ខេត្តឧត្តរមានជ័យ ៖ អនុវត្តតាមបទបញ្ជាពីមេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងអនុសាសន៍ណែនាំដ៏ខ្ពងខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានចាត់តាំងកម្លាំងចំនួន១២នាក់ និងរថយន្តចំនួន០៤គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក គង់ ខ្នា មេបញ្ជការរង ដោយសហការជាមួយ កងពលតូចដឹកជញ្ជូនលេខ៩៩ ចូលរួមដឹកជញ្ជូនប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ មកកាន់ទីតាំងធ្វើចត្តាឡីស័កចំនួន០៤គោលដៅ(វិទ្យាល័យ ហ៊ុន សែន សំរោង, វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ, ផ្ទះសំណាក់ ឧត្តម រដ្ឋា និងមន្ទីរពេទ្យ បង្អែកខេត្ត) ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
នេះជាថ្ងៃទីពីរ ដែលកងកម្លាំងរបស់តំបន់ប្រតិបត្តការសឹករងឧត្តរមានជ័យ សហការជាមួយ កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលរងចាំទទួលប្រជាពលរដ្ឋមកពីប្រទេសថៃ នៅច្រកអន្តរជាតិអូរស្មាច់។
គិតត្រឹមម៉ោង១៤ៈ០០នាទី ថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋសរុបចំនួន២២៣នាក់ ស្រីចំនួន៥៥នាក់ ដែលបានឆ្លងដែនពីប្រទេសថៃ មកដល់ទឹកដីកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ និងបានដឹកជញ្ជូនពួកគាត់មកកាន់ទីតាំងចត្តាឡីស័ក ដែលបានកំណត់ទុកតាមផែនការ៕ដោយ, សិលា