សាព័ត៌មាន Asahi របស់ជប៉ុននៅថ្ងៃទី១៥ខែធ្នូ បានផ្សាយថា កូរ៉េខាងជើង បានទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ Sputnik V ពីប្រទេសរុស្ស៊ី ចំណែកឧបករណ៍ធ្វើតេស្តទិញពីប្រទេសចិន។
សារព័ត៌មាន TASS របស់រុស្ស៊ីបានផ្សាយថា មកទល់ពេលនេះមិនទាន់មានព័ត៌មានពាក់ព័ន្ធ កិច្ចព្រមព្រៀង ក៏ដូចជាចំនួនវ៉ាក់សាំងប៉ុន្មានដែលកូរ៉េខាងជើងបានទិញ និងតម្លៃ នៃវ៉ាក់សាំងថ្លៃប៉ុណ្ណោះ នោះដែរ។
តាមការលើកឡើងរបស់មន្ត្រី ចារកិច្ចកូរ៉េខាងត្បូង បានឲ្យដឹងថា សមាជិកគណបក្សពលករកូរ៉េខាងជើងបានចាក់វ៉ាក់សាំង Sputnik V របស់រុស្ស៊ីរួចរាល់ហើយ។ ប៉ុន្តែគេមិនទាន់ដឹងថា មេដឹកនាំគីម ជុងអ៊ុន មានចាក់វ៉ាក់សាំង ការពាររបស់រុស្ស៊ីដែរឬទេ។ មេដឹកនាំកូរ៉េខាងជើង អាចនឹងចាក់វ៉ាក់សាំងក្រោយគេ បន្ទាប់ពីមានកម្រិតសុវត្ថិភាព ១០០ភាគរយ។
ជាមួយគ្នានេះម៉ាស៊ីនត្រួតពិនិត្យ វាស់កម្តៅត្រូវបានដាក់នៅតាមបណ្តោយព្រំដែនជាប់ប្រទេសចិន ដើម្បីតាមដាន ក្នុងពេលប្រទេសកូរ៉េខាងជើង និងចិនត្រៀមបើកព្រំដែនដើម្បីដំណើរការសេដ្ឋកិច្ចឲ្យប្រសើរឡើងវិញ។
តាមតួលេខផ្លូវការ កូរ៉េខាងជើង មិនមានករណីឆ្លងកូវីដ១៩ ម្នាក់ណាឡើយ។ ចាប់តាំងពីខែមករាឆ្នាំ២០២០ រដ្ឋាភិបាលកូរ៉េខាងជើង បានអនុម័ត ច្បាប់អាសន្នបិទប្រទេស ទប់ស្កាត់ឆ្លងកូវីដ១៩។ សិស្សសាលាទាំងអស់ត្រូវផ្អាកការសិស្សា។
សារព័ត៌មានរ៉យទ័រ ដកស្រង់ប្រភពព័ត៌មានចារកម្មពីប្រទេសជប៉ុន បានផ្សាយថា កូរ៉េខាងជើង ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីប្រទេសចិនផងដែរ៕ ដោយ៖ធីរីណា