ភ្នំពេញ៖ ដោយសារតែកត្តាមនុស្សបើកបរមិនគោរពស្តុបសញ្ញាចរាចរណ៍ ទើបបង្កក្លាយជាករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវR5 កែង ផ្លូវR8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហ៊ុងដាឌ្រីមសង់ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-9936 បើកបរតាមបណ្តោយR5 ទិសដៅពីត្បូងទៅជើងពេលហ្នឹងមកដល់ចំណុចកើតហេតុ ដោយសារតែគាត់មិនគោរពភ្លើងស្តុបសញ្ញាចរាចរណ៍ ក៏ជ្រុលល្បឿនទៅបុករថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2T-9952 ដែលបើកបរបញ្ច្រាសទិសគ្នាដែលរថយន្តបត់ឆ្វេង ពេញទំហឹងបណ្ដាលឲ្យរថយន្តអូសម៉ូតូនៅខាងក្រោមប្រហែល 5 ម៉ែត្រពីទីតាំងកើតហេតុ តែមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយម្ចាស់ម៉ូតូសងសំណងទៅម្ចាស់រថយន្តចំនួន 100 ដុល្លារអាមេរិកដើម្បីបញ្ចប់រឿងតែម្ដង៕ដោយ៖ រ៉ារ៉ា