ខេត្តរតនគិរី៖ បែកធ្លាយរឿងមន្ត្រីនគរបាលខេត្តរតនគិរីទាស់ពាក្យសម្តីក្នុងវង់ផឹកសុីរឿងគំនុំយូរមកហើយនោះឈានដល់បង្កហិង្សារស្ទុះយកកូនកាំបិតហក់ចាក់បំណងសម្លាប់គ្នាបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរកំពុងសម្រាកវះកាត់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រនៅឡើយហើយសមត្ថកិច្ចព្យាយាមលាក់បាំង។
ហេតុការណ៍ដ៏គួរឱ្យចាប់អារម្មណ៍ភ្ញាក់ផ្អើលមួយនោះបានកើតឡើងតាំងពី
វេលាម៉ោងប្រហែល១២យប់ថ្ងៃទី២០ ខែធ្នូឆ្នាំ២០២០ មកម្ល៉េះ ត្រង់ចំណុចភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
តាមប្រភពបានបង្ហើបថា ជនរងគ្រោះឈ្មោះ ហេង គោរព ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ រស់នៅភូមិជ្រីសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ជាមន្ត្រីនគបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគបាលខេត្ត។
ជនដៃដល់ឈ្មោះ រុំ សារិទ្ធ ភេទប្រុស អាយុប្រហាក់ប្រហែលគ្នា មានតួរនាទីជាអធិការរងស្រុកអូរជុំ ខេត្តរតនគិរី។
ប្រភពដដែលបានបង្ហើបទៀតថា ក្នុងហេតុការណ៍បង្កទំនាស់ពាក្យសម្តីរហូតឈានដល់ហិង្សាដោយចេតនានោះគឺផ្តើមចេញពីផឹកសុីជុំគ្នានៅផ្ទះមិត្តភក្តិនិយាយទាក់ទិនរឿងគុំនំយូរមកហើយនាំឱ្យមានកំហឹងជនដៃដល់បានយកកំប៉ុងស្រាបៀរមិនទាន់គាស់គប់ទៅលើជនរងគ្រោះមួយទំហឹង។
ហើយជនរងគ្រោះក៏ស្ទុះហក់ទៅបំណងតបតតែត្រូវជនដៃដល់ចាប់បានកូនកាំបិតស្ទុះចាក់ចំសៀតផ្កាបណ្តាលឱ្យបាក់ចុងជាប់កប់ក្នងសាច់ហើយដួលទៅនឹងដីបាត់មាត់បាត់ក រួចក៏ត្រូវគេជួយឃាត់ទាញចេញរាងៗខ្លួនទៅ និងបានបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ។
ប្រភពបង្ហើបបន្តទៀតថា ជនរងគ្រោះបានបញ្ជូនបន្តដល់ពេទ្យកាល់ម៉ែត្រហើយត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់រួចរាល់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ ហើយក៏កំពុងត្រូវបានជនដៃដល់សុំចរចាបញ្ចប់រឿងផងដែរតែរហូតមកដល់វេលានេះទំនងមិនទាន់ត្រូវគ្នានៅឡើយទេ។
មជ្ឈដ្ឋានជុំវិញនៅខេត្តរតនគិរីក៏កំពុងរង់ចាំតាមដានមើលថា តើប្រព័ន្ធច្បាប់ និងមេកើយថ្នាក់លើនៃក្រសួងមហាផ្ទៃមានចំណាត់ការបែបណាដែរចំពោះបុគ្គលដែលជាសមត្ថកិច្ច ហើយបែរជាបង្កហិង្សារយ៉ាងធ្ងន់ធ្ងរបែបនេះ៕
ដោយ ៖ ជីវ័ន្ត