ខេត្តប៉ៃលិន÷ នៅថ្ងៃព្រហស្បតិ៍ ១០ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចង្អុលដឹកនាំពីលោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បានដឹកនាំ យុវជន កក្រក អ្នកស្ម័គ្រចិត្ត កក្រក និងមានការចូលរួមពី លោក ញ៉ឹល សុគង់ អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ សមាជិក សមាជិកាគណៈកម្មាធិការអនុសាខាស្រុក សរុប ១៦ នាក់ ស្រី ៦នាក់ ចុះអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ផ្សារព្រំ ភូមិដីថ្មី ភូមអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងបងប្អូនអាជីវករលក់ដូរក្នុង ផ្សារព្រំថ្មី ដើម្បីឲ្យបានយល់ដឹងទូលំទូលាយ អំពីវិធានការការពារ និងថែរក្សាអនាម័យ ដោយលាងសម្អាត់ដៃជាមួយសាប៊ូ ឬអាល់កុល ជែល ពេលធ្វើដំណើរទៅទីជិតទីឆ្ងាយសូមពាក់ម៉ាស់ឱ្យបានជាប់ជាប្រចំា ជៀសវាងការជួបជុំដែលមានមនុស្សច្រើន រក្សាគម្លាតឱ្យបានមួយម៉ែត្រកន្លះពីគ្នាយ៉ាងតិចបំផុត ដោយឡែកបងប្អូន ចំណូលថ្មី ត្រូវរស់នៅដាច់ដោយលែករយ:ពេល ១៤ថ្ងៃ ។
ជាពិសេសទៅទៀតត្រូវអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងចូលក្នុងសហគមន៍របស់បងប្អូន៕
ដោយ៖ ស សារ៉េត