ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវកម្លាំងនគរបាលខណ្ឌជ្រោយចង្វា រួមជាមួយកម្លាំងសន្តិសុខក្រុមហ៊ុន OCIC ធ្វើការដេញចាប់ប៉ផាប់ពភីង ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពកាច់សោ.កម៉ូតូ ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ របស់ប្រជាពលរដ្ឋម្នាក់ដែលចាក់សោម៉ូតូទុកនៅមុខកន្លែងស្នាក់នៅ ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី០៩ ធ្នូ ២០២០ នៅចំណុច ការដ្ឋានOCIC ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ យ៉ាន់ ថុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។
ចំណែកជនសង្ស័យម្នាក់ទៀតដែលជិះម៉ូតូហ្ស៊ូមើរបានគេចខ្លួនបាត់ស្រមោល។ចំណែកជនរងគ្រោះមានឈ្មោះ ធី នូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្តឱ្យក្រុមហ៊ុន OCIC ស្នាក់នៅក្នុងការដ្ឋាន។
តាមប្រភពពីបងប្រុសជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅចំណុចមុខកន្លែងស្នាក់នៅក៏បានចូលទៅក្នុងហូបបាយ។ លុះដល់ម៉ោងកើតហេតុស្រាប់តែមានជនសង្ស័យ ២នាក់ជិះម៉ូតូ zoomer-x មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ជនរងគ្រោះបានសម្រេចរួចជិះចេញ តែពេលនោះជនរងគ្រោះបានឃើញក៏ស្រែកឆោឡោផ្អើលដល់សន្តិសុខដែលយាមកាមនៅក្នុងក្រុមហ៊ុន OCIC បានបោះដៃតាមវិទ្យុទាក់ទង ជាមួយសមត្ថកិច្ចធ្វើការឡោមព័ទ្ធដេញប៉ផាប់ចាប់ពភីងរហូតដល់ផ្លូវជាតិលេខ៦ មុខសណ្ឋាគារមេគង្គ ទើបសមត្ថកិច្ចចាប់បានជនសង្ស័យរួមទាំងម៉ូតូរបស់ជនរងគ្រោះយកមកសាកសួរមកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ។
បច្ចុប្បន្នជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ចូនជនសង្ស័យទៅតុលាការ ចាត់ការទៅតាមនិតិវិធីច្បាប់៕
ដោយ៖ រ៉ារ៉ា