ខេត្តកណ្ដាល៖ ដោយសារទំនាស់បន្តិចបន្តួចពីរឿងព្រំដី បានបង្កជាគំនុំគំកួនគ្នាឈានដល់ធ្វើឲ្យលោកតាអាយុ៨៦ឆ្នាំម្នាក់យកកាំបិតផ្គាក់ស្ទាក់កាប់ប្តីប្រពន្ធ២នាក់ដែលជាម្ចាស់ដីជាប់គ្នា បណ្ដាលឲ្យរបួសយ៉ាងដំណំ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីស្ថិតក្នុងភូមិស្ទឹង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ សាន់ សុខា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ និងទី២-ឈ្មោះ ស្រ៊ុន លាវ ភេទស្រី អាយុ៤៩ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិរុន ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ សុឹង បុឹង ភេទប្រុស អាយុ៨៦ឆ្នាំ មានទីលំនៅភូមិរុន ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងចាប់យកមានកង់មួយគ្រឿងនិងកំបិតផ្គាក់ផ្លែដែក ដងឫស្សីប្រវែង៩០សង់ទីម៉ែត្រចំនួន១។
ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យ និងជនរងគ្រោះធ្លាប់មានជម្លោះទាស់ពាក្យសម្តីគ្នារឿងព្រំដី រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យបានយកកំបិតផ្គាក់កាប់មែកឈេីរបស់ជនរងគ្រោះដែលទោរចូលទៅក្នុងដីរបស់ខ្លួន ហើយក៏មានការជេរដៀមដាមដាក់គ្នា។ លុះមកដល់ថ្ងៃទី១៧ខែឆ្នូ ឆ្នាំ២០២០ ជនសង្ស័យបានជិះកង់ដាក់កាំបិតផ្គាក់ចងពីក្រោយទៅចាំស្ទាក់ផ្លូវជនរងគ្រោះមុន រហូតដល់ម៉ោងប្រមាណ៣រសៀល ជនសង្ស័យបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នា ក៏ស្ទុះមកកាប់ជនរងគ្រោះទាំង២នាក់បណ្ដាលឲ្យរបួសយ៉ាងដំណំ។ ចំណែកឯជនសង្ស័យបន្ទាប់ពីកាប់េជនរងគ្រោះរួច ក៏បានជិះកង់របស់ខ្លួនត្រឡប់មកផ្ទះវិញ។
ក្រោយទទួលបានព័ត៌មានខាងលើភ្លាមកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរលាំងកែនបានទៅឃាត់ខ្លួនជនសង្ស័យបាន រួចបញ្ជូនមកកាន់អធិការដ្ឋានដេីម្បីបន្តនីតិវិធី៕
ដោយ៖ ស្អាងជ័យ