហាសេដ្ឋីឮចៅកាំបិតបន្ទោះនិយាយដូច្នោះ ក៏ក្រោកឡើងបរិភោគបាយងូតទឹក លុះដល់ល្ងាច ចៅកាំបិតបន្ទោះដងមួយក៏កាន់កាំបិតបន្ទោះចុះដើរទៅ លុះដល់វាំង អស់ពួកព្រះក្រាលប្រគល់របស់ ដែលរៀបបម្រុងនោះឲ្យចៅកាំបិតបន្ទោះដងមួយៗ នឹកថា «ឱ! ស្ដេចនេះ ទ្រង់សព្វព្រះទ័យរើសរកនាហ្មឺនណាមានគំនិតល្អ អាចរក្សាទឹកដីបាន បានជាទ្រង់ពិសោធយ៉ាងនេះ» ។ ចៅកាំបិតបន្ទោះដងមួយ ពុំដេកសោះថយទៅអង្គុយចម្ងាយពីរព្យាមពីទីនោះ ។ លុះអធ្រាត្រស្ងាត់ ស្ដេចក្លែងព្រះអង្គចេញមក ។ ចៅកាំបិតបន្ទោះឃើញស្គាល់ជាស្ដេច ក៏សម្ងំពួនបំបាំងនៅសសរ ។ ស្ដេចយាងមកដល់ ទ្រង់ទតឃើញចំណីនៅដដែល ក៏ត្រង់ព្រះសណ្ឋិតក្បែរសសរ ។ ចៅកាំបិតបន្ទោះដងមួយស្រែកថា «ពះ! កាប់អាចោរមកពីណា មកគិតលួចទ្រព្យរបស់ស្ដេច» ។ ស្ដេចភ្ញាក់ហើយទ្រង់រត់ទៅ ។ ចៅកាំបិតបន្ទោះ ក៏ស្ទុះរត់ចេញបណ្ដោយ ។ ស្ដេចទ្រង់គេចនឹងសសរចុះព្រះរាជរោង ។ ចៅកាំបិតបន្ទោះធ្វើជាកាប់ផុតៗ មិនឲ្យត្រូវ ឲ្យត្រូវតែសសរចុងព្រះរាជរោង ។ ស្ដេចទ្រង់គេចពីសសរមួយទៅសសរមួយ គ្រប់តែសសរ ។ ចៅកាំបិតបន្ទោះ កាប់បង្ខុសពីស្ដេច ឲ្យត្រូវសសរ គ្រប់តែសសរចុងព្រះរាជរោង ដោយមិនដឹងថាដាច់ឡើយ ។ ទាល់តែស្ដេចស្រែកថា «អញទេៗ! អញជាស្ដេចទេ!» ទើបចៅកាំបិតបន្ទោះដងមួយលែងដេញ ។ ស្ដេចក៏ចូលទៅក្នុងព្រះរាជដំណាក់ ។ ចៅកាំបិតបន្ទោះ ក៏វិលមកកន្លែងដដែល ។ លុះព្រឹកឡើង ចៅកាំបិតបន្ទោះទៅដល់ផ្ទះ មានខ្យល់បក់មកឯក្រោយ ក៏រលំចុងព្រះរាជរោងទាំងអស់ ។ ស្ដេចទ្រង់ឲ្យសួរថា «វេននរណាដេកចាំវាំងយប់មិញ?» ។ អាមាត្យក្រាបទូលថា «ត្រូវវេនមហាសេដ្ឋី» ។ ស្ដេចទ្រង់ឲ្យអមាត្យទៅសួរមហាសេដ្ឋីថា «លោក! អ្នកណាដេកចាំវាំងយប់មិញ?» ។ មហាសេដ្ឋីប្រាប់ថា «កូនខ្ញុំ!» ។ អមាត្យថា «ឥឡូវ សត្រូវកាប់ចុងព្រះរាជរោងរលំអស់ បានជាស្ដេចទ្រង់ឲ្យហៅលោកទៅ» ។ មហាសេដ្ឋីឮអាមាត្យប្រាប់ដូច្នោះ ក៏ភិតភ័យនឹកថា «ឱកូនអើយ! សុំខ្លួនទៅដេកចាំវាំងជួសឪពុក នឹកថាឲ្យបានសេចក្ដីសុខ ឥឡូវម្ដេចក៏ឲ្យសត្រូវចូលកាប់ចុងព្រះរាជរោងបាន?» ។ មហាសេដ្ឋីក៏បារម្ភខ្លួនក្រែងស្លាប់ ។ លុះដើរទៅដល់ទីចុងព្រះរាជរោង ឃើញចុងព្រះរាជរោងរលំអស់ ក៏រឹតតែភ័យជាថ្មីទៀត ។ អាមាត្យនាំមហាសេដ្ឋីទៅដល់ ស្ដេចទ្រង់សួរថា «មហាសេដ្ឋី! ត្រូវវេនអ្នកឬ អ្នកណាយប់មិញ?» ។ មហាសេដ្ឋីក្រាបទូលថា «ត្រូវវេនទូលព្រះបង្គំជាខ្ញុំ!» ។ ស្ដេចមានព្រះបន្ទូលថា «នរណាដេកចាំវាំង?» ។ សេដ្ឋីទូលថា កូនទូលព្រះបង្គំជាខ្ញុំ ទទួលព្រះរាជទានដំណេកចាំវាំង» ។ ទ្រង់មានព្រះបន្ទូលថា «មហាសេដ្ឋី! អ្នកមានកូនប្រុសពីកាលណា? ក្រែងអ្នកមានតែកូនស្រីទេឬ?» ។ មហាសេដ្ឋីក្រាបទូលថា «សូមទ្រង់ព្រះមេត្តាប្រោស! កូនរបស់ទូលព្រះបង្គំជាខ្ញុំនេះ កំព្រា មិនដឹងជាមកពីណា ទូលព្រះបង្គំជាខ្ញុំឃើញកំព្រា ក៏សុំជាកូន ត្បិតគ្មានកូនប្រុស» ។ ស្ដេចមានព្រះបន្ទូលថា «បើដូច្នោះ ឲ្យទៅហៅមក» ។ អាមាត្យ ក៏រត់តៅហៅចៅកាំបិតបន្ទោះដងមួយ ។ មហាសេដ្ឋីរឹតតែភ័យ នឹកថា «ឱកូនអើយ! សមស្លាប់ជាមួយឪពុកថ្ងៃនេះ ជាប្រាកដពុំលែង» ។ អាមាត្យដែលទៅហៅចៅកាំបិតបន្ទោះ លុះទៅដល់ប្រាប់ប្រពន្ធមហាសេដ្ឋីថា «អ្នកស្រី! ស្ដេចទ្រង់ឲ្យហៅកូនប្រុសអ្នក ។ នាងជាប្រពន្ធមហាសេដ្ឋីថា «ឱអ្នកអមាត្យអើយ! ឥឡូវវាដេកទៅហើយ ព្រោះយប់មិញទៅដេកចាំវាំងអត់ងងុយទាល់ព្រឹក» ។ អាមាត្យថា «ទេអ្នក! បើទុកជាអត់ងងុយយ៉ាងណា ក៏ដាស់ឡើងត្បិតស្ដេចទ្រង់ហៅប្រញាប់» ។ ប្រពន្ធមហាសេដ្ឋីប្រណីកូនមិនហ៊ានដាស់ បញ្ជូនកូនស្រីឲ្យទៅដាស់ថា «នាងឯងទៅដាស់បងឡើង» ។ ឯនាងកូនស្រីប្រកែកថា «ទេម៉ែ! ខ្ញុំមិនហ៊ានទៅដាស់ទេ ព្រោះគាត់ទើបនឹងសម្រាន្តអំបាញ់មិញ» ។ ចៅកាំបិតបន្ទោះឮគេមាត់ ក៏រឭកឡើងចេញទៅក្រៅ ។ ម្ដាយឃើញកូនរឭក ប្រាប់កូនថា «កូន! ស្ដេចទ្រង់ហៅកូនទៅ ឥឡូវរាជបម្រើគេអង្គុយតែចាំ» ។ ចៅកាំបិតបន្ទោះ ក៏លុបមុខ សិតសក់ ឆ្លុះកញ្ចក់ ស្លៀកសំពត់ ចុះទៅជាមួយអាមាត្យ ទៅដល់ស្ដេចមានព្រះបន្ទូលសួរថា «ហ្នឹងហើយឬកូនអ្នកឯងមហាសេដ្ឋី?» ។ មហាសេដ្ឋីទូលថា «សូមទ្រង់ព្រះមេត្តាប្រោស! ហ្នឹងហើយកូនទូលព្រះបង្គំជាខ្ញុំ» ។ ស្ដេចទ្រង់សួរថា «នរណា ដេកចាំវាំងយប់មិញ?» ។ ចៅកាំបិតបន្ទោះដងមួយ ក្រាបបង្គំទូលថា «ទូលព្រះបង្គំជាខ្ញុំទទួលព្រះរាជមានដំណេកយប់មិញ» ។ ស្ដេចទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់មានព្រះបន្ទូលទៅនឹងមហាសេដ្ឋីថា «មហាសេដ្ឋី! ការដែលដាច់រលំព្រះរាជរោងអញអស់នេះ អញពុំមានចិត្តខឹងទេ ធ្វើឡើងជាថ្មីទៀតបាន តែរើសរកមនុស្សដូចកូនអ្នកនេះមិនបានទេ នេះហើយ ទើបគេហៅមនុស្សពេញលក្ខណៈ» ហើយទ្រង់សួរថា «ចៅឯងឈ្មោះអ្វី?»។ ចៅកាំបិតបន្ទោះដងមួយក្រាបទូលថា «ទូលព្រះបង្គំជាខ្ញុំឈ្មោះ ចៅកាំបិតបន្ទោះដងមួយ»។ ស្ដេចមានព្រះបន្ទូលថា «ចៅកាំបិតបន្ទោះ! យប់មិញ ដែលឯងដេញកាប់អញនោះ តើកាប់នឹងអ្វី?» ។ ចៅកាំបិតបន្ទោះដងមួយក្រាបទូលថា «ទូលព្រះបង្គំកាប់នឹងកាំបិតបន្ទោះដងមួយ» ។ ទ្រង់មានព្រះបន្ទូលថា «ចៅឯងយកកាំបិតបន្ទោះនោះមកមើល! បើថាឯងកាប់នឹងកាំបិតបន្ទោះនោះមែន» ។ ចៅកាំបិតបន្ទោះដងមួយទូលថា «សូមទ្រង់ព្រះមេត្តាប្រោស! បើទ្រង់ចង់ជ្រាបថា កាំបិតបន្ទោះនេះមុតឬមិនមុត ទ្រង់ឲ្យយកក្ដារមកដាក់តម្រួតគ្នា ៧ ជាន់ ទូលព្រះបង្គំគ្រាន់តែអូសថ្វាយទត» ។ ស្ដេចពុំជឿ ទ្រង់បង្គាប់អាមាត្យឲ្យយកក្ដារមកដាក់ត្រួតគ្នា ៧ជាន់ ហើយទ្រង់ឲ្យចៅកាំបិតបន្ទោះដងមួយយកកាំបិតបន្ទោះទៅអូស ដើម្បីទ្រង់ទត ។ ចៅកាំបិតបន្ទោះដងមួយ ក៏យកកាំបិតបន្ទោះទៅអូសកាត់ទទឹង រួចស្ដេចទ្រង់សួរថា «ដាច់ហើយឬនៅ?» ។ ចៅកាំបិតបន្ទោះដងមួយ ក្រាបទូលថា «ដាច់ហើយ» ។ ស្ដេចមានព្រះបន្ទូលថា «បើដាច់ហើយ ម្ដេចក៏គ្មានស្នាម?» ។ ចៅកាំបិតបន្ទោះដងមួយ ក្រាបទូលទៀតថា «សូមទ្រង់ព្រះមេត្តាប្រោស! បើទ្រង់ពុំជឿ ឲ្យមនុស្សទាញចុងទាញដើមមើល ទើបទ្រង់ជ្រាបថាដាច់ឬមិនដាច់» ។ ស្ដេចឮចៅកាំបិតបន្ទោះដងមួយក្រាបទូលដូច្នោះទ្រង់ឲ្យអាមាត្យចាប់ទាញចុងដើម ឃើញដាច់ចេញពីគ្នាដូចគេកាត់ ។ កាលទ្រង់ទតឃើញក្ដារដាច់ចេញពីគ្នាដូច្នោះ ទើបទ្រង់ភ័យជាក្រោយ ដោយទ្រង់នឹកក្នុងព្រះទ័យថា «យប់មិញ បើប្រសិនជាចៅកាំបិតបន្ទោះដងមួយ វាកាប់ត្រូវអញ សមអញស្លាប់បងអសារ គ្មាននរណាសមសោះ នេះហេតុតែបុណ្យអញមាន បានជាមិនស្លាប់! ។ ព្រះមហាក្សត្រ ទ្រង់ទតយល់ដូច្នោះហើយ ទ្រង់មានព្រះបន្ទូលប្រាប់មហាសេដ្ឋីថា «កូនអ្នកនេះ ទើបពេញជាមនុស្សចេះរក្សាទឹកដីមែន អាចធ្វើជាមន្ត្រីរក្សាស្ដេចបាន មន្ត្រីអញទាំងអស់ ដែលស្លាប់ទៅនោះ គ្មាននរណាមួយចេះដឹងខុសត្រូវ រក្សាទឹកដីរក្សាស្ដេចបានទេ ទីកន្លែងអញ វាហានដេក ចំណីអញវាហ៊ានស៊ី បើចំណីនិងដំណេកអញ វាហ៊ានធ្វើយ៉ាងនេះទៅហើយ បើប្រសិនអញមិននៅ មើលទៅចិត្តនាហ្មឺន ដែលអញសម្លាប់នេះ ប្រហែលជាវាហ៊ានឡើងដេកនឹងប្រពន្ធកូនអញ មិនលែងឡើយ» ហើយទ្រង់បង្គាប់មហាសេដ្ឋីថា «មហាសេដ្ឋី! កូនស្រីរបស់អ្នកត្រូវអ្នករៀបផ្សំផ្គុំ ឲ្យជាប្រពន្ធចៅកាំបិតបន្ទោះដងមួយទៅ ។ ឯមហាសេដ្ឋី និងចៅកាំបិតបន្ទោះដងមួយ ក៏ថ្វាយបង្គំលាស្ដេចវិញមកផ្ទះវិញ ។ មហាសេដ្ឋី ឲ្យរៀបធ្វើរោងផ្កាស្លា ដើម្បីរៀបការកូនស្រី ផ្សំផ្គុំនឹងចៅកាំបិតបន្ទោះដងមួយនោះ ហើយមហាសេដ្ឋីអញ្ជើញអស់អ្នកមុខអ្នកការ ឧកញ៉ា ពញាព្រះ ជំទាវ ខុនណាង ញាតិសាច់ជិតខាងមកពិសាការ ។ ដល់បានឫក្សពារពេលាល្អ ក៏រៀបពិធីមង្គលការចងដៃឲ្យពរជ័យសួស្ដី ផ្សំចៅកាំបិតបន្ទោះដងមួយនឹងកូនស្រី ជាប្ដីប្រពន្ធស្រេចបរិបូណ៌ ជាសុខសប្បាយទៅ ។ ឯចៅកាំបិតបន្ទោះ លុះមានប្រពន្ធកាលណា ពុំមានខ្ជិលច្រអូសឡើយ តែងទៅគាល់ស្ដេចតែសព្វថ្ងៃរៀងទៅ ។ លុះព្រះរាជាកាន់តែចាស់ជរា ទ្រង់នឹកក្នុងព្រះចិន្ដាថា «អញចាស់ជរាហើយ នឹងរកបុត្រាគ្មាន មានតែបុត្រីអំណើះពីអញទៅ នគរអញនឹងសូន្យ ព្រោះគ្មានកូនណានឹងសោយរាជ្យស្នងអញនេះបាន ឥឡូវឃើញតែចៅកាំបិតបន្ទោះនេះ វាមានចំណេះប្រាជ្ញាកិរិយាមារយាទល្អណាស់ ដូច្នេះ គួរអញផ្សំផ្គុំបុត្រីអញឲ្យទៅវា ឲ្យវាសោយរាជ្យស្នងអញ រក្សាអស់អាណាប្រជានុរាស្ត្រចុះ» ។ ស្ដេចទ្រង់ព្រះតម្រិះក្នុងព្រះចិន្ដាតែប៉ុណ្ណោះ ក៏ទ្រង់ព្រះបញ្ជាឲ្យសង់រោងមង្គលអាពាហ៍ពិពាហ៍ ទ្រង់ឲ្យហោរគន់គូររកឫក្សពេលាល្អហើយ ទ្រង់ឲ្យមហាសេដ្ឋីចៅកាំបិតបន្ទោះដងមួយទៅថ្វាយព្រះអង្គៗ ទ្រង់អភិសេកឲ្យសោយរាជសម្បត្តិជាស្ដេច រក្សាអស់អាណាប្រជានុរាស្ត្រជាសុខសប្បាយតទៅ ។ ឯនាងជាកូនស្រីមហាសេដ្ឋី ក៏ទ្រង់ឲ្យយកមកនៅជាមួយគ្នា ។ ស្ដេចកាំបិតបន្ទោះ ទ្រង់ឲ្យមហាសេដ្ឋីធ្វើជាអគ្គមហាសេនា សម្រាប់ធ្វើរាជការរក្សាព្រះនគរស្នងព្រះអង្គ, ក្រោយមកព្រះមហាក្សត្រជាព្រះវរបិតា ទ្រង់ចាស់ជរា ទ្រង់ព្រះទិវង្គតទៅ ។ ស្ដេចកាំបិតបន្ទោះឲ្យធ្វើសាលា សង់មេរុប្រាសាទ បូជាព្រះបិតាមាតា ធ្វើបុណ្យឆ្លង ហើយធ្វើព្រះចេតិយបញ្ចុះព្រះធាតុទាំងពីរព្រះអង្គ ។ ស្ដេចកាំបិតបន្ទោះក៏គង់នៅជាសុខ ឥតទុក្ខសោករោគាបៀតបៀនឡើយ ហើយទ្រង់នឹងចង់ទៅថ្វាយបង្គំស្ដេច ដែលទ្រង់ឲ្យធ្វើកាំបិតបន្ទោះព្រះរាជទានមកកាល ដែលជាបុរសនៅឡើយ រួចទ្រង់ឲ្យឲ្យមន្ត្រីរៀបកេណ្ឌពលថ្មើរជើង រៀបព្រះទីន័ងគជេន្ទ្រ ព្រះទីន័ងអស្សពាហ៍រួចហើយ ទ្រង់ផ្ដាំអគ្គមហាសេនា ឲ្យថែរក្សាព្រះរាជវាំង មើលព្រះអគ្គមហេសីទាំងពីរ ហើយស្ដេចយាងឡើងព្រះទីន័ងគជេន្ទ្រ បរចេញទៅ ៣ខែ ទើបដល់ ។ លុះស្ដេចយាងដល់ហើយ ក៏ទ្រង់ឲ្យអមាត្យចូលទៅទូលថា «ត្បិតស្ដេចកាំបិតបន្ទោះដងមួយ ដែលកាលពីដើមបានថ្វាយខ្សែចង ដំបងវាយឯង ឆ្នាំងឆ្អិនឯង និងកែវជ្រូកដើរលើទឹក ហើយទ្រង់ឲ្យធ្វើកាំបិតបន្ទោះដងមួយព្រះរាជទានទៅ ឥឡូវបានសោយរាជ្យជាស្ដេច ចូលមកថ្វាយបង្គំព្រះអង្គ» ។ អមាត្យទទួលព្រះបណ្ដាំ ក៏ថ្វាយបង្គំទូលស្ដេចនោះតាមព្រះរាជបញ្ជា ។ ស្ដេចនោះទ្រង់ជ្រាប ក៏ទ្រង់ឲ្យរៀបទទួលយ៉ាងមហោឡារិក ។ អមាត្យវិលទៅទូលស្ដេចកាំបិតបន្ទោះវិញថា «ស្ដេចម្ចាស់នគរសុំព្រះអង្គស្ដេចយាងចូលទៅជាឆាប់ ត្បិតទ្រង់រឭកណាស់» ។ ឯស្ដេចកាំបិតបន្ទោះ ក៏ទ្រង់ឲ្យពួករេហ៍ពលយោធាដង្ហែព្រះអង្គយាងចូលទៅ ។ ស្ដេចម្ចាស់នគរទតទៅស្ដេចកាំបិតបន្ទោះ ឃើញប្លែកណាស់ ស្ទើរពុំស្គាល់ ក៏ទ្រង់ចុះចុងព្រះរាជរោង មកទទួលចាប់ព្រះហស្តនាំឡើងទៅ ហើយទ្រង់រៀបជប់លៀងអស់ពួកពលនាហ្មឺនសព្វមុខមន្ត្រី ឲ្យស៊ីផឹកសប្បាយ ហើយស្ដេចម្ចាស់នគរទ្រង់គិតក្នុងព្រះទ័យថា «ខ្លួនអញចាស់ហើយ, គ្មានបុត្រានឹងសោយរាជ្យស្នង ឥឡូវ ចៅកាំបិតបន្ទោះនេះ មានបុណ្យណាស់ បានសោយរាជ្យជាស្ដេច អញមានបុត្រីមួយនេះ មិនដឹងឲ្យទៅអ្នកណា» ទ្រង់ព្រះតម្រិះដូច្នេះហើយ ទ្រង់ក៏ឲ្យរៀបមង្គលអាពាហ៍ពិពាហ៍ ផ្សំផ្គុំព្រះរាជបុត្រី នឹងស្ដេចកាំបិតបន្ទោះនោះ អភិសេកឲ្យសោយរាជ្យជាស្ដេចទៅ ។ ឯខ្សែចងដំបងវាយ ឆ្នាំងឆ្អិនឯង កែវជ្រូក ស្ដេចជាព្រះបិតាលើកព្រះរាជទានឲ្យព្រះរាជបុត្រទាំងអស់ ។ ស្ដេចកាំបិតបន្ទោះ លុះបានសោយរាជ្យនគរពីរហើយ នឹកដល់បងនៅស្រុកចិន ទ្រង់ក៏ប្រើឲ្យទៅយកពីស្រុកចិនមក ឲ្យធ្វើអគ្គមហាសេនាស្ដីការរាជការជាធំក្នុងនគរ ។ ហើយស្ដេចកាំបិតបន្ទោះថ្វាយបង្គំលាព្រះមាតាបិតា ផ្ដាំបងឲ្យមើលការរាជការរក្សាវាំង ហើយស្ដេចយាងវិលទៅនគរដើមវិញ តែងយាងទៅយាងមកទតការខុសត្រូវ ថែទាំរក្សាអស់អាណាប្រជានុរាស្ត្រ ជាសុខសប្បាយរៀងទៅ ៕
(នឿយណាស់កុំដេក យកប្រពន្ធឲ្យមើលម្ដាយក្មេក ដេកយប់កុំនិយាយនិងស្រី)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)