ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌឫស្សីកែវ សំណូមពរ ឲ្យអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ជួយលុបបំបាត់ឲ្យអស់ ការ ប្រើប្រាស់គ្រឿងញៀន ក្មេងទំនើងនៅមូលដ្ឋាន របស់ខ្លួននិងជួយកសាងប្រព័ន្ធលូ ប្រឡាយ ផ្លូវ បញ្ហាការកកស្ទះចរាចរណ៍ ពន្លឿនការធ្វើសំបុត្រស្នាមផ្សេងៗ ពិសេសការធ្វើអត្ដសញ្ញាណប័ណ្ណ សំបុត្រកំណើតជាដើម ដោយតម្រូវមិនឲ្យពួកគាតបងថវិកា ។
នេះបើតាមការលើកឡើងជាសំណូមពរ របស់លោកស្រី រាជ ថាវឿន តំណាងឲ្យ ប្រជាពលរដ្ឋនៅសង្កាត់ទួលសង្កែទី១ នៅក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ ឆ្នាំ២០២០ នៅសាលាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីលោកស្រី កែវ សុខពិសី អភិបាលរងរាជធានី និងលោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ ។
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលសាលារាជធានីភ្នំពេញ បានទទួលនូវ សំណើ សំណួរ និងសំណូមពរផ្ទាល់មាត់ និងលាយលក្ខណ៍អក្សររបស់ប្រជាពលរដ្ឋជាច្រើន ដែលពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍមូលដ្ឋាន នៅ តាមបណ្តាសង្កាត់ក្នុងខណ្ឌឫស្សីកែវ ជាច្រើនមកនេះ គឺជាមូលដ្ឋាន គ្រឹះ ដែលអាចយកជាការបាន នូវ ផែនការគម្រោងមេ ដើម្បីកសាងឯកសារគ្រឹះ សម្រាប់យកទៅដាក់នៅថ្នាក់ថាតិ និងថ្នាក់ក្រោមជាតិ ។
លោកបន្ដថា ជាមួយនោះដែរ ដើម្បីជាការឆ្លើយតប រដ្ឋបាលសាលារាជធានីភ្នំពេញ និងមន្ទីរ អង្គភាពជុំវិញរាជធានីភ្នំពេញ បានខិតខំអនុវត្ត ដោះ ស្រាយនូវរាល់បញ្ហា តាមសំណើ និងសំណូមពរ របស់ប្រជាពលរដ្ឋ ទាំងផ្ទាល់មាត់ និងលាយលក្ខណ៍អក្សរ តាមស្ថានភាព និងលទ្ធភាពជាក់ស្តែង ហើយបាន ដោះ ស្រាយ រួចចំនួន១១៦បញ្ហាហើយដែរ និងបាន
ដាក់ចូលកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរួចចំនួន ០៣បញ្ហា ហើយដែរ និងនៅសល់បញ្ហាបន្ដិចបន្ដួចមិនទាន់បានដោះស្រាយជួននោះ ។
លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះសំណើ និងសំណូមពរដែលបានអនុវត្ត ដូចជា៖ ការ ស្ថាបនាផ្លូវ លូ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយសារការងារទាំងនោះ ស្ថិតនៅក្នុង គម្រោងផែនការឆ្នាំ និងជាសកម្មភាពកំពុងអនុវត្ត ជាប្រចាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ, អង្គភាពជុំវិញរាជធានីភ្នំពេញ។
ចំពោះសំណើ និងសំណូមពរ ដែលមិន ទាន់បាន ដោះស្រាយដូចជា ការដោះស្រាយបញ្ហាទាក់ទងទៅនឹង ទឹក ភ្លើង បញ្ហាដីធ្លីការ ស្ថាបនាផ្លូវ លូ ស្ពាននៅតាមសង្កាត់នានា គឺដោយសារ បញ្ហាជំងឺ(COVID -១៩) ដែលជាបញ្ហាសកល បានកើតឡើងពាសពេញពិភពលោក។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាយើង ក៏ទទួលរងនូវផលប៉ះពាល់ពីបញ្ហា (COVID-១៩) នេះដែរ ដែលធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិ ដូចបណ្តា ប្រទេសនានា លើភិភពលោកដែរ។ ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ ក៏មានផលប៉ះពាល់ លើបញ្ហាថវិកា ហិរញ្ញវត្ថុ ដែលចាំបាច់ត្រូវសន្សំសំចៃក្នុងកម្រិតខ្ពស់ ដើម្បីជួយដោះ ស្រាយបញ្ហាចាំបាច់ចំពោះមុខ ជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កសិករ អាជីវករ ដែលបាន ទទួលរងនូវផលប៉ះពាល់ពីCOVID- ១៩នេះ ប្រសិនបើបញ្ហានេះ នៅតែបន្តអូសបន្លាយមិនទាន់ដឹងពេលកំណត់ ។
លោកស្រីបានបន្ដថា ទោះជាយ៉ាងនេះក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងតែខិតខំទទួលយកសំណូមពរបងប្អូន មកដោះស្រាយជូនបានទាំងនោះ ដោយសហការជាមួយក្រសួង មន្ទីរ និងឬស្ថាប័ន នៃរាជរដ្ឋាភិបាល ដើម្បីដាក់បញ្ចូលទៅក្នុង ផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់។
លោកស្រីបន្ដថា បញ្ហាមួយចំនួនទៀត ដែលមានគម្រោង និងថវិកា រួចហើយ មិនទាន់បានអនុវត្តនោះ នឹងត្រូវចាប់ផ្តើមអនុវត្តបន្ទាប់ពស្ថានភាពCOVID-១៩ ស្ងប់ស្ងាត់ទៅ ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យមានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ៕
ដោយ៖ សំរិត