ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូហុងដាស្កុបពីមួយគ្រឿងយ៉ាងលឿន ហើយជ្រុលទៅបុកម៉ូតូស៊ុយសុគី វីវ៉ា ជិះដោយប្ដីប្រពន្ធនិងកូនមានគ្នា៤នាក់ ចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យរលាត់មុខមាត់ និងខ្លួនប្រាណចេញឈាមតែរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវ៦០ម៉ែត្រ កែងផ្លូវបេតុងគ្មានលេខ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
តាមសាក្សីដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ រួមទាំងប្រពន្ធនិងកូនៗមានគ្នា៤នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI Viva ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1I-9698 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ខណៈមកដល់កន្លែងកើតហេតុក៏បានបត់ឆ្វេងឆ្លងផ្លូវបំណងចូលផ្លូវបេតុង តែពេលឆ្លងជិតផុតក៏មានយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក hongda scoopy ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1AG-0284 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនហើយមិនប្រយ័ត្នក៏បានបុកម៉ូតូ SUZUKI Viva កំពុងឆ្លងផ្លូវចំពីចហៀងពេញទំហឹង បណ្ដាលឲ្យមនុស្សដួលត្រណួកត្រណែលពេញផ្លូវ និងអ្នករលាត់មុខមាត់ទាំងខ្លួនប្រាណ( តែស្រាល) រីឯម៉ូតូ SUZUKI Viva រងការខូចខាតតិចតួច ក៏ប៉ុន្តែម៉ូតូ hongda scoopy រងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុ ភាគីទាំងពីរបាននិយាយដោះស្រាយគ្នាមួយសន្ទុះ ដោយមានអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋជាច្រើនបានជួយសម្របស្រួលផងនោះ ក៏យល់ព្រមយកម៉ូតូទៅជួសជុល និងលាងរបួសរាងៗខ្លួន ៕ ដោយ ៖ ភារ៉ា ដង្កោ