ប្រញាប់ប្រញាល់ឡើងបងប្អូនយើង ! រដូវធ្វើប្រហុក ផ្អក នៅពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ, តាមពិតរដូវធ្វើប្រហុកបានចាប់ផ្ដើមនៅថ្ងៃនេះហើយ, គឺឈឺចាប់ពេលថ្ងៃ ៦កើតរហូតដល់ថ្ងៃ ១២កើត ត្រូវនឹងថ្ងៃទី២០ ខែធ្នូ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែតាមការសន្និដ្ឋាន ត្រីនឹងចាប់ផ្ដើមសម្បូរឡើងច្រើនគឺនៅថ្ងៃ ១០កើតនិង ថ្ងៃ ១១កើត។ នេះបើយោងតាមការបញ្ជាក់ពីលោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ វិទ្យាសាស្រ្ត ស្រាវជ្រាវជលផលទឹកសាប នៃរដ្ឋបាលជលផល និងជាបុរសដ៏ឆ្នើម ក្នុងការងារអភិរក្សទន្លេមេគង្គកន្លងទៅនោះ។ 

ឥឡូវប្រជាពលរដ្ឋដែលមានជំនាញក្នុងការលក់ត្រី ប្រមាណជា២០ឆ្នាំ រស់នៅម្ដុំគីឡូម៉ែត្រលេខ៦ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតបាន លើកឡើងថា អ្នកលក់ត្រីភាគច្រើន ចាប់ផ្ដើមនាំគ្នាធ្វើប្រហុក ផ្អក ទុក ដែលត្រីធ្វើប្រហុកនេះ បើកាត់ក្បាលហើយមានតម្លៃក្នុងមួយគីឡូក្រាមមួយម៉ឺនរៀល តែបើអ្នកខ្លះគាត់មានពេលវេលាទិញនៅកន្លែងប្រមូលផលវិញគឺថោកជាងនេះ។ ពួកគាត់បានបន្តថា បន្ទាប់ពីផុតរដូវធ្វើប្រហុក ម្នាក់ៗគឺចាប់ផ្ដើមទៅលក់ត្រីធម្មតាវិញ ដូចជាត្រីផ្ទក់ ត្រីអណ្ដែង ត្រីដៀប។ល។ 

សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០ រដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់បនិងនេសាទ បានចេញសេចក្តីជូនដំណឹងពីកាលបរិច្ឆេទនៃរដូវធ្វើប្រហុក ផ្អក។ល។ គឺចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែធ្នូឆ្នាំ ២០២០ នេះ ក្នុងករណីដែលមេឃស្រឡះល្អគ្មានភ្លៀងកក់ខែឬ មិនទទួលរងឥទ្ធិពលព្យុះ ការប្រមូលផលត្រីអាចសំបូរ ឱ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើផ្អកប្រហុក បានច្រើន។ 

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល ក៏បានបញ្ជាក់ផងដែរថា ដោយផ្អែកទៅលើស្ថានភាពនៃរបបទឹកបឹងទន្លេសាប ពេលបច្ចុប្បន្ន គន្លងដាយត្រីនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល អាចនេសាទត្រីបានច្រើនក្នុងខេត្តបុស្សនេះ និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើត្រីប្រហុកផ្អក ត្រីឆ្អើរ។ល។ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តានាំគ្នាមកទិញត្រីនេះឱ្យបានរួចរាល់ក្នុងរយៈពេលមួយសប្ដាហ៍នេះ។

ដូច្នេះសូមបងប្អូនទិញត្រីធ្វើប្រហុក និងទិញកន្លែងប្រមូលផលត្រី ដែលមានតម្លៃទាបជាងលក់តាមទីផ្សារ ខណៈនៅសល់តែ ៦ ថ្ងៃទៀតប៉ុណ្ណោះ រដូវធ្វើត្រីប្រហុកផ្អកត្រីឆ្អើរ បានត្រូវបញ្ចប់ ដោយសារផលត្រីត្រូវបានខ្សត់ខ្សោយផុតរដូវមួយសប្ដាហ៍នេះ៕

ដោយ, សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print