រយៈពេលជាង១សប្តាហ៍ទៀតនឹងចូលដល់ពិធីបុណ្យគ្រិឹស្តស្មាស់ និងឆ្លងឆ្នាំ ប៉ុន្តែប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបបានឡើងគម្រោងបិទប្រទេសជាថ្មីដោយសារតែការឆ្លងរាលដាលកូវីដ-១៩កើនឡើងខ្ពស់ ។ បើមិនមានវិធានការទប់ស្កាត់យ៉ាងតឹងតែងទេ អាចនឹងមានករណីឆ្លងច្រើនក្នុងពេលខាងមុខ។
នៅអុីតាលី រដ្ឋាភិបាលកំពុងពិចារណាបិទប្រទេសក្នុងឱកាស
បុណ្យគ្រិឺស្តស្មាស់ និងឆ្លងឆ្នាំ ដោយសារតែពលរដ្ឋប្រមូលផ្តុំគ្នាច្រើន ។ នៅទីក្រុងរ៉ូម ក្រោយការបន្ធូរបន្ថយច្បាប់រឹតត្បិតកាលពីខែមុន ពលរដ្ឋក៏ចាប់ផ្តើមជួបជុំគ្នា បណ្តាលឲ្យមានហានិភ័យនៃការឆ្លងច្រើន។
នាយករដ្ឋមន្ត្រីអុីតាលីលោក Giuseppe Conte បានឲ្យដឹងថា ការរឹតត្បិតគឺជារឿងចាំបាច់បំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ជាលើកទីបី។ តាមប្រព័ន្ធផ្សព្វផ្សាយអុីតាលីបានបញ្ជាក់ថា រដ្ឋាភិបាលនឹងអនុម័តច្បាប់បិទប្រទេសជាថ្មីចាប់ពីថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ដល់ថ្ងៃទី២ខែមករាឆ្នាំ២០២១។ ជាមួយគ្នានោះ ហាងធំៗ ក្លិបរាត្រី ភោជនីយដ្ឋាន …ក៏ត្រូវបិទទ្វារផងដែរ។
កាលពីខែវិច្ឆិកា រដ្ឋាភិបាលអុីតាលីបានបន្ធូរបន្ថយច្បាប់រឹតត្បិត ក្រោយមិនមានអ្នកឆ្លងកូវីដ-១៩ច្រើននោះមក ។ ប៉ុន្តែការប្រមូលផ្តុំច្រើននៅទីក្រុង Milan និង Rome កាលពីចុងសប្តាហ៍កន្លងមកបង្កក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងកូវីដ-១៩ ជាថ្មី ។ កាលពីថ្ងៃទី១២ខែធ្នូ អុីតាលី បានឈានមុខអង់គ្លេសក្លាយជាប្រទេសតំបន់អឺរ៉ុបដែលមានអ្នកឆ្លងច្រើនជាងគេដោយកូវីដ-១៩ គឺមានដល់ទៅជាង៦៥ពាន់នាក់ ចាប់តាំងពីការឆ្លងកូវីដ-១៩ នៅខែកុម្ភៈឆ្នាំ២០២០មក។
ជាមួយគ្នានោះដែរ នៅប្រទេសហុល្លង់ នាយករដ្ឋមន្ត្រី Mark Rutte កាលពីថ្ងៃទី១៤ខែធ្នូបានប្រកាសថា នឹងអនុម័តច្បាប់រឹតត្បិតតឹងតែងបំផុតមិនធ្លាប់មាន ហើយអូសបន្លាយរយៈពេល៥សប្តាហ៍ដើម្បីទប់ស្កាត់កូវីដ-១៩។ សាលារៀននៅហុល្លង់ នឹងត្រូវបិទទ្វារចាប់ពីថ្ងៃទី១៦ខែធ្នូ។ ហាងលក់ទំនិញ ក្លិបកម្សាន្តនានា ត្រូវបិទទ្វារចាប់ពីថ្ងៃទី១៥ខែធ្នូនេះទៅ។
នៅប្រទេសហុល្លង់មានចំនួនអ្នកឆ្លងកើនឡើងខ្ពស់ដល់ទៅជាង ១សែននាក់ក្នុងមួយថ្ងៃ ។
ជាមួយគ្នានេះ ប្រទេស Litva, Croatia , Luxembourg, អាល្លឺម៉ង់…ក៏មានវិធានការរឹតត្បិតដូចគ្នានៅឱកាសឆ្លងឆ្នាំនេះ ដោយអាចនឹងមានករណីឆ្លងកូវីដ-១៩ លើសពីសមត្ថភាពគ្រប់គ្រង។
បច្ចុប្បននៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ជាង៧៣,២លាននាក់ ក្នុងនោះតំបន់អឺរ៉ុបមានអ្នកឆ្លងជាង ២០លាននាក់ ស្លាប់ជាង៤៦៣ពាន់នាក់។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកមានអ្នកឆ្លងថ្មីជាង៧១ពាន់នាក់៕ដោយ៖ធី រីណា
រូបភាព៖ THX/TTXVN