ពិធីបុណ្យគ្រិះស្មាស់ឆ្នាំ២០២០ នៅសៀមរាប មានសភាពស្ងប់ស្ងាត់ ដោយសារបញ្ហាជំងឺកូវីដ-១៩ !

ចែករំលែក៖

ខេត្តសៀមរាប៖ ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ បណ្ដាលម្ចាស់សណ្ឋាគារធំៗ និងផ្ទះសំណាក់ ក៏ដូចជាបណ្ដាក្រុមហ៊ុនទេសចរណ៍នានា នៅខេត្ដសៀមរាប មិនមានការរៀបចំតាំងភ្លើងពណ៌ដាក់តាំងរូបភាពតាណូអែលលំអរ ដើម្បីអបអរពិធីបុណ្យគ្រិះស្មាស់អោយបានអធិកអធម ដូចឆ្នាំមុនៗនោះទេ ដែលធ្វើអោយខេត្ដទេសចរណ៍ដ៏ល្បីនេះមានសភាពស្ងប់ស្ងាត់។
លោក ឆាយ សីលា អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារផ្កាយ៥សុខាល័យអង្គរ ខេត្ដសៀមរាប បានអោយដឹង នៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះថា ជារៀងរាល់ឆ្នាំនៅខេត្ដនេះ ជាពិសេសសណ្ឋាគាររបស់លោកតែងតែរៀបចំរូបសំណាកលោកតាណូអែល ការរៀបចំភ្លើងពណ៌យ៉ាងស្រស់ស្អាត ដាក់តាំងនៅខាងមុខសណ្ឋាគារ ដើម្បីអបអរពិធីបុណ្យគ្រិះស្មាស់ ដើម្បីអោយទទួលភ្ញៀវជាតិ និងអន្ដរជាតិដែលមទស្សនាកំសាន្ដនៅខេត្ដនេះ ជាពិសេសប្រាង្គប្រាសាអង្គរវត្ដមានការចាប់អារម្មណ៍ និងកំសាន្ដសប្បាយក្នុងពិធីប្រចាំឆ្នាំនោះ។ លោកថា ប៉ុន្ដែសម្រាប់ឆ្នាំ២០២០នេះ ពិធីបុណ្យពិភពលោកមួយ នេះមិនត្រូវបានរៀបចំដូចឆ្នាំមុនៗនោះទេ ដោយសារបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩។លោកបន្ដថា នៅពេលមានការរៀបចំស្អាតដោយភ្លើងពណ៌ក៏ដូចជាមានការតុចតែរូបតាណូអែលនោះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ខ្លះ ពួកគាត់បានទៅទស្សនា និងជួបជុំគ្នាថតរូប ដែលបណ្ដាលអោយលោកបារម្ភខ្លាចឆ្លងជំងឺនោះ។ ប៉ុន្ដែជាយ៉ាងនេះក្ដី លោកឆាយ សីលា បានអះអាងថា បើទោះបីមិនមានការរៀបចំពិធីបុណ្យគ្រិះស្មាសនេះក៏ដោយ សណ្ឋាគារខ្នាតផ្កាយ៥ របស់លោកនៅតែបន្តទទួលភ្ញៀវទេសចរណ៍ដដែល ហើយបន្ទប់ស្នាក់នៅមានការបញ្ចុះតម្លៃថែមទៀតផង។ លោកអំពាវដល់ភ្ញៀវទេសចរក្នុងស្រុកមកទស្សនាខេត្ដសៀមរាប ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋាននេះ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប មានប្រសាសន៍ថា ពិធីបុណ្យគ្រិះស្មាស់ឆ្នាំនេះ មិនមានការរៀបចំដូចឆ្នាំមុននោះទេ ដោយសារបញ្ហាកូវីដ-១៩ផង និងដោយសារផ្លូវនៅខាងមុខសណ្ឋាគារមួយចំនួនមានស្ថានភាពមិនល្អ ខណៈដែលកំពុងកែលំអរ។ លោកបានបន្ដថា ទោះបីគ្មានការតុបតែងលំអរអបអរពិធីបុណ្យគ្រិះស្មាស់ក៏ដោយ ប៉ុន្ដែលោកអោយភ្ញៀវទេសចរណ៍ មកទស្សនាខេត្ដសៀមរាប នៅពេលឆ្លងឆ្នាំសកល។ ប៉ុន្ដែស្នើកុំអោយជួបជុំគ្នាច្រើន ហើយត្រូវមានវិធានការការពារកូវីដ-១៩ អោយបានជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
សូមជម្រាបថា ក្នុងអំឡុងថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០១៩ ឆ្លងចូលឆ្នាំ២០២០កន្លងមក ខេត្ដសៀមរាប មានភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនារមណីយដ្ឋានផ្សេងៗក្នុងខេត្តទេសចរណ៍នេះ ក្នុងថ្ងៃឆ្លងឆ្នាំសាកល មានប្រមាណពជា ២៩៦,៣២២នាក់ ដែលមានការកើនឡើង៤.៣៣% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ មានតែចំនួន ២៨៤,០៣១នាក់។ របាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តសៀមរាបដដែល បានបង្ហាញថា ក្នុងចំណោមភ្ញៀវជិត៣០ម៉ឺននាក់ នោះគឺមានភ្ញៀងទេសចរអន្តរជាតិចំនួន ២៦,៣២២នាក់ មានការថយចុះ២២.៦៥% បើប្របៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ និងភ្ញៀវជាតិមានចំនួនប្រមាណជា ២៧ម៉ឺននាក់ គឺមានការកើនឡើងប្រមាណ៨% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
សូមជម្រាបជូនថា, កាលពីថ្ងៃទី២៥ ម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឡានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋយ៉ាងដូច្នេះថា, សូមថែរក្សាសុវត្ថិភាពសុខភាពក្នុងថ្ងៃបុណ្យគ្រីស្ទម៉ាស( Christmas) ។ សម្ដេចបានបានថ្លែងលើកឡើងថា, ថ្ងៃទី២៥ ខែធ្នូ នេះជាថ្ងៃបុណ្យគ្រីស្ទម៉ាស(Christmas) ដែលជាបុណ្យដ៏សំខាន់របស់បងប្អូនអ្នកគ្រីស្ទបរិស័ទ (Christian)។ ដោយសារប្រទេសយើងកំពុងតែស្ថិតក្នុងការប្រុងប្រយ័ត្នប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដូច្នេះហើយបងប្អូនគ្រីស្ទបរិស័ទយើងមិនបានប្រារព្ធពិធីនេះឲ្យបានអធិកអធ័មនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់។

សូមជូនពរបងប្អូនគ្រីស្ទបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ ១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជឹល ទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាព ហើយចំពោះបងប្អូនកូនក្មួយដែលកំពុងធ្វើចត្តាឡីស័ក សូមអនុវត្តអោយបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

...

ដោយ៖ សិលា+ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print