ខេត្តកំពង់ស្ពឺ៖ យោងតាមកម្មវិធីសម្រាប់ព្រឹកថ្ងៃសៅរ៍ ៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ លោករដ្ឋមន្រ្តី វេង សាខុន អមដំណើរជាមួយដោយលោក វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ និងសហការី អញ្ជើញមកពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពរបស់ក្រុមហ៊ុនចំនួន ០៤ ដែលកំពុងត្រៀមលក្ខណសម្បត្តិលើការងារបច្ចេកទេសបានត្រឹមត្រូវឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញស្វាយកែវរមៀតស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុនទាំងនោះគឺ៖
ទី១- ក្រុមហ៊ុន Green Centric Farm Co., Ltd
ទី២- ក្រុមហ៊ុន បឹងកេត ហ្វេសហ៊្រូត ឯ.ក
ទី៣- ក្រុមហ៊ុន Long Wo Agriculture (Cambodia) និង
ទី៤- ក្រុមហ៊ុន បាមីន អេហ្គ្រីខលឈ័រ ហាយ-ថេក ឌីវេឡុបមិន ឯ.ក ។
កម្មវិធីទី១៖
អញ្ជើញមកពិនិត្យចម្ការស្វាយកែវរមៀតរបស់ក្រុមហ៊ុន Green Centric Farm Co., Ltd ស្ថិត នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ លោក សឿង សុខឃាង អ្នកគ្រប់គ្រងទូទៅបានឲ្យដឹងថា ចម្ការបានចាប់ផ្តើមរៀបចំនៅឆ្នាំ២០១០ បច្ចុប្បន្នមានផ្ទៃដី ២៧០ហ.ត មានស្វាយចំនួនជាង ៤៦ ៣៥៦ ដើម និងចំនួនជាង ៣០០០ហ.ត ទៀតបានចុះកិច្ចសន្យាជាមួយប្រជាកសិករនៅក្នុងតំបន់នេះ។ ក្រុមហ៊ុនបានសាងសង់ បន្ទប់ត្រជាក់ ឃ្លាំងត្រជាក់ បន្ទប់សម្ងួតត្រជាក់។ល។ កន្លងមកក្រុមហ៊ុនបានផលិតជាដំណាប់ស្វាយអាយុ ៩០ឆ្នាំហើយ សម្រេចទទួលបានលទ្ធផលល្អប្រសើរលើការងារ បច្ចេកទេស ឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។ លោករដ្ឋមន្ត្រី សង្ឃឹមថាផលិតផលស្វាយរបស់ក្រុមហ៊ុននឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារចិននាពេលឆាប់ៗខាងមុខ៕
ដោយ៖ សិលា