ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍ថា, ក្នុងឱកាសខួបទី ៨ ឆ្នាំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ខ្ញុំសូមសម្ដែងនូវការអរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់សមាជិកសមាជិកាទាំងអស់នៃសមាគមដែលបានធ្វើឲ្យសមាគមអាចសម្រេចភារកិច្ចដ៏ត្រចះត្រចង់ជាច្រើននៅក្នុងបុព្វហេតុមនុស្សធម៌ ព្រោះថាជោគជ័យរបស់សមាគមក្នុង៨ឆ្នាំនេះមិនអាចសម្រេចបានបើគ្មានការចូលរួមគាំយ៉ាងសកម្មរបស់សមាជិកសមាជិកាសមាគមទាំងអស់ទេ។
លោកបានថ្លែងទៀតថា ខ្ញុំសូមអរគុណចំពោះបណ្ដាស្ថាប័ន អង្គការ សមាគមជាដៃគូទាំងអស់របស់ TYDA ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសមាគមយើង ដែលជួយបង្កលក្ខណៈឱ្យសកម្មភាពមនុស្សធម៌របស់សមាគមបានប្រព្រឹត្តទៅដោយប្រសិទ្ធភាព។
ខ្ញុំក៏សូមអរគុណផងដែរចំពោះបណ្ដាសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រដល់សមាគម ដែលបង្កលក្ខណៈឱ្យសមាគមយើងមានលទ្ធភាពបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនបានទូលំទូលាយក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ៕
ដោយ៖ សិលា