ភ្នំពេញ ៖ លោកដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី៩ ខែធ្នូឆ្នាំ២០២០ យ៉ាងដូច្នេះថា ករណីប្អូនស្រី ផាន សុគន្ធារី និងប្អូនប្រុស ស៊ូ ដារ៉ា ដែលបានដាក់ពាក្យគោរពមកសុំក្តីសណ្តាសពីសម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីពេលថ្មីៗកន្លងទៅ ពេលនេះប្អូនស្រីបានជួបជុំប្តី កូនប្រុសអាយុ៥ឆ្នាំ ហើយក៏សម្រាលបានកូនតូចគួរអោយស្រឡាញ់ដែលបានអាយុ២០ថ្ងៃហើយ។
លោករដ្ឋលេខាធិការ ដួង តារា បានថ្លែងបន្តថា ជាអកុសល ប្អូនទាំងពីរក្រោយពីបានជួបជុំក្រុមគ្រួសាររួចមក ក៏ត្រូវបានជនខិលខូចដែលមានជំនាញបច្ចេកវិទ្យា (IT) បានលួចដកយកលុយពីគណនីក្នុងធនាគារ ABA អស់ $15,800 ។ ថ្មីៗនេះជនខិលខូចក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅខេត្តកំពង់ឆ្នាំង ហេីយភ្លាមៗនោះសមត្ថកិច្ចបានដកហូតលុយ $15,800 ដែលជននេះលួចដកបង្វិលចេញទៅ Account ផ្សេងប្រគល់ទៅអោយប្អូនស្រី ផាន សុគន្ធារី និង ស៊ូ ដារ៉ា វិញ។
ការលួចដកលុយ (transfer) ចេញពី Account របស់ប្អូនទាំង២បញ្ជូនចេញទៅគណនីជនល្មើសកន្លងមក គឺធ្វើតាមABA App លើទូរស័ព្ទដៃរបស់ប្អូនទាំង២ដែលទូរស័ព្ទនេះត្រូវបានដកហូតទុកជាវត្ថុតាងចាប់យក និងរក្សាទុកដោយមន្រ្តីអនុវត្តច្បាប់ម្នាក់។
រឿងបុគ្គលដែលប្រព្រឹត្តិខុសច្បាប់ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់នូវអ្វីដែលខ្លួនបានប្រព្រឹត្តិខុស ហើយមិនត្រូវអូសអង្គភាព ស្ថាប័ន ឬក្រសួងមកពាក់ព័ន្ធជាមួយអំពើល្មើសដែលខ្លួនបានប្រព្រឹត្តិឡើយ។
នេះក៏ជាមេរៀនសម្រាប់មន្រ្តីនានាដែលមានភារកិច្ចដូចនេះ កុំអោយបន្តប្រព្រឹត្តិខុសយកទូរស័ព្វនិងលេខសំងាត់(Password) ជនរគ្រោះទៅលួចដកលុយដូចករណីខាងលើ គឺខុសនឹងច្បាប់ធ្ងន់ធ្ងរ ។
មន្រ្តីអនុវត្តច្បាប់ ដែលប្រព្រឹត្តិទង្វើរខុសច្បាប់ និងខ្វះក្រមសីលធម៌វិជ្ជាជីវៈបែបនេះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ។ យើងក៏មិនត្រូវលើកទឹកចិត្តអោយមន្រ្តីខិលខូចធ្វេីបាបពលរដ្ឋស្លូតត្រង់ហេីយបន្តប្រព្រឹត្តិអំពើខុសច្បាប់ និងខុសក្រមសីលធម៍វិជ្ជាជីវៈតទៅទៀតឡើយ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ៖ សិលា