លោក ថេង សុថុល បន្តចុះចែកថវិកាឧបត្ថម្ភជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១២នាក់ រស់នៅក្នុងសង្កាត់ទន្លេបាសាក់​ ដែលពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍​ ២៨វិច្ឆិកា” ហេីយធ្វេីតេស្តអវិជ្ជមាន វីរុសកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបន្តនាំយកថវិកាឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋចំនួន ១២នាក់ (ស្រី១១នាក់) រស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងបានធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃពេញ ហើយធ្វើតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ។ ពិធីប្រគល់ថវិកាឧបត្ថម្ភរបស់សម្ដេចតេជោនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីអភិបាលរងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ, រដ្ឋបាលសង្កាត់ទន្លេបាសាក់ និងមន្ត្រីពាក់ព័ន្ធ ។ 

លោក ថេង សុថុល បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានទទួលថវិកាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងបានប្រគល់មកដល់រដ្ឋបាលខណ្ឌចំការមន សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលបានរងផលប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដោយពលរដ្ឋខ្លះ បានធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ និងបានធ្វើតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ផងដែរ ។ 

លោកអភិបាលខណ្ឌ បានបញ្ជាក់ជូនបងប្អូនពលរដ្ឋថា ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ ប្រមុខរាជរដ្ឋាភិបាល បានគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ក្នុង ព្រឹត្តិការណ៍សហគមន៍នេះ ដោយបានឧបត្ថម្ភថវិកាដល់ពលរដ្ឋដែលធ្វើចត្តាឡីស័កនេះ ក្នុងម្នាក់ៗចំនួន ៣០ម៉ឺនរៀល ក្នុងរយៈពេល១៥ថ្ងៃ ដោយផ្តោតសំខាន់លើគ្រួសារជួបការលំបាក ។ 

ជាមួយគ្នានេះ លោក ថេង សុថុល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះរស់នៅក្នុងបរិបទថ្មី ដោយអនុវត្តឲ្យបានតឹងរឹងបំផុតចំពោះវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសុខភាពខ្លួនឯង គ្រួសារ និងសង្គមទាំងមូល ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កុំឱ្យកើតមានក្នុងសហគមន៍ ដោយត្រូវលាងដៃឲ្យបានញឹកញាប់ ត្រូវពាក់ម៉ាស់ជាប់ជាប្រចាំ និងមិនត្រូវនៅកន្លែងណាដែលមានមនុស្សប្រមូលផ្តុំច្រើន ។ 

ដោយសង្កេតឃើញថា មកដល់ពេលនេះ ជារដូវរំហើយ លោក ថេង សុថុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គីភ័យ ដោយនៅមុនពេលចេញពីផ្ទះសូមពិនិត្យមើលភ្លើងចង្ក្រាន ទាន ធូប បញ្ហាចរន្តអគ្គិសនី សូមចៀសវាងកុំដាក់ដាំបាយ ដាំទឹក ទុកចោលជាដើម ។ 

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានប្រាប់បងប្អូនដែរថា បើមានបញ្ហាអ្វីកើតឡើងនៅក្នុងមូលដ្ឋាន សូមទំនាក់ទំនងមករដ្ឋបាលសង្កាត់ ឬមករដ្ឋបាលខណ្ឌដោយផ្ទាល់ ដើម្បីឲ្យក្រុមការងារសង្កាត់-ខណ្ឌ ធ្វើការដោះស្រាយជូនដល់បងប្អូនដែលរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមននេះ ។ 

សូមបញ្ជាក់ថា ក្រៅពីថវិកាឧបត្តម្ភរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងម្នាក់ៗ៣០ម៉ឺនរៀលហើយនោះ, លោកអភិបាលខណ្ឌចំការមន ក៏បានចែកជូននូវអង្ករ ក្នុងម្នាក់ ១បាវ ទម្ងន់ ២០គីឡូក្រាម និងម៉ាស់ចំនួន ១០ម៉ាស់ផងដែរ ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print