ភ្នំពេញ ៖ នាថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៦៥៤ ត្រូវនឹងព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន រួមជាមួយលោក លោកស្រី សមាជិក សមាជិកាទាំងអស់ បានចូលរួមបរិច្ចាគប្រាក់បៀវត្សប្រចាំខែរៀងៗខ្លួន សរុបជាទឹកប្រាក់ចំនួន ១១៨,៥៣៥,៧០០ រៀល ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ ដែលជំហានដំបូងនឹងទិញវ៉ាក់សាំងចំនួន១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋចំនួនប្រមាណ ៥០ម៉ឺននាក់។
ឆ្លៀតក្នុងឱកាសនេះដែរ គណៈកម្មការទី៧ នៃរដ្ឋសភា សូមសម្តែងនូវការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន សប្បុរជនជាតិ និងអន្តរជាតិ និងសាធារណជនទាំងអស់ ដែលបានបង្ហាញនូវទឹកចិត្តជួយគ្នា រួមគ្នា គិតគូរដល់សុខមាលភាព និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលនេះសបញ្ជាក់យ៉ាងច្បាស់នូវភាពទទួលខុសត្រូវខ្ពស់ក្នុងនាមជាថ្នាក់ដឹកនាំ និងប្រជាជាតិខ្មែរតែមួយ៕
ដោយ, សិលា