ភ្នំពេញ៖ តាមពិតជើងខ្លាំងបាញ់មនុស្សដោយសេរី ឈ្មោះ កេត ផារ៉ែន ជានគរបាលស័ក្តិ៤ ធ្វើការនៅ លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ នេះបើយោងតាម សេចក្ដីបំភ្លឺរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា: ក្រុមព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមបំភ្លឺជូនសាធារណៈជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គមឱ្យបានជ្រាបពាក់ព័ន្ធ ករណីផ្ទុះអាវុធ កាលពីវេលាម៉ោង ១១៖២០នាទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ចំនួន០២គ្រាប់នៅចំណុចមុខផ្ទះ យីហោ ពេជ្រម៉ូម៉ូចាក់សាក់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជាប់ព្រំប្រទល់ខណ្ឌដង្កោ។
ហេតុការណ៍នេះ អ្នកសារព័ត៌មានបានបញ្ជាក់ថា បង្កដោយឈ្មោះ គៀត សុផារ៉ែន អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌកំរិតធ្ងន់ ក្រសួងមហាផ្ទៃ ពាក់សក្តិ៤ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ពូន ប៊ុនស៊ីម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅ ម្តុំរោងចក្រគួងហុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ បណ្ដាលឲ្យត្រូវលើស្មងជើង ធ្លាយទៅបាតជើង១គ្រាប់ជនរងគ្រោះ និងមួយគ្រាប់ទៀត ទៅចំទ្វារកញ្ចក់ផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបែកអស់១ផ្ទាំងផងដែរ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមបញ្ជាក់ជូនសាធារណៈជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ឱ្យបានជ្រាបថា៖ លោកវរសេនីយ៍ត្រី កេត ផារ៉ែន អត្តលេខ៦៨៣៣៥ អាយុ៣៤ឆ្នាំ ឋានជានាយផ្នែកគ្រប់គ្រងជនល្មើស ការិយាល័យសួរចម្លើយ និងនីតិវិធី នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ បច្ចុប្បន្នលោក កេត ផារ៉ែន ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅ លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម តាមប្រកាសលេខ ៤៥៩៥ ប្រ.ក ពីថ្ងៃអង្គារ ៩ កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។
លោក កេត ផារ៉ែន បច្ចុប្បន្នមិនមែនមន្ត្រីបម្រើការងារ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដូចការលើកឡើងរបស់សារព័ត៌មានមួយចំនួនថា ឈ្មោះ គៀត សុផារ៉ែន អាយុ៣៨ឆ្នាំ មុខរបរ មន្ត្រីនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌកំរិតធ្ងន់ ក្រសួងមហាផ្ទៃ នោះឡើយ។
ដូចនេះនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសង្ឃឹមថា សាធារណៈជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាព័ត៌មាន និងសូមអរគុណដល់បណ្តាញទំនាក់ទំនងសង្គម និងអ្នកសារព័ត៌មានទាំងអស់ដែលបានសហការ និងផ្តល់ព័ត៌មានទាន់ហេតុការណ៍សំខាន់ៗដល់សមត្ថកិច្ច៕
ដោយ៖ សិលា