សេចក្តីជូនដំណឹង ស្តីពី ការប្រើលេខកូដ *1200# ដើម្បីផ្តាច់សេវាកម្មទូរស័ព្ទបន្ថែម ដែលមិនត្រូវការប្រើ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានសេចក្តីជូនដំណឹង ស្តីពី

ការប្រើលេខកូដ“1200# ដើម្បីផ្តាច់សេវាកម្មទូរសព្ទបន្ថែម ដែលមិនត្រូវការប្រើ។ ក្នុងនោះ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ដោយមានការត្អូញត្អែរពីអ្នកប្រើប្រាស់អំពីបញ្ហាកាត់ទឹកប្រាក់ទូរសព្ទពីប្រតិបត្តិករដោយពុំដឹងមូលហេតុ ឬការភ្ជាប់ សេវាកម្មផ្សេងៗដោយមិនបានដឹង ក្រសួងបានណែនាំដល់និយ័តករទូរគមនាគមន៍កម្ពុជា ឱ្យសហការជាមួយប្រតិបត្តិករ ទូរសព្ទចល័តទាំងអស់ រៀបចំយន្តការដាក់ឱ្យដំណើរការលេខកូដ*1200# ដើម្បីឱ្យអ្នកប្រើប្រាស់អាចពិនិត្យនិងផ្តាច់ រាល់សេវាបន្ថែមដែលមិនមានតម្រូវការប្រើប្រាស់ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ តទៅ ។

ក្រសួងសូមបញ្ជាក់បន្ថែមថា បច្ចុប្បន្នប្រតិបត្តិករទូរសព្ទបានបែងចែកសេវាកម្មទូរសព្ទជាពីរប្រភេទគឺ៖ – សេវាទូរសព្ទចល័ត (Mobile Service) សំដៅដល់សេវាដែលប្រើប្រាស់ ជាប្រចាំ សម្រាប់ការហៅទូរសព្ទ និងការប្រើអឺនធឺណិត រួមទាំងគម្រោងប្តូរប្រាក់ប្រចាំសប្តាហ៍ ឬប្រចាំខែ ជាដើម។

សេវាឌីជីថល (Digital Service) សំដៅដល់សេវាបន្ថែមនានា ឬសេវាកម្មកំសាន្ត មានជាអាទិ៍ សេវាហោរាសាស្ត្រ សេវាស្វែងរកការងារ សេវាបណ្តាញទំនាក់ទំនងសង្គម សេវាហ្គេម សេវា Missed Call Alert នឹង សេវា CallTune ជាដើម។

អ្នកប្រើប្រាស់ទូរសព្ទភាគច្រើន អាចមានជួបប្រទះបញ្ហាកាត់ទឹកប្រាក់ដោយសារ “សេវាឌីជីថល” ។ ដើម្បី ផ្តាច់ចេញនូវសេវាទាំងនេះ សូមទស្សនាវីដេអូណែនាំ និងខិតបណ្ណផ្សព្វផ្សាយពន្យល់បន្ថែមតាមគេហទំព័រ និងទំព័រ បណ្តាញសង្គមផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់គួរយល់ដឹងអំពីទំហំ កញ្ចប់សេវាកម្មដែលខ្លួនកំពុងប្រើ សុពលភាព និងសេវាបន្ថែមរបស់ក្រុមហ៊ុននីមួយៗ ឱ្យបានច្បាស់លាស់នៅពេល មានការភ្ជាប់គម្រោងទាំងនោះ។ សូមបញ្ជាក់ផងដែរថា មុនពេលបញ្ចូលទឹកប្រាក់ដើម្បីភ្ជាប់គម្រោង ឬសេវាកម្មណាមួយ អ្នកប្រើប្រាស់គួរបិទអឺនធឺណិតជាមុន ដើម្បីជៀសវាងការកាត់ទឹកប្រាក់ដោយសារការប្រើសេវាអឺនធឺណិតជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងផ្នែកសេវាអតិថិជនរបស់ក្រុមហ៊ុនទូរសព្ទដែលលោកអ្នកកំពុងប្រើប្រាស់ដូចជា ក្រុមហ៊ុនស្មាតតាមលេខ ៨៨៨ ក្រុមហ៊ុនមិត្តហ្វូនតាមលេខ ១៧៧៧ និងក្រុមហ៊ុនសែលកាតតាមលេខ ៨១២។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print