សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំនៃនយោបាយឈ្នះ=ឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសមួយចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។ សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរក្រសួងសុខាភិបាល មន្រ្តីពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលចូលរួមទប់ស្កាត់កូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងអំណរគុណដល់ដៃគូ អង្គការសុខភាពពិភពលោក ដែលចូលរួមចំណែកក្នុងការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ តាំងពីថ្ងៃទី២០ ខែធ្នូ រហូតមកដល់ពេលនេះ មិនទាន់មានពលករខ្មែរ ដែលនាំជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើង នៅប្រទេសថៃ ចូលមកកម្ពុជានោះទេ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ បន្តរស់នៅក្នុងប្រទេសថៃបន្តទៀត ចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ។ សម្តេចតេជោ បន្តថា ឆ្លងកាត់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា យើងបានកំពុងប្រយុទ្ធនឹងសមរភូមិ៣ រួមមានទី១៖ គឺការនាំចូល, ទី២៖ គឺការឆ្លងក្នុងសហគមន៍ដែលទើបនឹងឆ្លងកាលពីថ្ងៃទី២៨វិច្ឆិកា និង ទី៣៖ គឺការព្យាបាលឱ្យជាសះស្បើយ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកថា កាលមុនកម្ពុជាជាប់លេខ១នៅអាស៊ី និងលេខ៣ នៅលើពិភពលោក ក្នុងការទប់ស្កាត់កូវីដ១៩ ប៉ុន្តែពេលនេះកម្ពុជាជាប់លេខ១លើពិភពលោក ក្នុងការទប់ស្កាត់កូវីដ១៩។ ទោះជាទទួលបានចំណាត់ថ្នាក់ល្អ ប៉ុន្តែយើងមិនត្រូវត្រេកអរទេ ដោយសារតែបញ្ហាកូវីដ១៩ នៅលើពិភពលោក មិនទាន់បិទបញ្ចប់ទេ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅឆ្នាំ២០២០ នឹងបញ្ចូលក្របខណ្ឌគ្រូពេទ្យ២ពាន់នាក់សិន ហើយឆ្នាំ២០២១ នឹងបញ្ចូល៣ពាន់នាក់ទៀត ប៉ុន្តែបើខ្វះត្រូវបញ្ចូលថែមទៀត។ ទាក់ទងទៅនឹងវិស័យអប់រំ សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកបវេសនកាល ហើយសាលារៀនឯកជនអាចចាប់ផ្ដើមពីពេលនេះតទៅបានហើយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការជួបជុំណាមួយដែលមិនចាំបាច់ មិនបាច់ជួបជុំទេ ដូចជាការប្រជុំរបស់រដ្ឋ អាចបន្តធ្វើតាមអនឡាញបាន ។ សម្តេចតេជោ ជំរុញឱ្យម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងមណ្ឌលសេវាកម្មទេសចរណ៍ រៀបចំវិធានការដើម្បីទប់ស្កាត់កូវីដ១៩ ហើយផ្តល់សិទ្ធិឱ្យអាជ្ញាធរចុះបិទតែម្តង បើសិនមិនអនុវត្តវិធានការសុវត្ថិភាព។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការឆ្លងជាសហគមន៍ជាថ្មីម្តងទៀត ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។

សម្តេចតេជោ ហ៊ុន សែន ប្រកាសដំណឹងល្អរបស់កម្ពុជា គឺថ្ងៃនេះដំណក់ប្រេងលើកដំបូងរបស់ខ្មែរ ត្រូវបានចាប់ផ្តើមហើយ។ បើគ្មានសន្តិភាព គឺគ្មានទេនូវអ្វីៗដូចសព្វថ្ងៃនេះរួមទាំងដំណក់ប្រេងលើកដំបូងផងដែរ ។ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា តំបន់ប្រេងនៅក្នុងសមុទ្ររបស់កម្ពុជា មិនមានការត្រួតស៊ីគ្នាជាមួយថៃទេ។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ជាពរជ័យជូនចំពោះប្រជាជាតិកម្ពុជា។ លុយដែលបានមក នឹងប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺអប់រំ និងសុខាភិបាល។

សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកជាថ្មីអំពីការយកជីវិតទៅប្តូរ កាលពី២ទសវត្សមុន ដើម្បីយកសន្តិភាពមកជូនប្រជាពលរដ្ឋខ្មែរ
សង្គ្រាមកម្ពុជា ដែលកើតឡើងតាំងពីឆ្នាំ១៩៧០ ត្រូវបានបញ្ចប់ជាស្ថាពរ ក្រោមនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨ ។ ការបញ្ចប់សង្គ្រាមជាស្ថាពរនៅកម្ពុជា ត្រូវបានរាប់ចាត់តាំងពីថ្ងៃដែលមេដឹកនាំកំពូលរបស់ខ្មែរក្រហម មកចចារជាមួយសម្ដេចដល់ផ្ទះ ។ នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបន្តឧបត្ថម្ភដល់កម្មករនិយោជិត ដែលបាត់បង់ការងារធ្វើអំឡុងពេលកូវីដ១៩ រយៈពេល៣ខែទៀត ដោយរដ្ឋាភិបាលជួយ ៣០ដុល្លារ ហើយថៅកែរោងចក្រចេញ៣០ដុល្លារក្នុងម្នាក់ៗក្នុង១ខែៗ។

សម្តេចតេជោបន្តទៀតថា កម្ពុជាកំពុងត្រៀមជំនួយម៉ាស និងបរិក្ខាពេទ្យប្រឆាំងកូវីដ១៩ ដល់ប្រទេសនេប៉ាល់ ដែលជាប្រទេសលំបាក។

សម្តេចតេជោ ប្រកាសថា គិតត្រឹមម៉ោង២រសៀល ម្សិលមិញ រាជរដ្ឋាភិបាលបានទទួលថវិកា លុយដុល្លារ ៥៣ ៦៧៩ ៧១៤ដុល្លារ និងប្រាក់រៀល ៩ ៩៣៥ ៤៨៨ ៥០០រៀល ពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ។ សម្តេចតេជោបាន អរព្រះគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានចូលរួមប្រទានថវិកា ដើម្បីទិញវ៉ាក់សាំង ព្រមទាំងអរគុណដល់សប្បុរសជននានាដែលបានចូលរួមផងដែរ។ សម្តេចបន្តថា ច្រកទ្វារសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ យកមកកម្ពុជា មាន៣ច្រក ក្នុងនោះមានតាមរយៈខូវ៉ាក់ ច្រកទី២ តាមរយៈទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងច្រកទី៣ តាមរយៈការចរចាជាមួយក្រុមហ៊ុនផ្ទាល់តែម្តង។ កម្ពុជាត្រូវរង់ចាំរហូតមានការទទួលស្គាល់ជាក់លាក់ដោយ អង្គការសុខភាពពិភពលោក ទើបអាចបញ្ជាទិញវ៉ាក់សាំងបាន ព្រោះយើងមិនអាចយកប្រជាជនកម្ពុជាទៅពិសោធន៍វ៉ាក់សាំងនោះទេ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print