រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានដឹកនាំប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងយុតិ្តធម៌ ចូលរួមកិច្ចប្រជុំជាមួយលោកបណ្ឌិត ឱម យ៉ិនទៀង ដើម្បីពិភាក្សាលើការគ្រប់គ្រង ចាត់ចែង និងការរឹបអូសផលនៃបទល្មើស

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នាអង្គភាពប្រឆាំងអំពើពុករលួយ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានដឹកនាំប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងយុតិ្តធម៌ ចូលរួមកិច្ចប្រជុំជាមួយលោកកិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងសហការី ដើម្បីពិភាក្សាលើការគ្រប់គ្រង ចាត់ចែង និងការរឹបអូសផលនៃបទល្មើស។
សូមជម្រាបជូនថា នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរបានពិភាក្សាអំពីក្របខណ្ឌច្បាប់ជាធរមាន ការអនុវត្តជាក់ស្តែង បញ្ហាប្រឈមនានា និងវឌ្ឍនភាពសំខាន់ៗ ដែលស្ថាប័នទាំងពីរសម្រេចបានលើការងារគ្រប់គ្រង ចាត់ចែងវត្ថុតាង និងផលនៃបទល្មើស។ ទន្ទឹមនេះ ភាគីទាំងពីរក៏បានលើកទ្បើងអំពីសារៈសំខាន់នៃការកសាងក្របខណ្ឌច្បាប់បន្ថែមទៀត ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងការពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធនឹងការគ្រប់គ្រង ការចាត់ចែងវត្ថុចាប់យក និងផលនៃបទល្មើស ដើម្បីបំពេញនូវកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជា ក្នុងនាមជាសមាជិកនៃអនុសញ្ញា UNCAC ក៏ដូចជាដោះស្រាយបាននូវបញ្ហាប្រឈមជាក់ស្តែងមួយចំនួន។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើយន្តការទំនាក់ទំនង និងសម្របសម្រួលការងារ តាមរយៈការចាត់តាំងឱ្យមានជនបង្គោល ក្នុងការបំពេញការងារខាងលើនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកកិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពរបស់ក្រសួងយុតិ្តធម៌ ក្រោមការដឹកនាំរបស់លោក កើត រិទ្ធ ជាពិសេសការអនុវត្តដោយជោគជ័យនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ដែលសមិទ្ធផលនេះបានចូលរួមចំណែកលើកកម្ពស់វិស័យយុតិ្តធម៌ ក៏ដូចជាបម្រើដល់ប្រយោជន៍របស់ប្រជាពលរដ្ឋផងដែរ។

លោក កើត រិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលវិចារណ៍ដ៏ថ្លៃថ្លារបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហើយឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផលដំបូងរបស់ក្រសួងយុតិ្តធម៌ដែលសម្រេចបាននេះ ក៏ដោយសារមានការចូលរួមចំណែកពីថ្នាក់ដឹកនាំក្រសួង មន្រី្តរាជការ និងស្ថាប័នតុលាការ ក៏ដូចជាការគំាទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គភាពប្រឆំាងអំពើពុករលួយ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print