ខេត្តក្រចេះ៖ គោយន្តកន្ត្រៃមួយគ្រឿងដឹកឈើបើកឡើងទួលមិនរួចម្ចាស់បានចុះរុញក្នុងស្ថានភាពស្រវឹងហើយបានរអិលជើងដួលចូលក្រោមកង់ត្រូវកង់គោយន្តកិនស្លាប់ភ្លាមមួយរំពេច។
ឧប្បត្តិហេតុបង្កឡើងដោយខ្លួនឯងបណ្ដាលឱ្យស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៤៖០០នាទីរសៀលថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០លើផ្លូវក្រួសក្រហមត្រង់ចំណុចអូរព្នៅ ក្នុងភូមិបឹងរ៉ុន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវគោយន្តកន្ត្រៃកិនស្លាប់នោះគឺជាម្ចាស់គោយន្តនេះតែម្តង គាត់មានឈ្មោះ យី ញឹង ភេទប្រុស អាយុ៣៩ឆ្នាំមានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ។ គាត់បានជួលអ្នកបើកបឈ្មោះ ញៀប ម៉េង ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នា។
ប្រភពបន្តថា ពេលកើតហេតុនោះម្ចាស់គោយន្តកន្ត្រៃខាងលើបានជួលអ្នកបើកបរដឹកឈើយកមកធ្វើផ្ទះរបស់ខ្លួន ហើយពេលមកដល់ចំណុចកើតហេតុគោយន្តឡើងទួលមិនចង់រួចម្ចាស់ក៏ចុះជួយរុញស្ថិតក្នុងស្ថានភាពស្រវឹងស្រាខ្លាំងផងក៏រអិលជើងដួលចូលក្រោមកង់កិនស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសំបុកបានសហការជាមួយកម្លាំងផ្នែកសណ្ដាប់ធ្នាប់ស្រុកចិត្របុរីចុះទៅដល់ពិនិត្យកន្លែងកើតហេតុនិងធ្វើការវាស់វែងហើយធ្វើកំណត់ហេតុប្រគល់វត្ថុតាងនិងសាកសពឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕