នូវែលហ្សេឡង់ ប្រារព្ធខួបមួយឆ្នាំថ្ងៃផ្ទុះភ្នំភ្លើងសម្លាប់មនុស្ស២២នាក់

ចែករំលែក៖

ភ្នំភ្លើងនៅលើកោះស បានផ្ទុះព្រួសភ្លើងសម្លាប់មនុស្ស​​២២នាក់ ក្នុងនោះមានអ្នកទេសចរជនជាតិអូស្ត្រាលី​១៣នាក់ ។ ក្រៅពីនេះជាជនជាតិនូវែលហ្សេឡង់​ និងរងរបួសជាច្រើន​។
នៅថ្ងៃទី​៩ខែធ្នូ រដ្ឋាភិបាលនូវែលហ្សេឡង់​បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះ២២នាក់ស្លាប់ដោយសារផ្ទុះភ្នំភ្លើងនៅលើកោះស(White Island)។ ​មានប្រសាសន៍នៅក្នុងពិធី​នាតំបន់Whakatane ជាស្រុកមួយក្បែរកោះស នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់​លោកស្រីJacinda Ardern ​បានរៀបរាប់ឲ្យដឹងថា​ នោះជាគ្រោះមហន្តរាយ​បង្កឲ្យខាតបង់យ៉ាងធំធេងដល់ប្រទេសជាតិ​។
លោកស្រី​ Jacinda Ardern ក៏បានជូនពរដល់អ្នកដែលរួចផុតពីក្តីស្លាប់ដោយផ្ទុះភ្នំភ្លើងខាងលើ និងអរគុណដល់កម្លាំងជួយសង្គ្រោះ​ ក្រុមគ្រូពេទ្យដែលបានជួយទាន់ពេលវេលា​ដល់អ្នករងរបួស។
នៅក្នុងប្រទេសអូស្ត្រាលីវិញ ពីរដ្ឋធានី ខែនបឺរ៉ា(Canberra) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី​Marise Payne បានចូលរួមរំលែកទុក្ខដល់ការបាតបង់ខាងលើ​​។ លោកស្រី​Marise Payne បន្តទៀតថា រដ្ឋាភិបាល​បានជូនពរដល់គ្រួសារដែលរួចផុតពីក្តីស្លាប់ដោយគ្រោះធម្មជាតិកាលពីមួយឆ្នាំមុន។
កោះស ស្ថិតនៅឈូងសមុទ្រPlenty មានចម្ងាយពីឆ្នេរសមុទ្រនូវែលហ្សេឡង់​៤៨គីឡូម៉ែត្រប៉ុណ្ណោះ​។ កោះសជាកម្មសិទ្ធិរបស់ឯកជន​ជាតំបន់ទេសចរណ៍​ផ្សងព្រេងដ៏ល្បីល្បាញនៅលើពិភពលោក ដោយមានមនុស្សទៅកាន់ទីនោះជាង​១ម៉ឺននាក់ក្នុងមួយឆ្នាំ។ នៅថ្ងៃទី​៩ខែធ្នូឆ្នាំ​២០១៩ភ្នំភ្លើង កោះស បានផ្ទុះព្រួសកម្អែកម្ពស់ ៣,៦គីឡូម៉ែត្រទៅលើអាកាស៕ដោយ៖ធី រីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print