ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពីម្ចាស់ផ្ទះសំណាក់ និងភោជនីដ្ឋានគជ់គគី ដឹកនាំដោយលោក លោក ឃុន រតនា និងលោក ឃុន បូវិចិត្រ ម្ចាស់សួនទឹកគជ់ស្វាយព្រៃ ដើម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងខេត្ត ព្រឹកថ្ងៃអង្គារ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្តស្វាយរៀង
លោក ម៉ែន វិបុល អភិបាលខេត្តបានមានប្រសាសន៍ថ្លែងនូវការអរគុណដល់ម្ចាស់សេវាកម្មទាំងពីរខាងលើ ព្រមទាំងក្រុមគ្រួសារដែលបានចូលរួមបរិច្ចាគនូវអំណោយ និងថវិកាផ្ទាល់ខ្លួន ផ្តល់ឱ្យរដ្ឋបាលខេត្តស្វាយរៀង សម្រាប់គាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដែលទាំងនេះ សបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកក្នុងសង្គមទៅលើការជួយគ្នាក្នុងគ្រាលំបាក។
លោកអភិបាលខេត្តបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា ក្នុងបរិបទនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ដែលបានរួមចំណែកយ៉ាងសំខាន់លើការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អំណោយទាំងនោះរួមមាន អង្ករ២តោន មីម៉ាម៉ា៤០កេស អាល់កុល២កាន ៦០លីត្រ ម៉ាស់ខ្មែរ៤ស្រទាប់ ២កេស ស្មើនឹង(៥០០០ម៉ាស់) និងថវិកា២លានរៀល (សរុបរួមទាំងថវិកា និងសម្ភារចំនួន៨លានរៀល)៕
ដោយ៖ យឹម សុថាន