កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅតែពន្លឿនការសាងសង់ ដើម្បីបញ្ចប់នៅខែឧសភា ឆ្នាំ២០២១ ខណៈសម្រេចបាន៨៥%ហើយ

ចែករំលែក៖

ភ្នំពេញ៖ កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ស្ថិតនៅខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងត្រូវបានពន្លឿន ការសាងសង់យ៉ាងសកម្ម របស់ក្រុមហ៊ុន សាង់សងចិន ដើម្បីបញ្ចប់ការស្ថាបនា នាខែឧសភា ឆ្នាំ២០២១ តាមការគ្រោងទុក ដើម្បីប្រគល់ជូនកម្ពុជា សម្រាប់ការប្រើប្រាស់ ដល់ការរៀបចំ ធ្វើម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បញ្ជាក់ថា ពហុកីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណង របស់សាធារណរដ្ឋ ប្រជាមានិតចិន បានសាងសង់ ប្រមាណជា៨៥ភាគរយ ហើយៗគ្រោងនឹងបញ្ចប់ ការសាងសង់រួចរាល់ នៅខែឧសភា ឆ្នាំ២០២១។ គិតមកដល់ ពេលនេះ សំណង់ បានសាងសង់ប្រមាណជា ៨៥ភាគរយហើយ ដោយភាគីចិន បានពន្លឿន ការងារបានច្រើន ក្នុងនោះបាន បំពាក់ដំបូល ជារចនាបថក្បាច់ផ្កាចន្ទបាន ១០ភាគរយ ទៅ ២០ភាគរយ បំពាក់កៅអី មានព៌ណចម្រុះបន្ថែម មានព៌ណស ខៀវ និងបៃតង។

លោក វ៉ាត់ ចំរើន បន្ថែមថា បន្ទាប់ពី បញ្ចប់ការសាងសង់ ពហុកីឡដ្ឋាជាតិ មរតកតេជោ នឹងរៀបចំ ការប្រកួតសាកល្បង ដូចជាកីឡាបាល់ទាត់ ជាពិសេស ការប្រកួតជាលក្ខណៈមិត្តភាព អន្តរជាតិកម្ពុជា-ចិន ដើម្បីអបអរសាទរ ពិធីដាក់ឱ្យប្រើប្រាស់ ជាផ្លូវការឱ្យបានអធិកអធម និងជាការថ្លែងអំណរគុណ ដល់មិត្តចិនផងដែរ។
គួរបញ្ជាក់ថា តាមការបញ្ជាក់ពី ក្រុមហ៊ុនសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់ នាខែឧសភា ឆ្នាំ២០២១ ដោយត្រូវការពេលវេលាបន្ថែម ក្នុងការបំពាក់កៅអី កញ្ចក់ ការតុបតែងផ្សេងៗ ជាពិសេស គឺការតុបតែងផ្នែកខាងក្នុងកីឡដ្ឋានធំ ដូចជាទីលានបាល់ទាត់ ទីលានរត់អត្តពលកម្ម សណ្ឋាគារ បន្ទប់ VIP ដោយ សង្ឃឹមថា នៅពាក់កណ្តាលឆ្នាំ២០២១ នឹងបញ្ចប់ការសាងសង់កីឡដ្ឋានធំទាំងស្រុង ហើយនៅឆ្នាំ២០២២ ត្រៀមបើកសម្ពោធការប្រកួតកីឡាជាតិ លើកទី៤ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។
នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោនេះដែរ ក៏មានភូមិកីឡា ដែលកំពុងដំណើរការសាងសង់ដូចគ្នា ដែលជាកន្លែងហូបចុកស្នាក់នៅរបស់អត្តពលិក គ្រូបង្វឹក មន្ត្រីកីឡាបានប្រមាណ៧០០០នាក់ ដែលអាចកាត់បន្ថយការចំណាយលើការរៀបចំនេះបានច្រើន ដែលអត្តពលិក គ្រូបង្វឹកអាចហូបចុក ស្នាក់នៅទីនេះជុំគ្នា ផ្តល់ភាពងាយស្រួល ក្នុងការប្រកួត ហើយមិនចំណាយលើការស្នាក់នៅសណ្ឋាគារ និងការដឹកជញ្ជូនជាដើម៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print