ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋកម្ពុជា មិនត្រូវផ្តេកផ្តួលទៅលើវ៉ាក់សាំងកូវីដ-១៩ រហូតដល់ភ្លេចការពារខ្លួននោះឡើយ។ នេះជាការថ្លែងពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវទៅដល់ជនរួមជាតិ ជាការក្រើនរំឮក។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីក្រោយទទួលព័ត៌មានថា មានប្រទេសមួយចំនួនកំពុងតែចរាចរណ៍ និងប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 បានធ្វើឲ្យប្រជាពលរដ្ឋមានការអបអរសាទរ និងទន្ទឹងរង់ចាំការមកដល់នៃវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅកម្ពុជា។ ជាពិសេសក្រោយពេលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសពីការទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនោះ ធ្វើឱ្យប្រជាពលរដ្ឋជាច្រើនមានក្តីត្រេកអរ និងសាទរផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋគ្រប់រូបថា, ទន្ទឹមនឹងដំណឹងល្អរបស់ពិភពលោកដែលមានរកឃើញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ និងការរៀបចំផែនការទិញរបស់កម្ពុជានោះ វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ជាផ្នែកមួយចូលរួមការពារប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវមួយនេះ។ ប៉ុន្តែនៅក្នុងពេលរង់ចាំការមកដល់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ប្រជាពលរដ្ឋមិនត្រូវភ្លេចខ្លួនក្នុងការការពារខ្លួនដោយអនុវត្តន៍តាមវិធានការ៣ការពារ និង៣កុំ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់នោះឡើយ។
លោកស្រីវេជ្ជបណ្ឌិតបន្តថា ទោះបីជាប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងហើយក្ដី ក៏មិនគួរបំភ្លេចចោលនូវវិធានការអនាម័យ និងគម្លាតសង្គមនោះឡើយ។ ព្រោះវីរុសអាចវិវឌ្ឍន៍បន្ថែមទៀត។
បច្ចុប្បន្នកម្ពុជាកំពុងប្រយុទ្ធនឹង «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»។ ព្រឹត្តិការណ៍នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់ថា អាចគ្រប់គ្រងបានហើយ តែមិនទាន់បិទបញ្ចប់នៅឡើយទេ។
ក្នុងឱកាសថ្លែងសារពិសេសនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីឱ្យក្រសួងសុខាភិបាល និអាជ្ញាធរពាក់ព័ន្ធបន្តរួមគ្នាប្រយុទ្ធនឹងជំងឺនេះ។
សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តនូវវិធានការ ៣ការពារ និង ៣មិន។
-៣ការពារ រួមមាន៖
ទី១-ពាក់ម៉ាស់,
ទី២-លាងដៃ,
ទី៣-គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។ សម្ដេចបញ្ជាក់ថា ចំណុច៣ការពារនេះសំខាន់ខ្លាំងណាស់ ដូច្នេះទើបអាចយកឈ្នះលើជំងឺCOVID-19 បានដោយជោគជ័យ។
ដោយឡែក ៣កុំ រួមមាន៖
ទី១-កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល,
ទី ២-កុំទៅកន្លែងមនុស្សច្រើនកុះករ,
ទី៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺCOVID-19 កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ។
សូមបញ្ជាក់ថា,មិនមានករណីវិជ្ជមានកូវីដ១៩ ថ្មីនៅកម្ពុជានោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺចំនួន ៧នាក់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ នេះបើយោងតាម
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងបានចេញបញ្ជាក់ថា , អ្នកជាសះស្បើយជំងឺកូវីដ១៩ ចំនួន៧នាក់នោះមាន៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និង២នាក់ជាអ្នកធ្វើដំណើរមកពីប្រទេស៕
ដោយ៖ សិលា