រាជរដ្ឋាភិបាលបន្តផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍៣ខែបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មករក្នុងវិស័យកាត់ដេរ-វាយនភ ណ្ឌ,ស្បែកជើង,ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ចំនួន៣ខែបន្ថែមទៀត។ខណៈដែ លវិស័យទាំងនេះ នៅតែប្រឈមជាមួយវិបត្តិជំងឺកូវីដ-១៩។

នេះបើយោងតាមសេចក្ដីណែនាំ អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧) ដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មករក្នុងវិស័យកាត់ដេរ-វាយនភ ណ្ឌ,ស្បែកជើង,ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ចំនួន៣ខែបន្ថែមទៀត ពោលគឺរហូតដល់ខែមីនា ឆ្នាំ២០២១។ខណៈដែលវិស័យទាំងនេះ នៅតែប្រឈមជាមួយវិបត្តិជំងឺកូវីដ-១៩។

តាមសេចក្ដីណែនាំបានបញ្ជាក់ថា បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឲ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិតអនុញ្ញាតឲ្យពន្យារការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌ នៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិតម្នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល០៣ខែបន្ថែមទៀត ពីខែមករា ដល់ខែមីនា ឆ្នាំ២០២១។ ម្ចាស់រោងចក្រ-សហគ្រាសក្នុងវិស័យនេះ ត្រូវបន្ថែមចំនួន ៣០ដុល្លារ សម្រាប់កម្មករ-និយោជិតម្នាក់ (ជាសរុប កម្មករ-និយោជិតម្នាក់ ទទួលបាន៧០ដុល្លារក្នុងមួយខែ)។ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏នឹងបន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ក្នុងមួយខែជូនកម្មករ-និយោជិតម្នាក់ ដែលបំពេញការងារក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល០៣ខែបន្ថែមទៀត ពីខែមករា ដល់ខែមីនា ឆ្នាំ២០២១។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ០៣ខែបន្ថែមទៀត ពីខែមករា ដល់ខែមីនា ឆ្នាំ២០២១។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។លើសពីនេះ បន្តពន្យារការចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គម ផ្នែកសោធន រយៈពេល០៦ខែបន្តទៀត គឺរហូតដល់ខែកក្កដា ឆ្នាំ២០២១។ ការពន្យារពេលនេះ នឹងត្រូវផ្អែកលើការវាយតម្លៃជាបន្តបន្ទាប់ នូវស្ថានភាពសង្គម-សេដ្ឋកិច្ចជាក់ស្តែង។លើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម។លើកលែងការបង់ពន្ធប៉ាតង់ និងពន្ធលើតែមប្រិ៍សារពើពន្ធ (ពន្ធលើស្លាកយីហោ) ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករ ក្នុងវិស័យទេសចរណ៍ដទៃទៀត។ អ្នកជាប់ពន្ធទាំងនេះ មានកាតព្វកិច្ចត្រូវធ្វើបច្ចុប្បន្នភាពប៉ាតង់។

សេចក្ដីណែនាំ អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧)នេះ ក៏កំណត់ឲ្យអ្នកជាប់ពន្ធក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត ដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២០ យ៉ាងយឺតបំផុតឲ្យបានមុនដំណាច់ខែមីនា ឆ្នាំ២០២១ ប៉ុន្តែមិនតម្រូវឲ្យបង់ពន្ធគ្រប់ប្រភេទ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print