តាមតួលេខរបស់កម្លាំងសន្តិសុខអាល្លឺម៉ង់បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០នេះចំនួនទូATM ដែលត្រូវជនខិលខូចបំផ្ទុះដើម្បីយកប្រាក់បានកើនឡើងខ្ពស់។
តាមការលើកឡើងរបស់កម្លាំងសន្តិសុខ ក្រុមជនល្មើសបានបំផ្លាញទូATMយកប្រាក់កាន់តែច្រើនដោយសារតែវិបត្តិកូវីដ-១៩ ធ្វើឲ្យអត់ការងារធ្វើគ្មានប្រាក់ចាយ។
តាមសារព័ត៌មានWamSនៅថ្ងៃទី២០ខែធ្នូបានដកស្រង់សម្តីមន្ត្រីអាល្លឺម៉ង់ដែលបានឲ្យដឹងថា មានទូATM ដល់ទៅ៣៩០កន្លែងទូទាំងប្រទេសរងការបំផ្ទុះយកប្រាក់គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។
កាលពីឆ្នាំ២០១៩ ចំនួនទូATM រងការបំផ្លាញយកប្រាក់មាន៣៤៩ទូ។ ចំណែកឆ្នាំ២០១៨ មាន៣៦៩ទូ។ ប៉ុន្តែនៅក្នុងចំណោមការបំផ្លាញទាំងនោះ មានទូATM ជាច្រើនយកប្រាក់មិនបានឡើយ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២០នេះ មានការបំផ្លាញដល់ទៅ៣៩០លើក ក្នុងនោះមានតែ១៦០លើកប៉ុណ្ណោះដែលយកប្រាក់បានជោគជ័យ។
មូលហេតុបណ្តាលឲ្យមានសកម្មភាពល្មើសច្បាប់បែបនេះកើតឡើងដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ពលរដ្ឋអត់ការងារធ្វើគ្មានលុយចាយ។
ក្នុងឆ្នាំ២០២០នេះ រដ្ឋ Nordrhein-Westfalen ឈរលំដាប់លេខមួយពីចំនួនបំផ្លាញទូ ATM ដោយមានដល់ទៅ១៧៤ទូ ។ តាមការលើកឡើងរបស់កម្លាំងសន្តិសុខអាល្លឺម៉ង់ក្រុមបងធំមកពីប្រទេស ហុល្លង់ជាអ្នកវាយប្រហារបំផ្លាញទូATM៕
រូបភាព៖ AFP/TTXVN