ភ្នំពេញ, នៅក្នុងជំនួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០, លោកជំទាវ Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេស នឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក កុយ គួង បានថ្លែង នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ប្រាប់អង្គភាពសារព័ត៌មាន។
លោក កុយ គួង បានលើកឡើងថា, រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសំរេចថា នឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខណ្ឌ័ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញ ទាំងអស់ លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺ Covid-19 មកលើក្រុមមនុស្សងាយ រងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មករ រោងចក្រផងដែរ។
សូមបញ្ជាក់ថា, បើយោងតាមការបញ្ជាក់ពីលោក កុយ គួង គឺលោកស្រីឯកអគ្គរាជទូតបានមានប្រសាសន៍ថា ចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើបញ្ហាផ្សេងៗពាក់ពន្ធ័និង វិស័យសិទ្ធិមនុស្ស និង សេរីភាពផ្សេងៗទៀត
លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហការអន្តរជាតិបានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការសំរេចចិត្តរបស់ចក្រភពអង់គ្លេសនេះ ដោយបានចាត់ទុកការសំរេចចិត្តនេះថា ជាការជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ហើយថាការសំរេចចិត្តនេះគឺពិតជាដំណឹងល្អសំរាប់កម្មករកម្ពុជានៅពេលដែលពួកគេកំពុងទទួលរងផលប៉ះពាល់ ពីមហន្តរាយនៃជំងឺ Covid-19 ។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា កម្ពុជាបេ្តជ្ញាយ៉ាងមុតមាំក្នុងការកសាងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាមួយចក្រភពអង់គ្លេសទាំងលើវិស័យទ្វេភាគី និងពហុភាគី។
សូមជម្រាបថា, ក្រោមការដឹកនាំ ប្រកបដោយការទទួលខុសត្រូវ គតិបណ្ឌិត ឈ្លៀសវៃ ធ្វើឲ្យកម្ពុជា ទទួលបាន ជោគជ័យ លើលើឆាកអន្តរជាតិ ទាំងការគ្រប់គ្រងសេដ្ឋកិច្ច ទប់ស្កាត់ជំងឺកូវីដ19 និងការអភិវឌ្ឍ សន្តិភាព បង្រួបបង្រួមជាតិ ក្នុងស្មារតី ខ្មែរស្រលាញ់ខ្មែរ ហើយកម្ពុជា បានក្លាយជា ប្រទេសជាប់ចំណាត់ថ្នាក់លេខ 3 លើពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងតំបន់អាស៊ី ផ្នែកការពារកូវីដ- 19៕ដោយ សុខ ខេមរា