ភ្នំពេញ, ប្រជាពលរដ្ឋរស់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរាយការណ៍មកថា, មានបុគ្គលឈ្មោះ លឹម វុទ្ធី បានប្រើប្រាស់ម៉ាស៊ីនសាឡង់ បូមខ្សាច់ និងបូមដី ពីផ្ទៃទន្លេ យកមកដាក់នៅខាងក្រោយដីរបស់ខ្លួន ក្នុងគោលបំណងរំលោភយកច្រាំងទន្លេ ដែលមកទល់បច្ចុប្បន្ននេះ កាបូបរំលោភយក បើគិតពីក្រោយកន្ទុយដីរបស់គាត់ ចូលមកដល់ច្រាំងទន្លេ អាចរំលោកយកជិត ៤០ម៉ែត្រទៅហើយ។
នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២០ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ជុំវិញបញ្ហាខាងលើនេះ ស្រាប់តែលោក លឹម វុទ្ធី និងភរិយា បានផ្អាកធ្វើសកម្មភាព ក្នុងការបូមខ្សាច់ បូមដី រួចបើករថយន្តចេញពីទីតាំងនោះ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា, ជាគោលការណ៍របស់សាលារាជធានីភ្នំពេញ បានធ្វើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍នៅតំបន់នោះ តាមរយៈសំណើរបស់លោក លឹម វុទ្ធី តំណាងឲ្យប្រជាពលរដ្ឋចំនួន ១៣៩គ្រួសារ។ ប៉ុន្តែមិនទាន់បានធ្វើផ្លូវផង បែរជាបុគ្គលខាងលើនេះ ព្យាយាមរំលោភយកច្រាំងទន្លេស្ងាត់ៗតែម្តង។
បើយោងតាមរដ្ឋបាលសាលារាជធានីភ្នំពេញ បានជម្រាបមកលោក លឹម វុទ្ធី (តំណាងប្រជាពលរដ្ឋ១៣៩គ្រួសារ ) មានអាសយដ្ឋាន ភូមិក្បាលជ្រោយ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លើ
កម្មវត្ថុស្តីពីសំណើសុំស្ថាបនាផ្លូវបេតុងទំហំ៨ម៉ែត្រ មួយខ្សែភ្ជាប់ពីភូមិក្បាលជ្រោយ និងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ និងយោង ៖ -ពាក្យស្នើសុំ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ របស់លោក លឹម វុទ្ធី (តំណាងប្រជាពលរដ្ឋ) ១៣៩គ្រួសារ។
-ចំណាររបស់លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញចុះថ្ងៃទី២០ ខែកក្កដា
ឆ្នាំ២០២០។
តបតាមកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលរាជធានីសូមជម្រាប លោក លឹម វុទ្ធី (តំណាងប្រជាពលរដ្ឋ ១៣៩គ្រួសារ )ជ្រាបថា, ចំពោះសំណើសុំស្ថាបនាផ្លូវបេតុងទំហំ៨ម៉ែត្រ មួយខ្សែភ្ជាប់ពីភូមិក្បាលជ្រោយ និងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនោះ រដ្ឋបាលរាជធានី ភ្នំពេញ អនុញ្ញាតជូនតាមសំណើ ប៉ុន្តែត្រូវអនុវត្តន៍តាមនីតិវិធី និងបទដ្ឋានបច្ចេកទេស របស់មន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សូមលោក ជ្រាប និងអនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាព។
ការពិតមិនទាន់នឹងធ្វើការស្ថាបនាផ្លូវ តាមសំណើនេះផង បែរជាលោក លឹម វុទ្ធី បានលួចបូមខ្សាច់ បូមដី យកមកចាក់នៅទីតាំងខាងក្រោយកន្ទុយដីរបស់ខ្លួន ក្នុងចេតនារំលោភយកច្រាំងទន្លេ ដែលមានជម្រៅជាង ៤០ម៉ែត្រទៅហើយចូលទៅក្នុងទន្លេ។
ពាក់ព័ន្ធក្នុងករណីនេះ អង្គភាព នគរដ្រេហ្គន មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ពីលោក លឹម វុទ្ធី នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ខណៈគ្មានលេខទូរស័ព្ទ។ ប៉ុន្តែអ្នកសារពត៌មាន បានទៅជួបដល់កន្លែងកំពុងបូមខ្សាច់ ព្យាយាមសួរនាំក្នុងករណីនេះ តែលោក លឹម វុទ្ធី និងភរិយា បានព្យាយាមបើករថយន្តគេចចេញពីកន្លែងនោះភ្លាមៗតែម្តង។
លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានប្រាប់អង្គភាព នគរដ្រេហ្គន តាមទូរស័ព្ទ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ថា, បើតាមខ្ញុំដឹង នៅតំបន់នោះ គឺមានគម្រោងស្ថាបនាផ្លូវដែលមានទទឹង 8 ម៉ែត្រ ក្នុងភូមិក្បាលជ្រោយ និងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ។ លោកបន្តថា, ករណីធ្វើផ្លូវនេះ ក៏ត្រូវមានវិធានការចាក់ដី គ្រួស ដើម្បីទប់តាមជ្រាំងទន្លេផងដែរ។ ប៉ុន្តែក្នុងករណីបើមានបុគ្គលណា បូមខ្សាច់ បូមដី ចាក់រំលោភយកច្រាំងទន្លេនោះ គឺជាអំពើខុសច្បាប់។ លោកអភិបាលបានបញ្ជាក់ថា, ក្នុងនាមខ្ញុំជាអាជ្ញាធរ ត្រូវគោរពតាមស្មារតី ការអនុញ្ញាតរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ដែលបានកំណត់រួចជាស្រេច អ្វីដែលធ្វើផ្ទុយពីរដ្ឋបាលរាជធានីភ្នំពេញ គឺអាជ្ញាធរខណ្ឌនឹងមានចំណាត់ការទៅតាមនីតិវិធី៕
ដោយ, ស រស្មី