ភ្នំពេញ៖ ខណៈដែលស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមិនទាន់មានភាពស្រាក់ស្រាននៅឡើយនោះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងទេសចរណ៍ ព្រមទាំងមន្ទីរទេសចរណ៍ទាំង ២៥ រាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ជាប្រចាំ ក្នុងការចុះពង្រឹង តាមដាន និងកែសម្រួលបែបបទនៃការអនុវត្តការងារតាមគន្លងថ្មី។
ការកែសម្រួលបែបបទ នៃការអនុវត្តការងារតាមគន្លងថ្មីនេះ រួមមាន៖
១៖ បន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ នៅទូទាំងរាជធានី-ខេត្តទាំង ២៥ ដើម្បីចូលរួមបង្ការ-ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឧស្សាហកម្មទេសចរណ៍។
២៖ ណែនាំឱ្យផ្នែកជំនាញសិក្សាបង្កើន និងពង្រឹងផលិតផលទេសចរណ៍ ពិសេសទេសចរណ៍ តាមបែបអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដែលអាចនឹងក្លាយជាផលិតផលទេសចរណ៍ថ្មី នៅក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩។
៣៖ ត្រៀមរៀបចំជាបណ្ដើរៗនូវចលនាទេសចរណ៍ ដែលអាចបន្ត និងត្រលប់មកវិញបាន បន្ទាប់ពីពិភពលោកទទួលស្គាល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ជាផ្លូវការ ខណៈអង្គការសុខភាពពិភពលោក បង្ហាញសុទិដ្ឋិនិយមថា អាចនឹងមានវ៉ាក់សាំងទទួលស្គាល់ជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២១។
៤៖ ពង្រឹងការអនុវត្តកិច្ចការ រដ្ឋបាលគ្រប់គ្រងមន្ត្រីរាជការ ដោយបញ្ចូលបែបបទនៃការអនុវត្តគន្លងថ្មី ពោលគឺមន្ត្រីរាជការទាំងអស់ត្រូវ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការពាក់ម៉ាស់ រៀងរាល់ម៉ោងធ្វើការ រក្សាគម្លាតសុវត្ថិភាព ចេញចូលត្រូវវាស់កម្ដៅ និងត្រូវបាញ់អាកុលជានិច្ច ហើយត្រូវតាមដានអាការៈខ្លួនឯង ប្រសិនបើមានជំងឺផ្ដាំសាយ ត្រូវនៅឱ្យឆ្ងាយពីអ្នកដទៃ ឬក៏មានសញ្ញាសង្ស័យថា មានជំងឺកូវីដ១៩ ត្រូវទៅធ្វើតេស្តយកសំណាក និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ឬស្វែងរកការព្យាបាលជាដើម។
៥៖ ពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅទេសចរណ៍ទូទាំង ២៥ រាជធានី-ខេត្ត ពិសេសមូលដ្ឋានអាជីវកម្មខ្នាតតូច ដែលបច្ចុប្បន្នសង្កេតឃើញថា ភាគច្រើនជាប្រភេទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុកលក្ខណៈគ្រួសារ។ ត្រង់ចំណុចនេះ លោក រដ្ឋមន្ត្រីបានណែនាំឱ្យបង្កើតក្រុមការងារថ្នាក់ក្រសួងបន្ថែម ដើម្បីចុះជួយជំរុញការអនុវត្តនេះ ដល់មូលដ្ឋានថ្នាក់ក្រុង-ស្រុក និងស្នើសុំកិច្ចសហការពីរដ្ឋបាលថ្នាក់ក្រុង-ស្រុកក្នុងការអនុវត្តកិច្ចការនេះ។
ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
សូមជម្រាបថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលការងារចុះវាយតម្លៃ និងផ្តល់ឡាប៊ែលបញ្ជាក់ ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទូទាំងប្រទេសសរុបចំនួន ១,៤១៦ ទីតាំង ក្នុងនោះរួមមាន សេវាកម្មសណ្ឋាគារអនុវត្តបានចំនួន ២៦៧ ទីតាំង សេវាកម្មផ្ទះភ្ញៀវអនុវត្តបានចំនួន ៤២៧ ទីតាំង សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍អនុវត្តបានចំនួន ៥៨៩ ទីតាំង សេវាកម្មរមណីយដ្ឋានទេសចរណ៍អនុវត្តបានចំនួន ៤១ ទីតាំង សេវាកម្មសហគមន៍ទេសចរណ៍អនុវត្តបានចំនួន ១៨ ទីតាំង សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹកអនុវត្តបានចំនួន ៦០ ទីតាំង សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោកអនុវត្តបានចំនួន ៣ ទីតាំង និងសេវាកម្មការីទេសចរណ៍ក្នុងស្រុកអនុវត្តបានចំនួន ១១ ទីតាំង៕
ដោយ៖ សិលា