ក្រសួងបរិស្ថាន រំលឹកអំពី”ភ្នំ ដូនពេញ”

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០ បានរំលឹកអំពីភ្នំដូនពេញ ដោយដកស្រង់ចេញពីប្រភពHeritages Dairy- បេតិកភណ្ឌ​ប្រចាំថ្ងៃ ហើយបញ្ជាក់ថាតំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ។

ក្រសួងបរិស្ថានបានបន្តថា រាប់សែនឆ្នាំកន្លងមក ធម្មជាតិបានបង្កើតទួលធម្មជាតិ​មួយ។ ទួល​នេះហៅថា បេតិកភណ្ឌធម្មជាតិ។​ នៅលើតំបន់បេតិកភណ្ឌធម្មជាតិនេះ មនុស្ស(លោកយាយឈ្មោះ ពេញ ហៅថា ដូនពេញ និងអ្នកភូមិ)បានកសាងស្នាដៃ(លើកដីពូនទៅជាភ្នំលើទួលនោះ)។ ភ្នំនេះ ហៅថា ភ្នំ ដូនពេញ។ ភ្នំនេះ ជាបេតិកភណ្ឌវប្បធម៌ ព្រោះ ជាស្នាដៃរបស់មនុស្ស។

ប្រវត្តិសាស្ត្រកម្ពុជាចារថា នៅ គ.ស. ១៣៧២ ព្រះវិហារមួយ ត្រូវបានកសាងឡើងពីឈើ និងប្រក់ស្បូវ នៅលើភ្នំនេះ សម្រាប់តម្កល់ទេវរូបធ្វើពីថ្ម មួយអង្គ និងព្រះពុទ្ធរូបសំរិទ្ធ ៤អង្គ រកឃើញ ដោយ ដូនពេញ ក្នុងកំណាត់ឈើគគីរអណ្តែតមកទើនៅ​ច្រាំងទន្លេម្តុំនោះ។ ក្រោយមក ដូនពេញបាននិមន្ត ព្រះសង្ឃមកគង់នៅជើងភ្នំ ហើយទីនោះត្រូវបានហៅថា វត្តភ្នំដូនពេញ។ បច្ចុប្បន្នគេនិយម ហៅកាត់ថា វត្តភ្នំ (សូមស្វាគមន៍រាល់មតិបេីមានខ្វះ ឬ លើស)។

ប្រវត្តិសាស្ត្រកម្ពុជា បង្ហាញទៀតថា នៅ គ.ស.​១៤៣៤ ព្រះបាទ ពញាយ៉ាត យាងចូលមកគង់ ក្នុងរាជវាំងសង់ថ្មី នៅទិសអាគ្នេយ៍នៃភ្នំដូនពេញ និង នៅ គ.ស.១៤៣៧ ព្រះអង្គប្រទាននាមក្រុងថ្មីនេះថា ក្រុងចតុម្មុខមហានគរភ្នំដូនពេញ ដើម្បីកុំឱ្យបាត់ឈ្មោះ និងកេរដំណែលរបស់ដូនពេញ។ ទ្រង់ បានបញ្ជាឱ្យឧកញ៉ា តេជោ​ស្រីចៅហ្វាយស្រុកសំរោងទង លើកដីបំពេញរាជធានីថ្មី ព្រមទាំងលើក​ដីបំពេញភ្នំដូនពេញឱ្យរីកធំខ្ពស់ឡើង និងកសាងព្រះចេតិយធំមួយនៅក្រោយវិហារចាស់របស់ដូនពេញ។ បច្ចុប្បន្ននេះ បើមើល​ពីចំងាយ គេឃើញ ចេតិយព្រះរាជវង្សព្រះចៅពញាយ៉ាត ដ៏ធំ​លេី​កំពូល​ភ្នំដូនពេញ។

សូមចូលរួមអភិរក្សតំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ជាព្រលឹងជាតិយើង។
ក្រុមការងារបានថតនៅខែធ្នូ ឆ្នាំ២០២០។ សូម ជូនពរ គ្រួសារកម្ពុជា ជួបតែសុខភាពល្អ សុភមង្គល និងគេចផុតពីជំងឺ កូវីដ-១៩ ក្នុងសហគមន៍៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print