មួយជីវិតនេះកូនសងមិនអស់ទេ ចំពោះគុណបំណាច់របស់ អ្នកមានគុណផ្ដល់កំណើតឱ្យកូន និងបានរៀនចេះដឹង

ចែករំលែក៖

ភ្នំពេញ៖ នៅលើសំណេរមួយ របស់ម្ចាស់អាខោនហ្វេសប៊ុក ឈ្មោះថា (AZu Vanila) អាចជានិស្សិត១រូប ដែលបានឆ្លងកាត់ការសិក្សា ទាំងគ្រួសារលំបាក ឪពុកមានពិការភាព ប៉ុន្តែគុណបំណាច់ដ៏ធំធេងរបស់ពួកគាត់ ពិតជាបាន តស៊ូគ្រប់បែបយ៉ាងឱ្យកូនស្រី បានរៀនសូត្រ ចេះដឹង មានអនាគតល្អ កុំឱ្យក្រលំបាក ហត់នឿយ វេទនា ដូចជារូបពួកគាត់នោះទេ។
យុវតីម្នាក់ ក្រោយពីបានទទួលសញ្ញាប័ត្រ មានបានថតជាមួយនឹងឪពុកដែលមានពិការភាព ហើយជុំនឹងម្ដាយ ក៏បានសំណេរលើសហ្វេសប៊ុកយ៉ាងដូច្នេះថា” វាមិនមែនជារឿងងាយស្រួលទេ ដែលប៉ាពិការភ្នែកទាំងពីរ និងម៉ាក់លក់ដូរម្នាក់ តែអាចបញ្ជូនខ្ញុំឱ្យរៀនសូត្រចប់បរិញ្ញាប័ត្រជាស្ថាពរ ។ តាំងពីតូចដល់ធំប៉ុននេះ ខ្ញុំមិនដែលស្គាល់ពាក្យថារកម្ហូប អង្ករ ខ្លួនឯង ទោះបីជាគាត់លំបាក តែមិនឱ្យខ្ញុំលំបាកដាច់ខាត ។ គាត់ធ្លាប់ក្រលំបាក ចឹងហើយគាត់មិនចង់ឃើញខ្ញុំក្រលំបាកទៀតទេ ។ មកដល់ទីនេះបានក៏មិនមែនជារឿងងាយស្រួលដែរ ជិះមកពីស្រុកសិន មកដល់ភ្នំពេញបានជិះមកសាលាទៀត ស្ទះក៏ស្ទះ ក្ដៅក៏ក្ដៅ ឃ្លានក៏ឃ្លាន ដើរឆ្ងាយតាំងពីមុខសាលាមកដល់ក្នុងសាលាជាង ១គីឡូដី ចាំក៏យូរ តែគាត់នៅតែចង់មកឃើញខ្ញុំនៅថ្ងៃនេះ ឈរក្នុងនាមជាកូនស្រីគាត់ ស្អាតហើយឆ្លាតទៀត ។ សុំទោស ហើយក៏អរគុណសម្រាប់ថ្ងៃនេះ និងចំពោះរឿងគ្រប់យ៉ាង មួយជីវិតនេះកូនសងមិនអស់ទេ ❤️❤️❤️។
នៅក្នុងហ្វេសប៊ុកមួយនេះ ទោះជាមិនបានបង្ហាញនូវរូបភាព ក៏ដូចជា មិនបញ្ជាក់អំពីអាសយដ្ឋាន ពីពួកគាត់នោះឡើយ។ តែគ្រប់យ៉ាងន នៃឃ្លាក្នុងការលើកឡើងនេះ គឺនាងបានបង្ហាញពី ភាពកត្តញ្ញូរបស់កូន មកលើ អ្នកមានគុណ និងក៏ជាកម្លាំងចិត្តដ៏ធំធេង ធ្វើអោយ ឪពុកម្ដាយរីករាយ សប្បាយចិត្ត យកអ្វីមកប្រៀបផ្ទឹមពុំបាន ចំពោះភាពជោគជ័យរបស់កូន គឺការតស៊ូរៀនសូត្រ ដល់បានសញ្ញាប័ត្រក្នុងថ្ងៃនេះ សម្រាប់ឱ្យគាត់បានឃើញ សង្ឃឹមថាកូនមានអនាគតរុងរឿង មិនឱ្យលំបាកដូចជារូបពួកគាត់ឡើយ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print