ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចុះហត្ថលេខាលើប្រកាសអន្តរក្រសួងជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ដីពី ការបង្កើតក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណសម្បត្តិនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។
ក្នុងនោះ ត្រូវបានបង្កើតក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណសម្បត្តិនៃ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ ក្រុមការងារនេះមានតួនាទី ភារកិច្ចដូចខាងក្រោម៖
– ពិនិត្យឡើងវិញនូវលក្ខណសម្បត្តិ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធ្វើការកែសម្រួលអោយបានសមស្របជាមួយនឹងសភាពការណ៍វិវត្តប្រែប្រួលនៃបទល្មើស និងការចូលរួមរបស់ប្រជាពលរដ្ឋ។
– ពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ព្រមទាំងបញ្ហាផ្សេងៗទៀតដែលពាក់ព័ន្ធនឹង សុវត្ថិភាពរបស់ប្រជាពលរដ្ឋ នៅក្នុងលក្ខណសម្បត្តិនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ សិក្សា ពិនិត្យ និងកែសម្រួលគោលការណ៍ វិធានការ និងយន្តការនានា នៃចលនាប្រលងប្រណាំងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
– ធ្វើរបាយការណ៍អំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ និងការពិនិត្យបញ្ហាខាងលើនេះជូន រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីពិនិត្យ សម្រេច។
– បំពេញការងារផ្សេងៗទៀតតាមការចាំបាច់ និងតាមការណែនាំរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ។
អនុប្រធាន និងសមាជិកក្រុមការងារត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញ និងទទួលភារកិច្ចតាមការចាត់ចែង របស់ប្រធានក្រុមការងារ។ ក្រុមការងារអាចប្រើប្រាស់មន្ត្រីក្រោមឱវាទដើម្បីជួយបំពេញការងារ តាមការចាំបាច់។
ក្រុមការងារមានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងមហាផ្ទៃ ។
សូមអាននូវខ្លឹមសារ នៃការចុះហត្ថលេខាលើប្រកាសអន្តរក្រសួងជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ដីពី ការបង្កើតក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណសម្បត្តិនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ទាំងស្រុង ៕
ដោយ៖ សុខ ខេមរា