ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមាន៤នាក់ បានចូលបន្លំលួចយកឡាំងដាក់លុយមានប្រាក់ប្រមាណជិត២ម៉ឺនដុល្លារដោយយកចេញមកក្រៅបានសម្រេចហើយ តែត្រូវបានប្អូនស្រីម្ចាស់ទីតាំងឃើញទាន់ស្រែកថាចោរៗរត់ទៅប្រតាយដណ្តើមបានឡាំងដាក់លុយមកវិញ។ហេតុការណ៍នេះបានកើតឡើងនៅចំណុចវីងនិងលក់ភេសជ្ជៈមួយកន្លែងយីហោ វិន សាវុធ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹកថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវជាតិលេខ ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ម្ចាស់វីង ដែលត្រូវជនសង្ស័យចូលលួចមិនបានសម្រេចនោះ ឈ្មោះ វិន សាវុធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើក
វីងនិងលក់អីវ៉ាន់ចាប់ហួយ ភេសជ្ជៈ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា នៅព្រឹកនោះ មានជនសង្ស័យជាស្រ្តីនិងបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងមកដូរលុយនៅផ្ទះវីងចំនួន ១០០ដុល្លារហើយ ក៏ត្រឡប់ទៅបាត់ លុះប្រមាណ១ម៉ោងក្រោយមកជនសង្ស័យទាំងពីរនាក់នោះក៍៏បានត្រឡប់មកវិញឈប់ម៉ូតូនៅចិញ្ចើមផ្លូវ ធ្វើជាទិញភេសជ្ជៈខារ៉ាប៉ាវចំនួន១០កំប៉ុងហើយអ្នកលក់រូបនោះក៏បានចេញពីកន្លែងវីងយកទៅឱ្យ តែនៅពេលដែលអ្នកលក់យកភេសជ្ជៈទៅឱ្យជនសង្ស័យនោះ ពួកជនសង្ស័យធ្វើជាពន្យារពេល ទុកឱកាសឱ្យជនសង្ស័យម្នាក់ទៀត បន្លំចូលទៅក្នុងតូបវីង លួចយកឡាំងដែកដាក់លុយ មានលុយប្រមាណជិត២ម៉ឺនដុល្លាររត់ចេញមកខាងក្រៅ តែគាប់ជួនពេលនោះ ប្អូនស្រីម្ចាស់វីងបានឃើញ ទាន់ក៏ស្រែកថាចោរៗនិងដេញតាមប្រតាយដណ្តើមយកឡាំងនោះត្រឡប់មកវិញ ដោយបងប្រុសក៏បានជួយដេញផងដែរ ភ្លាមៗនោះជនសង្ស័យម្នាក់ដែលជាអ្នកចូលលួចឡាំងដាក់លុយបានរត់ឡើងជិះម៉ូតូបក្សពួកដែលឈប់ចាំ គេចទៅបាត់រួមជាមួយបក្សពួក២នាក់ទៀតដែលមកបន្លំធ្វើជាទិញភេសជ្ជៈខារ៉ាប៉ាវ ។
បើតាមកាមេរ៉ាសុវត្ថិភាពថតបានគឺក្រុមជនសង្ស័យមានបក្សពួក៤នាក់មានស្រីម្នាក់ ជិះម៉ូតូ២គ្រឿង ដោយប្រើល្បិច ធ្វើជាទិញអីវ៉ាន់រួចហើយក្រុមជនសង្ស័យដែលជិះម៉ូតូឈប់ចាំនៅទីនោះបាននាំគ្នារត់ឡើងជិះម៉ូតូគេចបាត់ស្រមោលតែម្តង ៕ ដោយជីណា
https://youtu.be/9PUkE8Pd0Lk