ខេត្តកំពង់ធំ ៖ គួរឲ្យអាណោច អាធ័មណាស់ដែលក្មេងប្រុសស្រីបងប្អូនបង្កើត៣នាក់ បានចុះលេងទឹកស្រះ ពេលឪពុកម្តាយមិននៅផ្ទះ បានលង់ទឹកស្លាប់។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅ ភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលបាក់ស្នាបានឲ្យដឹងថា ក្មេងរងគ្រោះដែលលង់ទឹកស្រះស្លាប់ទាំង៣នាក់រួមមាន ៖
១.ឈ្មោះ យ៉ិត សុខគីន ភេទ ប្រុស អាយុ ០៦ឆ្នាំ
២.ឈ្មោះ យ៉ិត កញ្ញា ភេទស្រី អាយុ០៦ឆ្នាំ(កូនភ្លោះ)និង
៣.ឈ្មោះ យ៉ិត ហ៊ាន់ ភេទប្រុស អាយុ០៤ឆ្នាំ។ ទាំងបីនាក់ត្រូវជាបងប្អូនបង្កើត។
តាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍រដ្ឋបាលបាក់ស្នាបានឲ្យដឹងថា មុនពេលកើតហេតុ ឪពុកម្តាយក្មេងរងគ្រោះទាំង៣នាក់នាំគ្នាចេញទៅរកស៊ីនៅក្រៅផ្ទះអស់ដោយទុកឲ្យកូនៗទាំងនេះនៅចាំផ្ទះ។លុះពេលឪពុកម្តាយចេញផុត ស្រាប់តែកូនៗនាំគ្នាចុះទៅមុជទឹកស្រះលេងនៅចម្ងាយជាង៣០ម៉ែត្រពីផ្ទះបណ្តាលឲ្យលង់ស្លាប់ទាំង៣នាក់ដោយគ្មានអ្នកណាដឹងឡើយ។
ក្រោយមកឪពុកម្តាយមកដល់ផ្ទះបាត់កូនៗមិនឃើញនៅផ្ទះនាំគ្នាដើររកទើបដឹងថាកូនលង់ទឹកស្លាប់ទាំង៣នាក់បានត្រឹមស្រែកទ្រហោរយំស្ទើរខ្សោះទឹកភ្នែកប៉ុណ្ណោះ។
ក្រោយមក សមត្ថកិច្ចជំនាញមកដល់ធ្វើកោសល្យវិច័យហើយសន្និដ្ឋានថា ជនរងគ្រោះទាំង៣នាក់ពិតជាស្លាប់ដោយលង់ទឹកស្រះប្រាកដមែនរួចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ÷ប្រាថ្នា