ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ប្រដាប់អាវុធ នៅទីបញ្ជាការវរសេនាតូចស៊ើបការណ៍យោធភូមិភាគទី៥ ឃុំធិបតីស្រុកគាស់ក្រឡខេត្តបាត់ដំបង។
អញ្ជើញចូលរួមអមដំណើរលោក មេបញ្ជាការមាន លោកមេបញ្ជាការរង នាយសេនាធិការរងយោធភូមិភាគទី៥ លោកមេបញ្ជាការ មេបញ្ជាការង លោកនាយការិយាល័យ តាមបណ្តាអង្គភាពចំណុះ។
នៅក្នុងពិធីបិទវគ្គនេះលោកមេបញ្ជាការក៏បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ ៥គ្រួសារនិងគ្រួសារកងទ័ព ៥គ្រួសារ ក្នុង១គ្រួសារ ទទួលបានមី ១កេស ត្រីខ ១យួរ អង្ករ ១ការុង ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ថវិកា ២ម៉ឺនរៀល។
បន្ទាប់មកលោកបានអញ្ជើញទស្សនាការសំដែងក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ ទស្សនាបទបង្ហាញតុខ្សាច់ និងបានបញ្ចុះបឋមសិលាសាងសង់វេទិកាថ្មីនៅមុខដងទង់ជាតិបន្ថែមទៀតផង។
លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានធ្វើការកោតសរសើរដល់វរសេនាតូចស៊ើបការណ៍យោធភូមិភាគទី៥ ដែលបានខិតខំប្រឹងប្រែងកសាងអង្គភាព ក៏ដូចជាពង្រឹងកម្លាំងបានល្អប្រសើរក្នុងការឆ្លើយតបតាមផែនការក៏ដូចជាបទបញ្ជារបស់ថ្នាក់លើបានដាក់ចុះ។
លោកមេបញ្ជាការក៏បានផ្ដាំផ្ញើដល់កម្លាំងដែលបានបិទវគ្គនៅក្នុងថ្ងៃនេះឲ្យបន្តយកចិត្តដាក់ពង្រឹងនិងពង្រីកបន្ថែមនូវសមត្ថភាពរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ថែមពីនេះលោកមេបញ្ជាការបានក្រើនរំលឹកដល់កម្លាំងទាំងអស់ឲ្យបន្តយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីការទប់ស្កាត់ការឆ្លងរីកសាយភាយនូវជំងឺកូវីដ-១៩ ចូលសហគមន៍ ដោយកាត់បន្ថយការជួបជុំ បើចាំបាច់ពេលជួបជុំត្រូវពាក់ម៉ាស ឧស្សាហ៍លាងដៃសម្អាតជាមួយអាល់កុល សាប៊ូ ជែលឲ្យបានញឹកញាប់និងរក្សាគម្លាតសុវត្ថិភាពបុគ្គលមួយម៉ែត្រកន្លះឡើងទៅ៕ ដោយ៖ សូរិយា