ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ខេត្តស្វាយរៀង មានអ្នកពាក់ព័ន្ធ៧០នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នោះ រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្តបានរៀបចំមណ្ឌលចត្តាឡីស័កចំនួន ៥កន្លែង។

លោកអភិបាលរងខេត្តបានឱ្យដឹងទៀតថា មកដល់ពេលនេះអាជ្ញាធរបានរកឃើញអ្នកពាក់ព័ន្ធព្រឹត្តិការណ៍នេះចំនួន ៧០នាក់ មានស្ត្រី ៣០នាក់។ អ្នកពាក់ព័ន្ធទាំង៧០នាក់នេះត្រូវបានរៀបចំដាក់ឱ្យធ្វើចត្តាឡីស័កផងដែរ។

រយៈពេល៦ថ្ងៃមកនេះ មន្ត្រីជំនាញនិងអាជ្ញាធរខេត្តស្វាយរៀងបានរកឃើញអ្នកពាក់ព័ន្ធព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា» ចំនួន ៧០នាក់ ហើយត្រូវបានយកទៅដាក់ឱ្យធ្វើចត្តាឡីស័កផងដែរ។
អ្នកពាក់ព័ន្ធទាំងនេះរួមមាន៖ ទី១-អ្នកពាក់ព័ន្ធមន្ត្រីពន្ធនាគារ២នាក់មកលេងនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ សរុប១៣នាក់ (ស្រី៥នាក់), ទី២-មន្ត្រីរាជការមកពីប្រជុំនៅខេត្តសៀមរាប ថ្ងៃទី២៧ ខែវិច្ឆិកា សរុប២៥នាក់ (ស្រី៧នាក់), ទី៣-ប្រជាពលរដ្ឋបានទៅលេងផ្សារអ៉ីអន១ សរុប៥នាក់ (ស្រី២នាក់) និងទី៤-បុគ្គលិកធនាគារកាថេសាខាក្រុងបាវិត និងក្រុមគ្រួសារសរុប ២៧នាក់ (ស្រី១៦នាក់)។

បើតាមលោក តូច ប៉ូលីវ៉ា អ្នកពាក់ព័ន្ធទាំង៧០នាក់នេះត្រូវបានយកសំណាកធ្វើតេស្តរកមេរោគផងដែរ។ លទ្ធផលបង្ហាញថា មិនមានអ្នកវិជ្ជមានជំងឺកូវីដ-១៩នោះទេ។ តែទោះជាយ៉ាងណា ពួកគេនៅតែដាក់ឱ្យធ្វើចត្តាឡីស័កឱ្យគ្រប់១៤ថ្ងៃទៅតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print