ខេត្តកណ្ដាល៖ ក្នុងស្មារតីស្រឡាញ់ជាតិ មាតុភូមិ និងរួមចំណែកកាត់បន្ថយការលំបាករបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្ត ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានបរិច្ចាគថវិកាចំនួន ៨.៤៦០.០០០រៀល និង ៣៩៥ដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ-១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងជាជំហ៊ានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕
ដោយ, សុខ ខេមរា